នេះជាលើកទីបីហើយ ដែលខ្ញុំបានចូលរួម BITS10 រាប់តាំងពីឆ្នាំ 2018 មក។
កាលពីសប្ដាហ៍កន្លងទៅនេះ (2-4 វិច្ឆិកា 2023) សន្និសីទ BITS បានធ្វើឡើងជាថ្មីម្ដងទៀត ក្រោយអាក់ខានអស់រយៈពេលពេលជាងបីឆ្នាំ ដោយសារតែបញ្ហាជំងឺកូវីត។
BITS ពីដើមមានឈ្មោះពេញថា Bangkok International Typography Symposium បានផ្លាស់ប្ដូរឈ្មោះមកជា Brand Identity and Typography Symposium ឬហៅថា BITS10 នៅឆ្នាំ 2023 នេះ។
ការផ្លាស់ប្ដូរឈ្មោះ កើតឡើងដោយសារតែរយៈពេលជាងដប់ឆ្នាំនៃការរៀបចំសន្និសីទនេះ ក្រុមការងារ BITS មើលឃើញអំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធិរវាង អត្តសញ្ញាណប្រ៊ែនត៍ (Brand Identity) និង ការប្រើប្រាស់អក្សរ (Typography) ដែលកើតមានក្នុងវិស័យឌីហ្សាញក្រាហ្វិកទាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអន្តរជាតិ។
សន្និសីទដ៏សំខាន់មួយក្នុងតំបន់
BITS ជាសន្និសីទឌីហ្សាញដ៏សំខាន់និងធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើង ជាទីកន្លែងជួបជុំអ្នកជំនាញនិងអ្នកចាប់អារម្មណ៍ក្នុងវិស័យទាំងពីរនេះ ដោយមានអ្នកចូលរួមមកពីគ្រប់ទិសទីនៃពិភពលោក។
រៀបចំដោយក្រុមហ៊ុន Cadson Demak និងមានលោក Anuthin Wongsunkakon ជាអ្នកផ្ដួចផ្ដើមពីឆ្នាំ 2010 មក, ព្រឹត្តិការណ៍ BITS ទទួលបានការគាំទ្រ និងការចូលរួមពីដៃគូសហការជាច្រើននាពេលកន្លងមក ទាំងក្នុងតំបន់និងក្រៅតំបន់ដូចជា CommDE, CommMA, Type Network, Monotype, Morisawa, Google Fonts ។ល។
ហើយឆ្នាំនេះ យើងបាននាំក្រុមការងារ Anagata Design ទៅចូលរួមដែរ។
ការជួបជុំមិត្តភក្ដិ
ក្រោយជាងបីឆ្នាំនៃជំងឺកូវីត ខ្ញុំរីករាយបានជួបមិត្តភក្ដិរួមជំនាញ ទាំងចាស់ទាំងថ្មី ដែលនៅជ្រុងម្ខាងទៀតនៃពិភពលោក។ យើងបានជជែកគ្នាអំពីបញ្ហា ដំណោះស្រាយ បទពិសោធន៍ និងគំនិតថ្មីៗ នៅក្នុងការងារនិងការស្រាវជ្រាវផ្សេងៗ។
ពេលខ្លះ ការជួបជុំគ្នាបែបនេះ វាមានសារសំខាន់ណាស់ ដើម្បីជំរុញភាពច្នៃប្រឌិតនិងលើកទឹកចិត្តគ្នា ឱ្យបន្តទៅមុខទៀតក្នុងជំនាញរៀងៗខ្លួន។ អ៊ីចឹង ម្ដងម្កាល ប្រសិនបើអ្នកមានឱកាសទៅចូលរួមសន្និសីទឬកម្មវិធីណាមួយក្នុងជំនាញរបស់អ្នក អ្នកគួរតែចូលរួម ដើម្បីបើកចិត្តគំនិតឱ្យកាន់តែធំទូលាយជាងមុន។
បទបង្ហាញរបស់ខ្ញុំ
ឆ្នាំនេះលើសពីឆ្នាំមុនៗ គឺខ្ញុំបានឡើងធ្វើបទបង្ហាញជាមួយក្រុមការងារ និងមិត្តភក្ដិរួមគម្រោង ទៅលើប្រធានបទចំនួនពីរ។
