ក្រោយពីទទួលបានឱកាសនិងការឧបត្ថម្ភជាថវិកាពី Google Fonts ដើម្បីរៀបចំពុម្ពអក្សរ Kantumruy Pro ឡើងវិញ កាលពីឆ្នាំ២០២២ កន្លងទៅនេះ ខ្ញុំបានសង្កេតឃើញថាពុម្ពអក្សរមួយនេះទទួលបានការគាំទ្រច្រើន មានទាំងស្ថាប័នរដ្ឋ ឯកជន សហគ្រាសតូចធំ យកទៅប្រើប្រាស់ដើម្បីរៀបចំអត្តសញ្ញាណ និងការផ្សព្វផ្សាយរបស់ខ្លួន។
ខ្ញុំបានធ្វើ Kantumruy Pro ដោយផ្អែកទាំងស្រុងលើកំណែចាស់របស់វា រក្សាទុករូបរាងភាគច្រើន រួមទាំងសមាមាត្ររបស់វា និងកែសម្រួលតួអក្សរខ្លះឱ្យល្អត្រឹមត្រូវ ជាពិសេសគឺបន្ថែមកម្រាស់របស់វាផ្សេងៗទៀត ឱ្យការប្រើប្រាស់មានភាពសម្បូរបែប។ គឺពុម្ពអក្សរដែលអ្នកកំពុងអាននេះហើយ គឺជា Kantumruy Pro។
ពុម្ពអក្សរនេះ ថ្វីត្បិតតែវាសក្ដិសមសម្រាប់ការបោះពុម្ពធំៗ (Display) ក៏ប៉ុន្តែខ្ញុំបានចាប់ផ្ដើមឃើញមានការយកទៅប្រើសរសេរជាអត្ថបទអាន និងមានបោះពុម្ពជាសៀវភៅទៅទៀត។ ពុម្ពអក្សរ Kantumruy Pro ជើងខាងក្រោមនិងស្រៈខាងលើ មានកម្ពស់ខ្លី (ដើម្បីរក្សាគម្លាតបន្ទាត់កុំឱ្យវែង) ដែលនាំឱ្យមានភាពលំបាកសម្រាប់ការអានជាអត្ថបទ។
ហេតុដូច្នេះ ខ្ញុំក៏គិតមានធ្វើកំណែមួយទៀតគឺ Kantumruy Pro Text ដែលត្រូវកែសម្រួលលក្ខណៈជាច្រើន ដើម្បីឱ្យសមស្របសម្រាប់ការអានសម្រាប់អត្ថបទ។
អ្វីដែលជារឿងចម្បងនៅក្នុងការផ្លាស់ប្ដូរ គឺការពង្រីកគួចនៅក្នុងអក្សរ, បើកចំហផ្នែកខ្លះនៃតួអក្សរឱ្យស្រឡះ ឱ្យបង្ហាញបានច្បាស់ល្អនៅក្នុងទំហំតូច, ពង្រីកទំហំជើង សក់ ស្រៈ និងសញ្ញាផ្សេងៗ។ល។ នេះគ្រាន់តែជាការសាកល្បងដំបូងប៉ុណ្ណោះ ខណៈដែលមានរឿងតូចៗផ្សេងទៀតដែលត្រូវកែសម្រួលបន្ថែម។
កិច្ចការនេះត្រូវការពេលវេលានិងការគាំទ្រពីអ្នកទាំងអស់គ្នា ដូច្នេះហើយ ប្រសិនបើអ្នកចង់ឱ្យគម្រោងនេះអាចធ្វើទៅបាន អ្នកអាចបរិច្ចាគមកខ្ញុំបានតាមរយៈតំណខាងក្រោមនេះ។
បញ្ជីរាយឈ្មោះអ្នកឧបត្ថម្ភ
Ty Viroth • Meas Sakal • Moung Vandy • Sok Pongsametrey • Tep Chansolyka • Theang Kosal • Lim Mengkong
Leave a Reply