ជារឿយៗ ខ្ញុំតែងឃើញការសរសេរពាក្យបរទេស ឈ្មោះបរទេស មកជាខ្មែរ នៅមានភាពខុសប្លែកគ្នាពីអ្នកសរសេរមួយទៅមួយ។ តួយ៉ាងដូចជាពាក្យ style របស់អង់គ្លេសនិងបារាំង តើគួរសរសេរថា ស្ទីល (តាមទម្លាប់រាល់ដង) ឬក៏ ស្តាយ (ជើង-ត) តាមសំនៀងអង់គ្លេស? ប៉ុន្តែ តាមភាសាខ្មែរ គេថាមានតែ ជើង-ដ ដែលប្រកបនឹង ស ដូចជា ស្ដារ, ស្ដែង… ប៉ុន្តែ ស្តូប អាចប្រកបនឹង ជើង-ត ទៅវិញ?
រឿងនេះ ខ្ញុំមិនអាចបកស្រាយបានវែងឆ្ងាយទេ ត្បិតនៅក្រៅសមត្ថកិច្ចនិងសមត្ថភាពរបស់ខ្ញុំ! 😎
ពាក្យ style ប្រសិនបើចង់សរសេរត្រាប់សំនៀងអង់គ្លេសដោយប្រើ ជើង-ត ប្រាកដណាស់ថានឹងច្រឡំនឹងពាក្យ ស្ដាយ (ក្នុងពាក្យ ស្ដាយក្រោយ)។ អ៊ីចឹងមានវិធីយ៉ាងណាដើម្បីសរសេរបាន? ស្ទាយ ក៏មិនទំនង។ ស្ទៃយល៍? ស្ទ៉ាយ?
ដោយឃើញថាវាលំបាកបែបនេះ ខ្ញុំក៏រៀបចំបញ្ជីពាក្យទាំងនេះ និងប្រើប្រាស់វិធីមួយចំនួនដើម្បីកត់ត្រា ហើយភ្ជាប់នឹងប្រភពផ្លូវការនិងមិនផ្លូវការ ទុកសម្រាប់ជាការសិក្សាទាំងអស់គ្នា។ ពាក្យដែលមានក្នុងបញ្ជីនេះ ជាពាក្យដែលគេនិយមប្រើនៅក្នុងសង្គមខ្មែរសព្វថ្ងៃ។ បើហៅពាក្យទាំងនេះថាជា ពាក្យកម្ចី ក៏មិនត្រូវទាំងស្រុងដែរ ត្បិតពាក្យខ្លះមិនមែនប្រើជាទូទៅនៅក្នុងភាសាខ្មែរយើងនៅឡើយ។ ហេតុដូច្នេះហើយ ខ្ញុំសុំហៅថាជា ពាក្យបរទេស បែបនេះវិញ។
⚠️ បញ្ជាក់ថា នេះជាការយល់ផ្ទាល់ខ្លួនប៉ុណ្ណោះ ប្រសិនបើអ្នកឃើញថាវាមានប្រយោជន៍អាចប្រើបាន ក៏សូមប្រើដោយការទទួលខុសត្រូវផ្ទាល់ខ្លួន។
វិធីកត់ត្រា
ការកត់ត្រាទាំងនេះ មិនត្រូវតាមក្បួនខ្នាតទាំងស្រុងនៃវិធី transliteration/translittération នោះទេ ពោលគឺខ្ញុំបូកបញ្ចូលនូវការប្រើប្រាស់ជាក់ស្ដែងដែលតែងឃើញនៅតាមបណ្ដាសារព័ត៌មាន, បណ្ដាញសង្គម, លិខិតរដ្ឋាភិបាលផ្សេងៗ, និងសំណេរក្នុងសៀវភៅចាស់ៗដែលខ្ញុំធ្លាប់ឃើញ។
