អត្ថបទមួយនេះ ខ្ញុំនឹងមិនបង្ហាញលំដាប់លំដោយពី ក-អ សម្រាប់ការផ្សាយពុម្ពអក្សរនៅលើ Google Fonts ទេ ប៉ុន្តែខ្ញុំនឹងប្រាប់អំពីគន្លឹះ ចំណុចត្រៀម និងបទពិសោធន៍ខ្លះ សម្រាប់អ្នកដែលចង់ផ្សាយពុម្ពអក្សររបស់ខ្លួននៅទីនោះ។
អ្នកអាចមើលសេចក្ដីណែនាំពិស្ដាររបស់ Google Fonts នៅត្រង់នេះ ដែលមានរួមបញ្ចូលចំណុចផ្សេងៗយ៉ាងលម្អិត ដើម្បីអាចផ្សព្វផ្សាយពុម្ពអក្សរនៅទីនោះ និងដើម្បីស្វែងយល់បន្ថែមអំពីគម្រោង Google Fonts និង Libre Font Culture (វប្បធម៌ពុម្ពអក្សរសេរី)។
រឿងត្រូវដឹងមុន
ពុម្ពអក្សរសេរីនិងបើកចំហ
នៅពេលផ្សព្វផ្សាយពុម្ពអក្សរនៅលើ Google Fonts អ្នកត្រូវផ្សាយនៅក្រោមអាជ្ញាបណ្ណ Open Font License (OFL SIL v1.1) ដែលផ្ដល់សិទ្ធិឱ្យអ្នកដទៃយកពុម្ពអក្សរនេះទៅប្រើប្រាស់បានដោយសេរី មិនគិតថ្លៃ ហើយថែមទាំងអាចយកទៅកែសម្រួល ច្នៃប្រឌិត រៀបចំចេញផ្សាយក្រោមឈ្មោះថ្មីបាន។ អ្នកគួរមើលលម្អិតអំពីអាជ្ញាបណ្ណនេះ មុនពេលសម្រេចចិត្តផ្សាយពុម្ពអក្សរនៅលើ Google Fonts។
ទោះជាយ៉ាងណា ប្រសិនបើអ្នកគាំទ្រវប្បធម៌ពុម្ពអក្សរសេរី និងចង់បង្ហាញស្នាដៃរបស់អ្នក ហើយចែករំលែកទៅជាប្រយោជន៍សង្គម អ្នកគួរតាំងចិត្តទុកជាមុនថា នឹងមិនត្រូវទាមទារការរំឭកគុណស្រ័យ និងត្រូវតែដាក់ឈ្មោះរបស់អ្នកនៅគ្រប់កន្លែងដែលគេប្រើពុម្ពអក្សរនោះទេ។
ចេះប្រើប្រាស់ GitHub និងកូដខ្លះ
អ្នកត្រូវប្រើផ្លាតហ្វម GitHub សម្រាប់រក្សាទុកពុម្ពអក្សររបស់អ្នក និងរៀបចំឯកសារនៅក្នុងនោះទៅតាមសេចក្ដីណែនាំនិងនីតិវិធីរបស់ Google Fonts ដើម្បីសម្រួលដល់ការដាក់ស្នើពុម្ពអក្សររបស់អ្នក។ នៅក្នុងសេចក្ដីណែនាំ ក៏មានកន្លែងខ្លះដែលអ្នកត្រូវសរសេរកូដតិចតួច តែមិនមែនស៊ីជំរៅដូចសរសេរបង្កើតកម្មវិធីអ្វីទេ។ ភាគច្រើន គេប្រើភាសា Python សម្រាប់រៀបចំនិងវេចខ្ចប់ពុម្ពអក្សរ។
ការដាក់ឈ្មោះ
Google Fonts ណែនាំឱ្យដាក់ឈ្មោះពុម្ពអក្សរឱ្យដើរស្រួលជាមួយ SEO ហើយមានការខុសប្លែកពីពុម្ពអក្សរផ្សេងៗ។ ខ្ញុំបានសរសេរអត្ថបទ «កុំប្រើពាក្យ Khmer/Kh នៅពីមុខឈ្មោះពុម្ពអក្សរទៀត» សម្រាប់ដាក់ឈ្មោះពុម្ពអក្សរខ្មែរ។
