ខ្ញុំធ្លាប់ឮនិងឆ្លងកាត់បទពិសោធន៍ស្វែងរកអ្វីដែលខ្លួនឯងស្រលាញ់។ ខ្ញុំក៏មិនប្រាកដថា ខ្ញុំរកវាបានហើយឬអត់ដែរ? ពីព្រោះអ្វីដែលខ្ញុំកំពុងធ្វើនៅថ្ងៃនេះ មិនប្រាកដថាស្អែកឡើងខ្ញុំនៅតែចូលចិត្តឯណា?
ខ្ញុំតែងប្រាប់មនុស្សជុំវិញខ្ញុំថា បើមិនដឹងក្រោកឡើងត្រូវធ្វើអ្វីទេ នោះហើយគឺជាអ្វីដែលយើងត្រូវធ្វើ គឺយើងត្រូវក្រោកឡើងដើម្បីរកអ្វីៗមកធ្វើ។ យើងគ្រាន់តែផ្លាស់ប្ដូរការគិតរបស់យើងបន្តិច។
ពីព្រោះថាក្នុងជីវិតមួយនេះ មិនមែនគ្រប់យ៉ាងសុទ្ធតែរត់មករកយើងទេ កាលបើយើងមិនធ្វើអ្វីឱ្យវាកើតឡើងទេ។ ការដឹង ដែលល្អបំផុត គឺការដឹងថាយើងមិនដឹងអ្វីទាំងអស់។ នេះជាពាក្យរបស់ សូក្រាត។
គិតទៅ ការដែលដែលយើងគិតថាខ្លួនឯងដឹងអស់ហើយ ចេះអស់ហើយ ជារឿងដែលហាក់គ្មានន័យសម្រាប់ជីវិតមួយនេះ។ គឺ ការមិនដឹង ទេតើហ៍ ដែលជាកត្តាមួយជួយឱ្យជីវិតយើងឆ្លងកាត់នូវបទពិសោធន៍ដ៏ល្អៗ និងចំណេះដឹងថ្មីៗជានិច្ច។
ការមានគោលដៅមហិមា មិនមែនជារឿងខុសទេ ហើយបើយើងមិនអាចទៅដល់គោលដៅនោះ ក៏រឹតតែមិនមែនជាកំហុសយើងទាំងស្រុងដែរ។
ប្រៀបដូចពាងមួយ ដែលមានទឹកកន្លះ ហើយយកគម្របមកបិទជិត។ ទោះភ្លៀងប្រាំយប់ប្រាំថ្ងៃ ក៏មិនអាចបំពេញទឹកក្នុងពាងនោះដែរ។ បើយើងជាពាងនោះ ចូរសាកទម្លាក់គម្របចេញ ពេលនោះហើយយើងនឹងទទួលបានទឹកភ្លៀងថ្មីៗ។ ឱ្យវាហូរហៀរទៅចុះ ឬឱ្យវាហួតទៅចុះ ក៏ល្អជាងទឹកដែលនៅតែកន្លះពាង មិនស្គាល់ពន្លឺថ្ងៃ។
សុភាសិតខ្មែរ «ផ្លូវវៀចកុំបោះបង់ ផ្លូវត្រង់កុំដើរហោង» ក៏ជាគោលការណ៍ជីវិតមួយដែលខ្ញុំបានឆ្លងកាត់ខ្លួនឯង។ មនុស្សម្នាក់ៗតែងមានគោលដៅរៀងៗខ្លួន ប៉ុន្តែដំណើរទៅកាន់ទីនោះ វាមិនងាយដូចការដែលយើងគ្រោងទុកឡើយ។ ពេលខ្លះយើងត្រូវទៅធ្វើរឿងផ្សេងមួយដោយឡែក ដោយមិនរំពឹងទុក ពីមួយទៅមួយ មុននឹងឈានទៅជិតគោលដៅនោះ។ ខ្ញុំថា «ជិតដល់» មិនមែន «ដល់» ទេ ពីព្រោះថាជីវិតយើងមានតែមួយ យើងគួរតែត្រេកអរនឹងអ្វីដែលកំពុងកើតឡើងក្នុងដំណើរបស់យើង ហើយក្ដាប់យកសុភមង្គលពីក្នុងនោះ។ ការមានគោលដៅមហិមា មិនមែនជារឿងខុសទេ ហើយបើយើងមិនអាចទៅដល់គោលដៅនោះ ក៏រឹតតែមិនមែនជាកំហុសយើងទាំងស្រុងដែរ។ សូម្បីស្អែក យើងមិនដឹងថាជីវិតយើងទៅជាយ៉ាងណាផង ចុះទម្រាំតែគោលដៅដែលនៅឆ្ងាយហៅលែងលឺនោះទៀត?
យ៉ាងណា សូមត្រេកអរនឹងអ្វីដែលកំពុងកើតមាន ស្រលាញ់អ្វីដែលយើងមាន ឱ្យអស់ពីចិត្ត ពេលនោះហើយ យើងនឹងមានកម្លាំងដោះស្រាយអ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅថ្ងៃនេះ និងថ្ងៃស្អែក។
រូបថត៖ Andrew Neel
Leave a Reply