ហើយបញ្ជីពាក្យទាំងនេះ ក៏មិនមែនជាពាក្យបកប្រែដែរ គឺជាបញ្ជីពាក្យបរទេស សរសេរមកជាអក្សរខ្មែរ ដែលអ្នកអាចយកទៅប្រើបានតាមការគួរ និងទទួលខុសត្រូវដោយខ្លួនឯង។
ដោយយោលទៅតាមប្រភពផ្សេងៗ ខ្ញុំអាចលើកឡើងករណីខ្លះដែលខ្ញុំអាចបង្ហាញបានដូចជា៖
ខ្មែរ ទៅ ឡាតាំង
- កោលាហល → kolāhala / kolaahala
- សេចក្ដី → secakdī / secakdii
- បច្ចុប្បន្ន → paccuppanna
- បញ្ជា → pañjā / pañjaa
- សុខដុម → sukhaṭuma
ការកត់ត្រា ខ្មែរ-ឡាតាំង មានក្បួនខ្នាតត្រឹមត្រូវ តួយ៉ាងដូចមានបង្ហាញក្នុងសៀវភៅ «មូលដ្ឋានរៀនខ្មែរបុរាណ» របស់លោកបណ្ឌិត អាំង ជូលាន។ ដែលក្បួនដដែលនេះ គេយកទៅកត់ត្រាឯកសារស្រាវជ្រាវអំពីសិលាចារឹកនិងភាសាខ្មែរ អស់ពេលជាយូរមកហើយ។ ដោយឡែកវិធីកត់ត្រា ឡាតាំង-ខ្មែរ យើងក៏អាចយកវិធីខាងលើមកត្រឡប់ ដើម្បីកត់ត្រាពាក្យបរទេសទាំងមកជាអក្សរខ្មែរវិញដែរ។
ឡាតាំង មក ខ្មែរ
- Timbre → តែមប្រិ៍ (ជណ. 1953)
- Copernic → កូពែរ៍និក (ទស្សនាវដ្ដីសាស្ត្រាចារ្យ 1966)
- Médaille → មេដាយ (ជណ. 1953)
- Cabinét → កាប៊ីណេត៍ (ជណ. 1953)
ដោយឡែក ការកត់ត្រាឡាតាំងមកខ្មែរវិញ មានសភាពផ្សេង ដូចជាពាក្យ Copernic ដែលអ្នកសរសេរចង់សងតួអក្សរឱ្យត្រូវនឹងពាក្យដើម លោករក្សាតួ «រ» ឱ្យនៅដដែល ដោយគ្រាន់តែដាក់ ទណ្ឌឃាដ-៍ ដើម្បីសម្លាប់សូរ។ របៀបនេះគឺដើម្បីសងឱ្យបានគ្រប់តួអក្សរដើម។
ដោយឡែកពាក្យ Médaille ឬ មេដាយ លោកបានសម្រួលដោយមិនបាច់បាច់សរសេរឱ្យត្រូវនឹងតួអក្សរ តែសរសេរឱ្យប្រកបត្រូវនឹងសូរវិញ។ ប្រសិនបើសរសេរឱ្យត្រូវនឹងតួអក្សរ អាចជា មេដាយ្លិ៍ ប៉ុន្តែប្រសិនបើ -្លិ៍ មិនចេញសំឡេងទេ លោកក៏លុបចេញតែម្ដងទៅ។