អ្នកក៏អាចប្រើវ៉ិបសៃត៍នេះ ដើម្បីរកមើលឈ្មោះពុម្ពអក្សរបានដែរ namecheck.fontdata.com។
ការរៀបចំ
Source files
នៅក្នុងការផ្សព្វផ្សាយពុម្ពអក្សរបើកចំហ (open-source font) នាពេលបច្ចុប្បន្ននេះ គេនិយមធ្វើតាមការណែនាំរបស់ Google Fonts បើទោះបីគេមិនផ្សាយពុម្ពអក្សរនោះនៅលើ Google Fonts ក៏ដោយ។
គេអាចប្រើគំរូគម្រោង (project template) googlefonts-project-template ដែលបានរៀបចំរួចជាស្រេចនូវរបៀបរៀបចំឯកសារនិងសំណៅពុម្ពអក្សរ ឱ្យមានសណ្ដាប់ធ្នាប់ និងអាចយកទៅដាក់ផ្សាយលើ Google Fonts បានតាមតម្រូវការ។
ពុម្ពអក្សរដែលត្រូវផ្សាយនៅលើ Google Fonts គួរតែមានច្បាប់ដើម (source file) ជាប្រភេទ .glyphs
, UFO
, fontforge
ដើម្បីអាចយកទៅផលិតជាពុម្ពអក្សរដែលប្រើប្រាស់បានតាមរយៈ Python Packages ដែលមាននៅក្នុងគំរូខាងលើ។
សមាមាត្រ និង អក្សរឡាតាំង
ខ្ញុំសង្កេតឃើញថា អ្នករចនាពុម្ពអក្សរនៅស្រុកខ្មែរ ភាគច្រើនគេធ្វើតែអក្សរខ្មែរប៉ុណ្ណោះ ហើយយកអក្សរអង់គ្លេសពីប្រភពផ្សេងៗ (អាចជាពុម្ពអក្សរបើកចំហដូចគ្នា) យកមកប្រើជាមួយគ្នា។
បច្ចុប្បន្ននេះ ក្រុមការងារ Google Fonts តម្រូវឱ្យមានអក្សរឡាតាំងជាចាំបាច់ ហេតុដូច្នេះហើយ យើងអាចរចនាអក្សរឡាតាំងដោយខ្លួនឯង ឬក៏យកអក្សរឡាតាំងផ្សេងមកប្រើជាមួយ។
ប៉ុន្តែនៅពេលយកមកប្រើដូច្នេះ គេគួររកសមាមាត្រអក្សរដែលសមស្រប ដើម្បីឱ្យអក្សរខ្មែរនិងឡាតាំងដើរស្រួលនៅពេលប្រើប្រាស់ ទាំងរូបរាងនិងទំហំ។ អ្នកអាចអានអំពី សមាមាត្រអក្សរខ្មែរធៀបនឹងឡាតាំង ដែលខ្ញុំសរសេរផ្សាយនៅលើវ៉ិបសៃត៍ Khmer Typography។
អក្សរឡាតាំងដែលមាននៅក្នុងពុម្ពអក្សររបស់អ្នក ត្រូវតែមានគ្រប់ទៅតាមបញ្ជី GF Latin Core ហើយនេះជាការកំណត់ពីខាង Google Fonts តែម្ដង។
គុណភាពគំនូសអក្សរ
ត្រង់នេះមិនមែនជាចំណុចដែលអ្នកត្រូវតែធ្វើទេ តែជារឿងដែលអ្នកគួរដឹងនិងរៀនបន្ថែមដែរ គឺការរក្សាគំនូសអក្សរឱ្យបានល្អ និងត្រូវទៅតាមបច្ចេកទេសមួយចំនួន។
ការរក្សាគំនូសអក្សរឱ្យបានល្អ មានគុណភាព មានសង្គតិភាព (consistency) វានឹងធ្វើឱ្យពុម្ពអក្សរអាចបង្ហាញបានយ៉ាងល្អនៅលើអេក្រង់និងពេលបោះពុម្ពតូចធំ។ ដូចអក្សរ ខ ពីពុម្ពអក្សរ Limon S1 ប្រសិនបើមើលក្នុងទំហំតូច គេមើលមិនឃើញគំនូសមិនស្មើសាច់ទាំងនេះទេ។
