ប្រហែលជិត៨ឆ្នាំហើយទេដឹង ដែលខ្ញុំខានសរសេរអត្ថបទ? ការសរសេរធ្លាប់ជាចំណូលចិត្ត និងសកម្មភាពប្រចាំថ្ងៃមួយរបស់ខ្ញុំដែរ។
ខ្ញុំចាំបានថាខ្ញុំចាប់ផ្ដើមសរសេរដំបូងកាលពីដើមឆ្នាំ 2010 បើគិតមកដល់មកឥឡូវគឺជិត១៣ឆ្នាំទៅហើយ!
ការចាប់ផ្ដើមដំបូងនៅឆ្នាំ 2010 ខ្ញុំសរសេរនៅលើ WordPress (បាន 199 អត្ថបទ) ដែលកាលនោះមានខ្មែរយើងច្រើននៅសរសេរយ៉ាងសកម្ម រហូតដល់មានបង្កើតជាការជួបជុំគ្នា ហើយក៏បានបង្កើតមិត្តភាពជាច្រើនផងដែរ។

បន្ទាប់មក នៅឆ្នាំ 2011 ខ្ញុំចាប់ផ្ដើមបង្កើតវេបសាយ IT4UG (ដោយមានការឧបត្ថម្ភដូមែនពីបងប្រុស ស៊ឺន ចែងចើន និងកន្លែងដាក់វេបសាយ ដោយបងប្រុស Vireax) ផ្ដល់ព័ត៌មានអំពីបច្ចេកវិទ្យា បានប្រហែល 400 អត្ថបទ ដោយមានការចូលរួមសរសេរច្រើនពីបងជីសុផាត និងបងសាម៉ាឌី។ ហើយក៏មានមិត្តភក្ដិប៉ុន្មាននាក់ទៀតដែរ ដែលខ្ញុំមិនចាំឈ្មោះអស់ ព្រោះវេបសាយនេះលែងដំណើរការ និងពិបាករកមើលព័ត៌មានបានពេញលេញដូចមុន។

ខ្ញុំក៏នៅបន្តសរសេរមួយៗដល់ឆ្នាំ 2016 ទើបឈប់សរសេរ ហើយមកផ្ដោតលើកិច្ចការផ្សេងៗវិញ រហូតដល់ភ្លេចរបៀបសរសេរសឹងតែទាំងអស់ទៅហើយ។ ទើបតែពេលថ្មីៗនេះ ខ្ញុំមានកូនចិត្តនឹកដល់ការសរសេរនាពេលកន្លងមក ហើយក៏ដោយសារឥឡូវនេះ ខ្ញុំត្រូវសរសេរផ្សព្វផ្សាយអំពីរឿងអក្សរនិងពុម្ពអក្សរខ្មែរផងនោះ ទើបមានឱកាសរំឭកការសរសេរឡើងវិញ។
ហេតុដូច្នេះហើយ ទើបខ្ញុំចាប់ផ្ដើមវេបសាយផ្ទាល់ខ្លួននេះឡើង ដើម្បីសរសេរអំពីទស្សនៈនិងដំណឹងផ្សេងៗជុំវិញជីវិតនិងអាជីពប្រចាំថ្ងៃ។
សង្ឃឹមថាទីនេះ អាចមានប្រយោជន៍ដល់មិត្តអ្នកអានគ្រប់ស្រទាប់!
Leave a Reply