ដោយឡែកពាក្យខ្លះដែលមាន -t/-d នៅពីក្រោយ យើងតែងឃើញគេប្រើ -ត៍ ឬបើជា -e នៅខាងចុងវិញ គេអាចប្រើ -ិ៍ ដូចក្នុងពាក្យ Timbre–តែមប្រិ៍, Cabinét–កាប៊ីណេត៍ ជាដើម។ ហើយពេលខ្លះ គេក៏មិនបាច់ប្រើ ទណ្ឌឃាដ ក៏បាន ដូចក្នុងករណីពាក្យនោះបញ្ចប់ដោយ -nt (-ន្ត) ពីព្រោះបើតាមភាសាខ្មែរ ការដែលជើង ដ/ត នៅក្រោម ន វាមិនបញ្ចេញសំឡេងទេ ដូចក្នុងពាក្យ មន្ត, ក្សាន្ត, បំភ័ន្ត, បញ្ញវន្ត។ល។ ដោយយោលទៅតាមវិធីទាំងនេះ ខ្ញុំយកមកប្រើសម្រាប់ការសរសេរពាក្យដទៃដូចជា Comment–ខម្មិន្ត ជាដើម។
ក្រៅពីនេះ ខ្ញុំជ្រើសរើសតួអក្សរមួយចំនួន ដើម្បីសម្គាល់ថាជាពាក្យកម្ចីពីពាក្យបរទេស ដូចជាប្រសិនបើពាក្យនោះបញ្ចប់ដោយ -ke ឬ -k ខ្ញុំអាចនឹងយកអក្សរ គ មកប្រើជំនួសឱ្យ ក ដូចជា Facebook-ហ្វេសប៊ុគ, Booking-ប៊ុគឃីង។ ពាក្យដែលបញ្ចប់ដោយ -ge អាចសរសេរនឹងអក្សរ ជ ដូចជាពាក្យ Page អាចសរសេរមកជា ផេជ, Stage អាចសរសេរចា ស្ទេជ ជាដើម។
ពីភាសាដទៃ មក ខ្មែរ
ក្រៅតែការកត់ត្រាផ្ទាល់ពីអក្សរឡាតាំងមកជាខ្មែរ ខ្ញុំក៏អាចបញ្ចូលពាក្យពីភាសាផ្សេងទៀតដែលប្រើប្រព័ន្ធសំណេរស្រដៀងយើង ដូចជាថៃ លាវ ជ្វា ភូមា… ដោយជួនកាលសងឱ្យត្រូវនឹងតួអក្សរ ហើយពេលខ្លះប្រើអក្សរឡាតាំងជាអន្តរការីដែរ។ សម្រាប់ពាក្យថៃ សំស្ក្រឹត បាលី បារាំង ចិន… បើមើលវចនានុក្រមខ្មែរ 1953 យើងនឹងឃើញច្រើនរួចទៅហើយ ហើយ ក៏ប៉ុន្តែក៏នៅមិនទាន់គ្រប់គ្រាន់ដែរ។
បញ្ជីពាក្យ
ដោយហេតុខ្ញុំចង់ឱ្យការកត់ត្រានោះមានព័ត៌មានគ្រប់គ្រាន់ និងអាចបន្ថែមបន្ថយសេចក្ដីនិងការចំណាំផ្សេងៗ ខ្ញុំធ្វើវានៅក្នុងវ៉ិបសៃត៍ Notion។ ខ្ញុំនឹងធ្វើបច្ចុប្បន្នភាពលើបញ្ជីពាក្យទាំងនេះ ពីមួយពេលទៅមួយពេល។ អ្នកអាចចូលមើលទៅបញ្ជីពាក្យពេញតាមតំណខាងក្រោមនេះ៖
ខ្ញុំស្វាគមន៍រាល់មតិស្ថាបនាទាំងឡាយ ហើយខ្ញុំសង្ឃឹមថាបញ្ជីពាក្យនេះ នឹងបានជាប្រយោជន៍ដល់មិត្តអ្នកអាន និងអ្នកដែលកំពុងស្វែងរកមូលដ្ឋានក្នុងការសរសេរពាក្យបរទេសមកជាខ្មែរ!
ពាក្យមួយចំនួន
⚠️ សូមចូលមើលនៅក្នុង Notion តាមប៊ូតុងខាងលើ សម្រាប់បញ្ជីពេញដែលមានបច្ចុប្បន្នភាព!
