ក្រៅពីការអានសៀវភៅនិងមើលវីដេអូបទបង្ហាញអំពីអក្សរ ខ្ញុំក៏ស្ដាប់ការជជែកជាសំឡេង ដែលរៀបចំដោយអ្នករចនាពុម្ពអក្សរនិងក្រាហ្វិក។ ខ្ញុំសំដៅលើខ្លឹមសារជាបែបផតខាសត៍។
ខ្ញុំតែងស្ដាប់ផតខាសត៍ទាំងនេះ នៅពេលពេលធ្វើដំណើរតាមផ្លូវ ឬនៅពេលធ្វើការងារណាដែលមិនត្រូវការការគិតច្រើន ព្រោះថាបើរវល់តែគិត នោះមុខតែគេនិយាយតែគេ ខ្ញុំធ្វើតែខ្ញុំហើយ!
ខ្ញុំក៏មានស្ដាប់ផតខាសត៍ផ្សេងៗទៀតដែរ ប៉ុន្តែបើនៅក្នុងជំនាញខ្ញុំសព្វថ្ងៃខាងរចនាអក្សរ មានផតខាសត៍ចំនួនពីរ ដែលខ្លឹមសារល្អ មានការជជែកវែកញែកផ្សេងៗ ដែលយើងអាចទទួលប្រយោជន៍ពីនោះមកបាន។
The Weekly Typographic Podcast
https://www.theleagueofmoveabletype.com/podcast
ក្រៅពីការផ្សព្វផ្សាយខ្លឹមសារមេរៀនអំពីអក្សរ និងការចែករំលែកពុម្ពអក្សរ open-source ជាងដប់ឆ្នាំមកនេះ The League of Movable Type ក៏មានរៀបចំជាផតខាសត៍មួយ ដែលផ្សាយជារៀងរាល់សប្ដាហ៍។
នៅក្នុងនេះ Micah Rich និង Olivia Kane លើកឡើងអំពីបច្ចុប្បន្នភាពនៅក្នុងវិស័យរចនាអក្សរ ការប្រើប្រាស់អក្សរ និងទស្សនាទានផ្សេងៗ រួមទាំងបទពិសោធន៍នានាដែលពួកគេបានឆ្លងកាត់នៅក្នុងការងារនាពេលកន្លងមក។
រឿងមួយដែលខ្ញុំចូលចិត្តពី The League of Moveable Type ក្រៅពីផតខាសត៍នេះ គឺពួកគេក៏មានរៀបចំជាវគ្គសិក្សាខ្លីៗអំពីការគូរអក្សរនិងសិល្បៈអក្សរ ដែលយើងអាចចុះឈ្មោះរៀនបានតាមអនឡាញ ក៏ប៉ុន្តែអាចនឹងលំបាកសម្រាប់អ្នករៀនពីស្រុកខ្មែរទៅ ព្រោះខុសល្វែងម៉ោងគ្នា។
ម្យ៉ាងវិញទៀត ពួកគេក៏មានការចែករំលែកព្រឹត្តិបត្រប្រចាំសប្ដាហ៍ (weekly newsletter) ដោយសង្ខេបនូវព័ត៌មាននិងអត្ថបទផ្សេងៗពីជុំវិញវិស័យមួយនេះ។ យើងក៏អាចបង់ប្រាក់ចូលជាសមាជិក ដើម្បីគាំទ្រដល់ផតខាសត៍នេះ ហើយទទួលបានផលប្រយោជន៍ផ្សេងៗពីពួកគេ។
The Interrogang Podcast
https://proofco.xyz/the-interrogang-podcast
ផតខាសត៍នេះ ក៏ផ្សាយជាប្រចាំសប្ដាហ៍ដែរ ប៉ុន្តែអ្វីដែលខុសប្លែក គឺពួកគេតែងតែចាប់ផ្ដើមដោយលើកឡើងអំពីការចេញផ្សាយពុម្ពអក្សរថ្មីៗ និងការយល់ឃើញរបស់ពួកគេលើពុម្ពអក្សរទាំងនោះ។
Joshua Dick និង Kyle Read ជជែកគ្នាតាមរបៀបសប្បាយៗ ហើយពេលខ្លះសួរគ្នាទៅវិញទៅមកនូវសំណួរគួរឱ្យចាប់អារម្មណ៍ និងត្រូវការការគិតឱ្យស៊ីជំរៅ ទើបអាចឆ្លើយបាន។ ពួកគេតែងតែផ្សារភ្ជាប់រវាង ការងាររចនាអក្សរ ការប្រើប្រាស់អក្សរ និងការរចនាក្រាហ្វិក ដែលធ្វើឱ្យខ្លឹមសាររបស់ផតខាសត៍នេះ ទទួលយកបានពីអ្នកស្ដាប់ភាគច្រើន។
Proof&Co មិនត្រឹមតែធ្វើផតខាសត៍ប៉ុណ្ណោះទេ ពួកគេក៏មានចងក្រងជារបាយការណ៍ប្រចាំឆ្នាំ ស្ដីអំពីបម្រែបម្រួលនៅក្នុងវិស័យអក្សរ ដែលផ្ដល់ជាទស្សនាទានថ្មីៗសម្រាប់អ្នកចាប់អារម្មណ៍វិស័យមួយនេះ។
Leave a Reply