Learning Curve: Reconnecting Typography and Brand Identity Design in Cambodia
នេះជាបទបង្ហាញទីមួយក្នុងថ្ងៃទីមួយ (Discussion Day) ដែលខ្ញុំនិងបុត្រ ជជែកគ្នាអំពីបទពិសោធន៍ការងារជាងបួនឆ្នាំនៅ Anagata Design។
ការជជែកនេះ ពួកយើងបង្ហាញឧទាហរណ៍និងមេរៀនពីអតីតកាល នូវការយកចិត្តទុកដាក់របស់អ្នកឌីហ្សាញក្រាហ្វិក និងអ្នកគូរអក្សរ (សិល្បៈអក្សរ) ដែលបានឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណរបស់ក្រាហ្វិកឌីហ្សាញខ្មែរ។
តាមរយៈការសង្កេតនិងធ្វើការក្នុងវិស័យនេះក្នុងពេលបច្ចុប្បន្ន យើងឃើញនូវបញ្ហានៃ ការប្រើប្រាស់មិនស្របគ្នារវាង ការឌីហ្សាញអត្តសញ្ញាញក្រុមហ៊ុន និង ការប្រើប្រាស់អក្សរ ហើយយើងសាកល្បងផ្សារភ្ជាប់វិស័យទាំងពីរនេះឡើងវិញ តាមរយៈគម្រោងដែលយើងបានធ្វើទៅឱ្យអតិថិជន។
Grab Community: Custom Typeface as a Brand Building Tool
នៅ Anagata Design ក្រៅពីការងាររចនាអត្តសញ្ញាណប្រ៊ែនត៍ ពួកយើងមានសេវាកម្មរចនាពុម្ពអក្សរថ្មី សម្រាប់អតិថិជនដែលជាសហគ្រាសជាតិនិងអន្តរជាតិ។
ក្នុងនោះដែរ ពួកយើងបានរួមសហការជាមួយ Sueh Li (huruf type) នៅម៉ាឡេស៊ី ដើម្បីបំពេញគម្រោងពុម្ពអក្សរថ្មីទៅឱ្យអតិថិជនយើងគឺ Grab។ ខ្ញុំបានរួមចំណែកផ្នែកពុម្ពអក្សរខ្មែរ។
នៅថ្ងៃនោះ យើងក៏មាននាយិកាផ្នែកច្នៃប្រឌិតប្រចាំក្រុមហ៊ុន Grab គឺ Carina Teo ចូលរួមជាមួយពួកយើង ដើម្បីបង្ហាញទៅកាន់អ្នកចូលរួម នូវការវិវឌ្ឍអត្តសញ្ញាណរបស់ Grab និងការសម្រេចចិត្តរបស់ក្រុមហ៊ុនចំពោះការរចនាពុម្ពអក្សរថ្មី សម្រាប់ភាសានៅតំបន់អាស៊ីអាគ្នេយ៍។
ប្រធានបទគួរឱ្យចាប់អារម្មណ៍ផ្សេងទៀត
បទបង្ហាញឆ្នាំនេះ លើកឡើងពីបញ្ហានិងប្រធានបទផ្សេងៗគ្នា ដែលសុទ្ធតែគួរឱ្យចាប់អារម្មណ៍។ ខ្ញុំមានប្រធានបទមួយចំនួន ដែលចង់និយាយបន្តិចៗនៅក្នុងសំណេរនេះ។
1. Lessons Learned – Roger Black
លោក Roger Black បានធ្វើការក្នុងវិស័យឌីហ្សាញអស់រយៈពេលជាង 50 ឆ្នាំមកហើយ។ នៅក្នុងបទបង្ហាញនេះ លោកលើកឡើងអំពីមេរៀនទាំងឡាយដែលលោកគិតថាមានសារសំខាន់ចំពោះមនុស្សជំនាន់ក្រោយ ជាពិសេសអ្នកធ្វើការក្នុងវិស័យបោះពុម្ពសៀវភៅ ទស្សនាវដ្ដី និងក្រាហ្វិក។ ខ្លឹមសារនៅក្នុងបទបង្ហាញនេះ ជាផ្នែកមួយនៃសៀវភៅដែលលោកនឹងបោះពុម្ពផ្សាយអនាគត។
2. Typewriters Redux – Santi Tonsukha
លោក Santi បានធំធាត់ឡើងជាមួយម៉ាស៊ីនអង្គុលីលេខនៅប្រទេសថៃ ហើយក្រោយមកលោកចាប់ផ្ដើមប្រមែប្រមូលម៉ាស៊ីនទាំងនោះមកសិក្សាស្វែងយល់អំពីភាពខុសគ្នារបស់ពួកវា និងការប្រើប្រាស់នៅក្នុងសង្គមថៃពីអតីតកាល។