ពាក្យបរទេស | សរសេរជាខ្មែរ | ប្រភពពាក្យ | ឯកសារយោង |
---|---|---|---|
Apartment | អាផាទមិន | English | |
Balle | បាល់ | French | Chuon Nath 1953 |
Bethléem | បេថ្លេអេម | French | Chuon Nath 1953 |
Beton | បេតុង | French | Chuon Nath 1953 |
Bidon | ប៊ីដុង | French | Chuon Nath 1953 |
Bifteck | ប៊ិហ្វតិក | French | Chuon Nath 1953 |
Biscuit | ប៊ិស្គ្វីត៍/ប៊ិសគ្វីត៍ | French | Chuon Nath 1953 |
Bluetooth | ប៊្លូធូស | ||
Brand | ប្រ៊ែន/ប្រ៊ែនត៍ | English | |
Caoutchouc | កៅស៊ូ | French | Chuon Nath 1953 |
Channel | ឆានែល/កាណែល | ||
Chercher | ឆែកឆេរ | French | Chuon Nath 1953 |
Chimie | គីមី | French | Chuon Nath 1953 |
Comment | ខម្មិន្ត | English | |
Conseiller/Conseillère | កុង្សីយ៍ | French | Chuon Nath 1953 |
Contact | កុងតាក់ | French | Chuon Nath 1953 |
Cookie | ខូគី | English | |
Copernic | កូពែរ៍និច | ទស្សនាវដ្ដីសាស្ត្រាចារ្យ 1966 | |
Courrier | គួរីយេរ | French | Chuon Nath 1953 |
Design | ឌីហ្សាញ | ||
Dictée | ឌិកតេ | French | Chuon Nath 1953 |
Download | ដោនឡូត | English | |
អ៊ីមែល | English | ||
Enquête | អង្កេត/អង្កែតិ៍ | French | Chuon Nath 1953 |
Express | អិច្សប្រេស | English | |
ហ្វេសប៊ុគ | English | ||
Fast | ហ្វាសត៍ | English | |
Font | ហ្វុង/ហ្វុងត៍ | ||
Friend | ហ្វ្រេន/ហ្វ្រេនត៍ | ||
Galilleo-Galillei | ក្ហាលីលេអូ-ក្ហាលីលេអ៊ី | ទស្សនាវដ្ដីសាស្ត្រាចារ្យ 1966 | |
Gazette | កាសែត | French | Chuon Nath 1953 |
Hardware | ហាដវែរ | English | NCKL |
អ៊ីនស្តាក្រាម | English | ||
Internet | អ៊ីនធឺណិត | ||
Isaac Newton | អ៊ីហ្សាអាក់ ញូវតុន | ទស្សនាវដ្ដីសាស្ត្រាចារ្យ 1966 | |
Kepler | គេព្លែរ៍ | ទស្សនាវដ្ដីសាស្ត្រាចារ្យ 1966 | |
Like | ឡៃគ៍/ឡែគ | ||
Lot | ឡូ/ឡូត៍ | French | Chuon Nath 1953 |
Marketing | ម៉ាឃិធីង | English | |
Minimal | មិនីមល | English | |
Médaille | មេដាយ | French | Chuon Nath 1953 |
Nylon | នីឡុង | French | Chuon Nath 1953 |
Online | អនឡាញ | English | |
Page | ផេជ | English | |
Pelle | ប៉ែល | French | Chuon Nath 1953 |
Phare | ហ្វារ | French | Chuon Nath 1953 |
Podcast | ផតខាសត៍ | English | |
Porcelaine | ពរ្សឺឡែន | French | Chuon Nath 1953 |
Poste | ប៉ុស្តិ៍ | French | Chuon Nath 1953 |
Profile | ប្រូហ្វៃល៍ | English | |
Program | ប្រូក្រាម | English | |
Programmer | ប្រូក្រាម្មឺរ | ||
Programming | ប្រូក្រាម្មីង | ||
Salade | សាលាដ/សាលាដិ៍ | French | Chuon Nath 1953 |
Share | ស៊ែរ | English | |
Sirop | ស៊ីរ៉ូប៍/ស៊ីរ៉ូ (សេរ៉ូ) | French | Chuon Nath 1953 |
Sprite | ស្ព្រ៉ៃ/ស្ព្រ៉ៃត៍ | ||
Sticker | ស្ទិគ័រ | English | |
Studio | ស្ទូឌីយ៉ូ | English | |
Style | ស្ទីល/ស្ទ៉ាយ | ||
Telegram | តេឡេក្រាម | ||
Tent/Tente | តង់ (តេនតិ៍/តង់តិ៍) | French | Chuon Nath 1953 |
Tontine | តុងទីន | French | Chuon Nath 1953 |
Tracteur | ត្រាក់ទ័រ | French | Chuon Nath 1953 |
ធ្វីតតឺរ/ធ្វិទ្ទ័រ? | English | ||
Unicode | យូនិកូដ | ||
Update | អាប់ដេត | English | NCKL |
Upgrade | អាប់គ្រេត | English | NCKL |
Valise | វ៉ាលិស | French | Chuon Nath 1953 |
Vanilla | វ៉ានីឡា | English | |
Vitamine | វីតាមីន | French | Chuon Nath 1953 |
Wi-Fi | វ៉ាយហ្វាយ |
Leave a Reply