Glyphs បានសរសេរអត្ថបទ «Drawing good paths» ដោយមានភ្ជាប់ឧទាហរណ៍និងរូបភាពបង្ហាញ ងាយស្រួលយល់ និងក្បោះក្បាយ។
ការផលិត
ប្រសិនបើអ្នកប្រើគំរូគម្រោង GitHub ដែលមានបញ្ជាក់នៅខាងលើនោះ នៅរាល់ពេលដែលអ្នកអាប់ដេត source files វានឹងចាប់ផ្ដើមដំណើរការ GitHub Actions ដោយស្វ័យប្រវត្តិដើម្បីសាកល្បងផលិតពុម្ពអក្សររបស់អ្នក។
នៅក្នុងលទ្ធផលពី GitHub Actions នោះ អ្នកអាចដឹងថាពុម្ពអក្សររបស់អ្នកត្រូវបានផលិត (build) ដោយជោគជ័យ ឬក៏មានបញ្ហាណាមួយដែលត្រូវដោះស្រាយ។ ដំណាក់កាលនេះ គ្រាន់តែជាការផលិតសាកល្បងដើម្បីប្រាកដថា source files របស់អ្នកមិនមានបញ្ហា។
អ្នកក៏អាចផលិតពុម្ពអក្សររបស់អ្នកបានតាមការណែនាំនៅក្នុងទីនេះបានដែរ។ វាអាចស្មុគស្មាញសម្រាប់អ្នកដែលមិនទម្លាប់នឹងការសរសេរកូដពីមុនមក ប៉ុន្តែបើអ្នកបានអានចំណុចនីមួយៗដែលគេបានបង្ហាញ នោះខ្ញុំជឿថាអ្នកអាចធ្វើវាបាន។
Font Bakery
ឧបករណ៍មួយដ៏សំខាន់ដើម្បីរកមើលបញ្ហានៅក្នុងពុម្ពអក្សរ គឺ Font Bakey ដែលជាកម្មវិធីមួយរបស់ Google ដែរ។ Font Bakery នឹងបង្ហាញលទ្ធផលធ្វើតេស្តពុម្ពអក្សររបស់អ្នក ធៀបជាមួយនឹងរបៀបតេស្ត (test profile) ដែលរៀបចំឡើងសម្រាប់ Google Fonts។
អ្នកត្រូវដោះស្រាយបញ្ហាដែលមានបង្ហាញដោយ Font Bakery មុនពេលអាចឈានទៅរកការដាក់ស្នើពុម្ពអក្សរនោះបាន។ មែនទែនទៅ នៅពេលអ្នកដាក់ស្នើហើយ ខាងក្រុមការងារ Google Fonts ក៏នឹងតេស្តម្ដងទៀតដែរ ប៉ុន្តែបើអ្នកដោះស្រាយបញ្ហាទាំងនោះជាមុនសិនក៏ល្អ។
តេស្តពុម្ពអក្សរ
នៅពេលពុម្ពអក្សររបស់អ្នកត្រូវបានផលិតដោយជោគជ័យ អ្នកគួរតេស្តពុម្ពអក្សរនោះជាមួយនឹងកម្មវិធីផ្សេងៗលើកុំព្យូទ័ររបស់អ្នក តួយ៉ាង Microsoft Office, Adobe Apps, Figma, Apple iWork, LibreOffice, Web Browsers… ដើម្បីមើលឱ្យដឹងថាពុម្ពអក្សរនោះ បង្ហាញបានត្រឹមត្រូវនៅលើកម្មវិធីទាំងឡាយ។
លើសពីនេះ ប្រសិនបើអ្នកអាចតេស្តនៅលើកម្មវិធីទូរសព្ទទៀត វារឹតតែប្រសើរ។
ការដាក់ស្នើ
