Tag: writing

  • អត់ដឹង អត់ចេះ

    អត់ដឹង អត់ចេះ

    ខ្ញុំធ្លាប់ឮនិងឆ្លងកាត់បទពិសោធន៍ស្វែងរកអ្វីដែលខ្លួនឯងស្រលាញ់។ ខ្ញុំក៏មិនប្រាកដថា ខ្ញុំរកវាបានហើយឬអត់ដែរ? ពីព្រោះអ្វីដែលខ្ញុំកំពុងធ្វើនៅថ្ងៃនេះ មិនប្រាកដថាស្អែកឡើងខ្ញុំនៅតែចូលចិត្តឯណា? ខ្ញុំតែងប្រាប់មនុស្សជុំវិញខ្ញុំថា បើមិនដឹងក្រោកឡើងត្រូវធ្វើអ្វីទេ នោះហើយគឺជាអ្វីដែលយើងត្រូវធ្វើ គឺយើងត្រូវក្រោកឡើងដើម្បីរកអ្វីៗមកធ្វើ។ យើងគ្រាន់តែផ្លាស់ប្ដូរការគិតរបស់យើងបន្តិច។ ពីព្រោះថាក្នុងជីវិតមួយនេះ មិនមែនគ្រប់យ៉ាងសុទ្ធតែរត់មករកយើងទេ កាលបើយើងមិនធ្វើអ្វីឱ្យវាកើតឡើងទេ។ ការដឹង ដែលល្អបំផុត គឺការដឹងថាយើងមិនដឹងអ្វីទាំងអស់។ នេះជាពាក្យរបស់ សូក្រាត។ គិតទៅ ការដែលដែលយើងគិតថាខ្លួនឯងដឹងអស់ហើយ ចេះអស់ហើយ ជារឿងដែលហាក់គ្មានន័យសម្រាប់ជីវិតមួយនេះ។ គឺ ការមិនដឹង ទេតើហ៍ ដែលជាកត្តាមួយជួយឱ្យជីវិតយើងឆ្លងកាត់នូវបទពិសោធន៍ដ៏ល្អៗ និងចំណេះដឹងថ្មីៗជានិច្ច។ ការមានគោលដៅមហិមា មិនមែនជារឿងខុសទេ ហើយបើយើងមិនអាចទៅដល់គោលដៅនោះ ក៏រឹតតែមិនមែនជាកំហុសយើងទាំងស្រុងដែរ។ ប្រៀបដូចពាងមួយ ដែលមានទឹកកន្លះ ហើយយកគម្របមកបិទជិត។ ទោះភ្លៀងប្រាំយប់ប្រាំថ្ងៃ ក៏មិនអាចបំពេញទឹកក្នុងពាងនោះដែរ។ បើយើងជាពាងនោះ ចូរសាកទម្លាក់គម្របចេញ ពេលនោះហើយយើងនឹងទទួលបានទឹកភ្លៀងថ្មីៗ។ ឱ្យវាហូរហៀរទៅចុះ ឬឱ្យវាហួតទៅចុះ ក៏ល្អជាងទឹកដែលនៅតែកន្លះពាង មិនស្គាល់ពន្លឺថ្ងៃ។ សុភាសិតខ្មែរ «ផ្លូវវៀចកុំបោះបង់ ផ្លូវត្រង់កុំដើរហោង» ក៏ជាគោលការណ៍ជីវិតមួយដែលខ្ញុំបានឆ្លងកាត់ខ្លួនឯង។ មនុស្សម្នាក់ៗតែងមានគោលដៅរៀងៗខ្លួន ប៉ុន្តែដំណើរទៅកាន់ទីនោះ វាមិនងាយដូចការដែលយើងគ្រោងទុកឡើយ។ ពេលខ្លះយើងត្រូវទៅធ្វើរឿងផ្សេងមួយដោយឡែក ដោយមិនរំពឹងទុក ពីមួយទៅមួយ មុននឹងឈានទៅជិតគោលដៅនោះ។ ខ្ញុំថា…

  • រៀនគូរពុម្ពអក្សរ តើរៀនយ៉ាងណា?

    រៀនគូរពុម្ពអក្សរ តើរៀនយ៉ាងណា?

