Tag: life

  • អត់ដឹង អត់ចេះ

    អត់ដឹង អត់ចេះ

    ខ្ញុំធ្លាប់ឮនិងឆ្លងកាត់បទពិសោធន៍ស្វែងរកអ្វីដែលខ្លួនឯងស្រលាញ់។ ខ្ញុំក៏មិនប្រាកដថា ខ្ញុំរកវាបានហើយឬអត់ដែរ? ពីព្រោះអ្វីដែលខ្ញុំកំពុងធ្វើនៅថ្ងៃនេះ មិនប្រាកដថាស្អែកឡើងខ្ញុំនៅតែចូលចិត្តឯណា? ខ្ញុំតែងប្រាប់មនុស្សជុំវិញខ្ញុំថា បើមិនដឹងក្រោកឡើងត្រូវធ្វើអ្វីទេ នោះហើយគឺជាអ្វីដែលយើងត្រូវធ្វើ គឺយើងត្រូវក្រោកឡើងដើម្បីរកអ្វីៗមកធ្វើ។ យើងគ្រាន់តែផ្លាស់ប្ដូរការគិតរបស់យើងបន្តិច។ ពីព្រោះថាក្នុងជីវិតមួយនេះ មិនមែនគ្រប់យ៉ាងសុទ្ធតែរត់មករកយើងទេ កាលបើយើងមិនធ្វើអ្វីឱ្យវាកើតឡើងទេ។ ការដឹង ដែលល្អបំផុត គឺការដឹងថាយើងមិនដឹងអ្វីទាំងអស់។ នេះជាពាក្យរបស់ សូក្រាត។ គិតទៅ ការដែលដែលយើងគិតថាខ្លួនឯងដឹងអស់ហើយ ចេះអស់ហើយ ជារឿងដែលហាក់គ្មានន័យសម្រាប់ជីវិតមួយនេះ។ គឺ ការមិនដឹង ទេតើហ៍ ដែលជាកត្តាមួយជួយឱ្យជីវិតយើងឆ្លងកាត់នូវបទពិសោធន៍ដ៏ល្អៗ និងចំណេះដឹងថ្មីៗជានិច្ច។ ការមានគោលដៅមហិមា មិនមែនជារឿងខុសទេ ហើយបើយើងមិនអាចទៅដល់គោលដៅនោះ ក៏រឹតតែមិនមែនជាកំហុសយើងទាំងស្រុងដែរ។ ប្រៀបដូចពាងមួយ ដែលមានទឹកកន្លះ ហើយយកគម្របមកបិទជិត។ ទោះភ្លៀងប្រាំយប់ប្រាំថ្ងៃ ក៏មិនអាចបំពេញទឹកក្នុងពាងនោះដែរ។ បើយើងជាពាងនោះ ចូរសាកទម្លាក់គម្របចេញ ពេលនោះហើយយើងនឹងទទួលបានទឹកភ្លៀងថ្មីៗ។ ឱ្យវាហូរហៀរទៅចុះ ឬឱ្យវាហួតទៅចុះ ក៏ល្អជាងទឹកដែលនៅតែកន្លះពាង មិនស្គាល់ពន្លឺថ្ងៃ។ សុភាសិតខ្មែរ «ផ្លូវវៀចកុំបោះបង់ ផ្លូវត្រង់កុំដើរហោង» ក៏ជាគោលការណ៍ជីវិតមួយដែលខ្ញុំបានឆ្លងកាត់ខ្លួនឯង។ មនុស្សម្នាក់ៗតែងមានគោលដៅរៀងៗខ្លួន ប៉ុន្តែដំណើរទៅកាន់ទីនោះ វាមិនងាយដូចការដែលយើងគ្រោងទុកឡើយ។ ពេលខ្លះយើងត្រូវទៅធ្វើរឿងផ្សេងមួយដោយឡែក ដោយមិនរំពឹងទុក ពីមួយទៅមួយ មុននឹងឈានទៅជិតគោលដៅនោះ។ ខ្ញុំថា…