របៀបដាក់ស្នើពុម្ពអក្សរ មានពីររបៀប មួយតាមរយៈ GitHub Pull Request និងមួយទៀតតាម GitHub Issues។ ក៏ប៉ុន្តែរបៀបទីមួយសម្រាប់តែអ្នកគ្រប់គ្រងការងារ Google Fonts ប៉ុណ្ណោះ ឬក៏អ្នករួមចំណែកផ្សេងទៀតដែលទទួលសិទ្ធិអនុញ្ញតិពិសេសណាមួយ។
ដោយឡែក យើងជាអ្នកដាក់ស្នើពុម្ពអក្សរពីខាងក្រៅ ត្រូវធ្វើតាមរបៀបទីពីរ គឺបង្កើត GitHub Issue មួយ តាមរយៈគំរូដែលមានរួចស្រាប់មួយនេះ Add Font។
នៅក្នុងនោះ អ្នកត្រូវផ្ដល់តំណទៅកាន់គម្រោងពុម្ពអក្សររបស់អ្នកនៅលើ GitHub, ឈ្មោះពុម្ពអក្សរ, និងបំពេញចំណុចទាំងឡាយដែលមានបង្ហាញនៅក្នុងនោះ។
ក្រោយពេលអ្នកបានបង្កើត Issue ថ្មីរួចហើយ អ្នកត្រូវរង់ចាំរហូតដល់មានក្រុមការងាររបស់ Google Fonts មកឆ្លើយតបនិងត្រួតពិនិត្យពុម្ពអក្សររបស់អ្នកថា តើមានបញ្ហាអ្វីដែលត្រូវដោះស្រាយទេ ឬ ថាតើអាចដាក់បានឬមិនបាន។
ប្រសិនបើអ្វីៗដោះស្រាយរួចរាល់អស់ហើយ និងអាចដាក់ផ្សាយបាន ក្រុមការងារ Google Fonts នឹងដាក់ពុម្ពអក្សររបស់អ្នកទៅតាមនីតិវិធីនៃការចេញផ្សាយពុម្ពអក្សរ។
ប្រសិនបើអ្នកដាក់ស្នើផ្សាយពុម្ពអក្សរនៅទីនោះជាលើកដំបូង អ្នកត្រូវរៀបចំប្រវត្តិរូបខ្លីនិងរូបថតមួយសន្លឹក ដើម្បីដាក់បង្ហាញនៅលើវ៉ិបសៃត៍របស់ Google Fonts។
សរុបសេចក្ដី
ការដាក់ពុម្ពអក្សរនៅលើ Google Fonts អាចនឹងមានភាពស្មុគស្មាញពីដំបូង ប្រសិនបើអ្នកមិនធ្លាប់ប្រើ GitHub និងធ្លាប់សរសេរកូដពីមុនមកទេ។ ប៉ុន្តែអ្នកមិនបាច់ចេះទាំងអស់និងស៊ីជំរៅដែរ ប្រសិនបើអ្នកអានតាមការណែនាំរបស់គេ ខ្ញុំគិតថាអ្នកអាចធ្វើវាបាន។ អ្នកអាចសួរមកខ្ញុំក៏បានដែរ ត្រង់ចំណុចដែលមិនសូវច្បាស់ ហើយខ្ញុំនឹងព្យាយាមពន្យល់តាមលទ្ធភាព។
ពុម្ពអក្សរមិនគិតប្រាក់ វាអាចជួយសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប និងអ្នកដែលធ្វើការជាមួយអក្សរ – អ្នករចនារូបភាព, អ្នកអភិវឌ្ឍកម្មវិធី, អ្នកបោះពុម្ព, អ្នកនិពន្ធ – ក្នុងពេលចាប់ផ្ដើមកិច្ចការងារដំបូងៗរបស់ពួកគេ។ ទោះជាងយ៉ាងណា អ្នកក៏គួរបង្កើតពុម្ពអក្សរលក់បន្ថែមទៀតដែរ ពីព្រោះថាលើលោកនេះគ្មានអាហារមិនគិតប្រាក់រហូតឯណា!
Leave a Reply