    ធ្លាប់​មាន​គេ​សួរ​ខ្ញុំ​ថា​បើ​ចង់​រៀន​គូរ​ពុម្ពអក្សរ តើ​គួរ​រៀន​ពីណា​ទៅ? រៀន​របៀបណា? និង​ត្រូវ​ដឹង​អ្វី​ខ្លះ​ជាមុន​សិន? ខ្ញុំ​អាច​ឆ្លើយ​សំណួរ​នេះ​របៀប​ផ្សេងៗ​ទៅតាម​អ្នក​សួរ​ម្នាក់ៗ ប៉ុន្តែ​ខ្ញុំ​គិត​ថា​អ្វី​ដែល​គ្រប់​គ្នា​គួរ​តែ​ដឹង​ជាមុន​នោះ​គឺ បើ​ចង់រៀន តើ​ការរៀន​នោះ​ប្រព្រឹត្តិ​ទៅ​តាម​ទម្រង់​បែបណា? នៅ​ក្នុង​អត្ថបទ​នេះ ខ្ញុំ​មិន​លើកឡើង​អំពី​ដំណាក់កាល​នៃ​ការ​រៀន​គូរ​ពុម្ពអក្សរ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​បង្ហាញ​អំពី​សកម្មភាព​ទូទៅនិង​មូលដ្ឋាន​មួយ​ចំនួន​នៃ​ការ​សិក្សា​ជំនាញ​មួយ​នេះ។

  • ខ្ញុំ​ចង់​សរសេរ​ជាង​ធ្វើ​វីដេអូ

    ខ្ញុំ​ចង់​សរសេរ​ជាង​ធ្វើ​វីដេអូ

    ទោះបី​សម័យ​ឥឡូវ គេ​និយម​ធ្វើ​វីដេអូ​ឬ​ថត​សំឡេង​ផ្សាយ (ផតខាសត៍) យ៉ាងណា ចំពោះ​ខ្ញុំ​ផ្ទាល់​គឺ​នៅ​តែ​ចូលចិត្ត​ការ​សរសេរ​ជាង។ មែនទែន​ទៅ ខ្ញុំ​ធ្លាប់​បាន​ធ្វើ​មាតិកា​ប្រភេទ​នោះ​ខ្លះ​ដែរ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​វា​ត្រូវការ​ពេលវេលា​ច្រើន ទាំង​ថត ទាំងកាត់ ទាំង​ផ្ចិតផ្ចង់​រូបភាព​និង​ចលនា​ផ្សេងៗ។ មានន័យ​ថា យើង​មិនមែន​គ្រាន់តែ​រៀបចំ​ស្គ្រីប​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​រៀបចំ​ទាំង​របៀប​បង្ហាញ​ប្លង់​និង​អ្វីៗ​ច្រើន​យ៉ាង។ ចំណែក​ឯ​ការ​សរសេរ​វិញ ខ្ញុំ​អាច​សរសេរ​គំនិត​របស់​ខ្ញុំ​មក​ខាងក្រៅ​បាន​យ៉ាង​លឿន និង​អាច​រៀបចំ​ស្រួល​ដោយ​គ្រាន់តែ​កាត់​ពីលើ​មក​ក្រោម យក​ពីក្រោម​ទៅ​លើ​វិញ។ អាច​ថា មក​ពី​ខ្ញុំ​ជា​អ្នក​ចូលចិត្ត​អាន (ភាគច្រើន) និង​មាន​ទម្លាប់​សរសេរ​កាល​ពី​មុន​មក​ដែរ។ យ៉ាងណា មិន​ថា​មាតិកា​ប្រភេទ​ណា​នោះទេ វា​សុទ្ធតែ​មាន​ប្រយោជន៍ ព្រោះ​ប្រភេទ​ខ្លះ​ងាយស្រួល​ចំពោះ​ការ​បរិយាយ​អំពី​រឿង​មួយ​ចំនួន ហើយ​ខ្លះ​ទៀត​ពិបាក​ជាង។ ខ្ញុំ​សប្បាយ​ចិត្ត ដែល​មួយ​រយៈ​ចុងក្រោយ​នេះ អ្នក​ផលិត​មាតិកា​នៅ​កម្ពុជា ចាប់ផ្ដើម​ចាប់ផ្ដើម​ផ្ដោត​លើ​រឿងរ៉ាវ​សំខាន់ៗ​ដែល​ជា​ចំណេះដឹង​ដល់​អ្នក​ទទួល​មាតិកា​ទាំងនោះ ដែល​ភាគច្រើន​ជា​វីដេអូ។ ប្រហែល​នេះ​ជា​របៀប​រៀន​និង​បង្រៀន​ថ្មី ដែល​មាន​ប្រសិទ្ធជាង? ឬមនុស្ស​មិន​សូវ​មាន​ពេល​សរសេរ​និង​អាន? ប៉ុន្តែ… ខ្ញុំ​នៅ​តែ​ចូលចិត្ត​សរសេរ​ជាង ?