ដោយសារសព្វថ្ងៃនេះ ខ្ញុំមានប្រធានបទស្រដៀងគ្នាដែលត្រូវសិក្សាស្រាវជ្រាវដែរ ខ្ញុំបានជជែកសួរនាំលោក Santi បន្ថែមលើកិច្ចការងារនេះ ហើយសង្ឃឹមថាខ្ញុំនឹងអាចសរសេររៀបរាប់អំពីការសិក្សាមួយនេះនៅថ្ងៃអនាគតដែរ។
3. How SandollCloud changed the Korean design industry and market? – Chorong Kim
បើក្រឡេកមើលប្រទេសដទៃនៅជុំវិញតំបន់អាស៊ី ពួកយើងជួបប្រទះបញ្ហាប្រហាក់ប្រហែលគ្នា ដូចជាការលួចចម្លងនិងចែកចាយពុម្ពអក្សរ កង្វះខាតដំណោះស្រាយ និងភាពស្មុគស្មាញក្នុងការទិញពុម្ពអក្សរមកប្រើប្រាស់ឱ្យស្របច្បាប់។
ដោយឃើញបញ្ហានៅក្នុងទីផ្សារប្រទេសកូរ៉េ, ក្រុមហ៊ុន Sandoll បានបង្កើតផ្លាតហ្វមមួយកាលពីឆ្នាំ 2014 គឺ SandollCloud ដើម្បីផ្ដល់និងចែកចាយពុម្ពអក្សរមកពីជុំវិញពិភពលោក តម្រូវនឹងទីផ្សាររបស់ប្រទេសកូរ៉េ ដោយផ្ដល់ភាពងាយស្រួលក្នុងការទិញពុម្ពអក្សរយកទៅប្រើប្រាស់។
4. Will that work? Let’s try out with the students – Hsin Yin Low, Vinod J. Nair
ការបង្រៀនផ្នែកមុទ្ទវិជ្ជា (typography) មិនមែនមានវិធីសាស្ត្រតែម្យ៉ាងទេ គឺគេអាចយកវត្ថុនិងគំនិតផ្សេងៗ មកបង្កើតជាមេរៀនបានច្រើនយ៉ាង។
នៅក្នុងនេះ Hsin Yin និង Vinod បានប្រើវិធីសាស្ត្រម្យ៉ាង ដោយឱ្យសិស្សយករូបភាពណាមួយ មកកាត់ចេញជាអក្សរ ហើយស្វែងយល់អំពីចរិតលក្ខណៈនៃរូបរាងទាំងនោះ ហើយបង្កើតជាតួអក្សរផ្សេងៗទៀត។
ខ្ញុំចាប់អារម្មណ៍ប្រធានទនេះណាស់ ព្រោះខ្លឹមសារពីបទបង្ហាញនេះ ផ្ដល់គំនិតថ្មីៗសម្រាប់ខ្ញុំនិងអ្នកចូលរួម យកទៅអនុវត្តក្នុងការបង្រៀនផ្នែកអក្សរនៅថ្ងៃក្រោយបាន។ នៅកម្ពុជា ហាក់មិនទាន់មានវគ្គសិក្សាណាមួយ សង្កត់ធ្ងន់លើការប្រើប្រាស់និងរចនាតួអក្សរឡើយ។
កម្មវិធីល្អ ម្ហូបឆ្ងាញ់
ត្រូវហើយ ប្រធានបទល្អៗមានច្រើន ហើយជួបអ្នកពូកែៗក៏ច្រើន តែយើងមិនអាចបំភ្លេចម្ហូបឆ្ងាញ់ៗទេ! 😄
ជួបគ្នាឆ្នាំក្រោយ…
មិនមែនមានតែខ្ញុំម្នាក់ទេ គឺអ្នកចូលរួមសឹងតែគ្រប់គ្នា សរសើរនិងពេញចិត្ត BITS នៅឆ្នាំនេះ។ កត្តាមួយដ៏សំខាន់ដែលខ្ញុំបានឃើញនៅឆ្នាំនេះ គឺភាពចម្រុះរបស់ប្រធានបទនិងអ្នកចូលរួម និងឱកាសបង្ហាញវត្តមានសម្រាប់វាគ្មិននៅក្នុងតំបន់អាស៊ី ទៅកាន់អ្នកចូលរួមមកពីតំបន់ផ្សេងៗទៀត។
អរគុណ BITS និង Cadson Demak ដែលបានរៀបចំសន្និសីទមួយនេះ ហើយខ្ញុំសង្ឃឹមថាយើងនឹងជួបគ្នាម្ដងទៀតនៅឆ្នាំក្រោយ!
Leave a Reply