ការងារជាអ្នករចនាពុម្ពអក្សរ នៅពេលខ្លះក៏ពិបាកពន្យល់ប្រាប់អ្នកដទៃឱ្យដឹងថាវាជាការងារអ្វីដែរ។ ហើយការងារនេះទៀតសោត ក៏ត្រូវការពេលវេលា ភាពអត់ធ្មត់ និងការយកចិត្តទុកខ្លាំង ដើម្បីឱ្យតួអក្សរនីមួយៗអាចស្ថិតនៅជាមួយគ្នាបាន និងធ្វើឱ្យអត្ថបទមានភាពងាយស្រួលអាន។
ការយល់ឃើញរបស់អ្នកគូរពុម្ពអក្សរម្នាក់ៗ អាចខុសគ្នា ប៉ុន្តែរឿងមួយដែលយើងមិនអាចប្រកែកបានគឺ មុខងាររបស់អក្សរគឺសម្រាប់នាំយកន័យសារទៅឱ្យអ្នកអាន។ យ៉ាងណា យើងក៏មិនអាចហាមឃាត់ភាពច្នៃប្រឌិតនៅក្នុងការយកតួអក្សរទៅបង្កើតជារូបភាពសិល្បៈបានដែរ។
ការរចនាពុម្ពអក្សរ គឺជាសិល្បៈប្រិតប្រៀននិងមានអ្នកយល់តិច ហើយមិនសូវមានគេឱ្យតម្លៃនោះទេ ទាំងដែលវាមានឥទ្ធិពលច្រើនទៅលើរបៀបទាក់ទងនិងរបៀបទទួលព័ត៌មានរបស់មនុស្ស។
Bruce Weber, អ្នកសរសេរព័ត៌មាននៅ The New York Times
ទោះបី មានជំនាញផ្សេងៗដែលប្រើប្រាស់អក្សរដូចគ្នា – calligraphy, lettering, painting – ប៉ុន្តែ ការរចនាពុម្ពអក្សរ (type design) មានរឿងចម្បងមួយដែលត្រូវធ្វើ គឺរចនាអក្សរឱ្យគេអាន។ ក្រៅតែអំពីរូបសម្ផស្ស ពុម្ពអក្សរនីមួយៗត្រូវមានមុខងារមួយច្បាស់លាស់ថា អក្សរសម្រាប់អានលើក្រដាស, សម្រាប់បង្ហាញលើផ្ទាំងពាណិជ្ជកម្ម, ឬសម្រាប់អានលើអេក្រង់។ល។
ថ្វីបើស្ដាប់ទៅដូចជាងាយស្រួល «ធ្វើអក្សរឱ្យគេអាន» ប៉ុន្តែយើងត្រូវកំណត់ថា ឱ្យគេអានបានទាំងលំបាក ឬ ឱ្យគេអានបានរលូន?
- តើវាបង្ហាញនៅលើអេក្រង់ច្បាស់ទេ?
- តើពេលបោះពុម្ពលើក្រដាស មានស្នាមខ្មៅដិតនៅត្រង់តួអក្សរណាទេ?
- តើអាចបោះពុម្ពនៅទំហំ 8-9pt បានទេ?
- តើទំហំឯកសារពុម្ពអក្សរធំពេកដែរឬទេ?
- តើវាមានគម្លាតបន្ទាត់ខ្ពស់ៗ ធ្វើឱ្យអស់ក្រដាសច្រើនទេ?
- តើអាចយកទៅកត់ត្រាពាក្យបានសព្វគ្រប់ទេ? លើសពីនេះ តើពុម្ពអក្សរនេះអាចយកទៅសរសេរភាសាជនជាតិដើមភាគតិច ឬ ភាសាបុរាណ បានដែរឬទេ?
- បើប្រើជាមួយអក្សរឡាតាំង តើធំជាងឬតូចជាង?
- បើធ្វើពុម្ពអក្សរឱ្យក្រុមហ៊ុនវិញ តើពុម្ពអក្សរនេះស្រដៀងដៃគូប្រកួតប្រជែងទេ?
- តើបង្ហាញអត្តសញ្ញាណរបស់ក្រុមហ៊ុនដែរឬទេ?
- តើធ្វើទៅអាចប្រើប្រាស់បានត្រូវតាមគោលបំណងរបស់ក្រុមហ៊ុនទេ?
នៅពេលធ្វើពុម្ពអក្សរមួយ មានសំណួរច្រើនកើតឡើងដើម្បីឱ្យអ្នករចនាពុម្ពអក្សរអាចកំណត់ទិសដៅ និងមុខងារពុម្ពអក្សររបស់គេបានត្រឹមត្រូវនិងច្បាស់លាស់។ ដូច្នេះ នៅពេលខ្លះ អ្នករចនាពុម្ពអក្សរ ត្រូវចេះស្រាវជ្រាវតាមវិធីសាស្ត្រផ្សេងៗ ស្វែងយល់អំពីប្រភេទអក្សរដែលខ្លួនធ្វើ ដោយផ្ដោតលើមុខងាររបស់ពុម្ពអក្សរ ជាងការដែលគ្រាន់ឱ្យរូបរាងអក្សរស្អាត តែពិបាកអាន។
Leave a Reply