  • វិលត្រឡប់​មក​សរសេរ​ជាថ្មី​ម្ដង​ទៀត

    ប្រហែលជិត៨ឆ្នាំហើយទេដឹង ដែលខ្ញុំខានសរសេរអត្ថបទ? ការសរសេរធ្លាប់ជាចំណូលចិត្ត និងសកម្មភាពប្រចាំថ្ងៃមួយរបស់ខ្ញុំដែរ។ ខ្ញុំចាំបានថាខ្ញុំចាប់ផ្ដើមសរសេរដំបូងកាលពីដើមឆ្នាំ 2010 បើគិតមកដល់មកឥឡូវគឺជិត១៣ឆ្នាំទៅហើយ! ការចាប់ផ្ដើមដំបូងនៅឆ្នាំ 2010 ខ្ញុំសរសេរនៅលើ WordPress (បាន 199 អត្ថបទ) ដែលកាលនោះមានខ្មែរយើងច្រើននៅសរសេរយ៉ាងសកម្ម រហូតដល់មានបង្កើតជាការជួបជុំគ្នា ហើយក៏បានបង្កើតមិត្តភាពជាច្រើនផងដែរ។ បន្ទាប់មក នៅឆ្នាំ 2011 ខ្ញុំចាប់ផ្ដើមបង្កើតវេបសាយ IT4UG (ដោយមានការឧបត្ថម្ភ​ដូមែន​ពី​បងប្រុស ស៊ឺន ចែងចើន និង​កន្លែង​ដាក់​វេបសាយ ដោយ​បងប្រុស Vireax) ផ្ដល់​ព័ត៌មាន​អំពី​បច្ចេកវិទ្យា បានប្រហែល 400 អត្ថបទ ដោយ​មាន​ការ​ចូលរួម​សរសេរ​ច្រើន​ពី​បង​ជីសុផាត និង​បង​សាម៉ាឌី។ ហើយ​ក៏​មាន​មិត្តភក្ដិ​ប៉ុន្មាន​នាក់​ទៀត​ដែរ ដែល​ខ្ញុំ​មិន​ចាំឈ្មោះ​អស់ ព្រោះ​វេបសាយ​នេះ​លែង​ដំណើរការ និង​ពិបាក​រក​មើល​ព័ត៌មាន​បាន​ពេញលេញ​ដូចមុន។ ខ្ញុំ​ក៏​នៅ​បន្ត​សរសេរ​មួយៗ​ដល់​ឆ្នាំ 2016 ទើប​ឈប់​សរសេរ ហើយ​មក​ផ្ដោត​លើ​កិច្ចការ​ផ្សេងៗ​វិញ រហូត​ដល់​ភ្លេច​របៀប​សរសេរ​សឹង​តែ​ទាំងអស់​ទៅ​ហើយ។ ទើប​តែ​ពេល​ថ្មីៗ​នេះ ខ្ញុំ​មាន​កូន​ចិត្ត​នឹក​ដល់​ការ​សរសេរ​នា​ពេល​កន្លង​មក ហើយ​ក៏​ដោយសារ​ឥឡូវ​នេះ ខ្ញុំ​ត្រូវ​សរសេរ​ផ្សព្វផ្សាយ​អំពី​រឿង​អក្សរ​និង​ពុម្ពអក្សរ​ខ្មែរ​ផង​នោះ ទើប​មាន​ឱកាស​រំឭក​ការ​សរសេរ​ឡើង​វិញ។ ហេតុដូច្នេះ​ហើយ ទើប​ខ្ញុំ​ចាប់ផ្ដើម​វេបសាយ​ផ្ទាល់​ខ្លួន​នេះ​ឡើង ដើម្បី​សរសេរ​អំពី​ទស្សនៈ​និង​ដំណឹង​ផ្សេងៗ​ជុំវិញ​ជីវិត​និង​អាជីព​ប្រចាំ​ថ្ងៃ។ សង្ឃឹម​ថា​ទីនេះ អាច​មាន​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន​គ្រប់​ស្រទាប់!