បិទភ្នែក បើកភ្នែក មួយឆ្នាំទៀតទៅហើយ!
ការឆ្លុះបញ្ចាំងខ្លួនឯង (ដោយមិនប្រើ x-ray) មិនមែនជាទម្លាប់ខ្ញុំប៉ុន្មានទេ ប៉ុន្តែឆ្នាំនេះហាក់ខុសប្លែកពីឆ្នាំរាល់ដងដែលធ្លាប់តែអ្វីៗមានសភាពស្មើៗ មិនរំជើបរំជួលខ្លាំង។ ខណៈឆ្នាំនេះ ឡើងចុះៗ ស្រដៀងនឹងអាកាសធាតុស្រុកខ្មែរដែរ។
ខ្ញុំជឿថា គ្រប់គ្នាសុទ្ធតែរងឥទ្ធិពលពីកូវីត បញ្ហាហិរញ្ញវត្ថុ បញ្ហាសេដ្ឋកិច្ច ដែលរហូតដល់ប៉ះពាល់ផ្លូវចិត្ត។ ធ្វើឱ្យអ្នកខ្លះរួមទាំងខ្ញុំ ស្វែងរកព្រះធម៌ ស្ដាប់ ប្រតិបត្តិដោយអន្លើ ឱ្យការគិតល្អជាងមុន។ តែក៏នៅមានអ្នកខ្វះសេចក្ដីសុខផ្លូវចិត្ត នាំឱ្យគេស្វែងរកវិធីសាស្ត្រនិងជំនឿផ្សេងៗ ដោយសង្ឃឹមរឿងវិជ្ជមាននៅអនាគតដែលមើលមិនឃើញ។
ឆ្នាំនេះ ក៏ឃើញប្រជាជនខ្មែររួមទាំងខ្ញុំដែរ (សុំភ្ជាប់ខ្លួនខ្ញុំច្រើនបន្តិច) ស្វះស្វែងរក្សាសុខភាពផ្លូវកាយដែរ តាមការហាត់ប្រាណ តាមការហូបចុកឱ្យមានប្រមាណ។ មែនទែនទៅ ការហាត់ប្រាណនេះ ប្រាកដណាស់ថានឹងជួយយើងឱ្យរស់បានយូរ តែគ្រាន់តែយូរក្នុងក្របខណ្ឌសុខភាពប៉ុណ្ណោះ យើងនៅតែមើលថ្ងៃអនាគតមិនឃើញដូចតែគ្នាហ្នឹង។
ខ្ញុំពីដំបូងមិនចង់សរសេរការឆ្លុះបញ្ចាំងនេះប៉ុន្មានទេ ប៉ុន្តែបំណាច់បានចាប់ផ្ដើមវ៉ិបសៃត៍រួចទៅហើយ ត្រូវតែសរសេរទុកឆ្លុះខ្លួនឯងនៅឆ្នាំក្រោយ ហើយក៏ដើម្បីចែករំលែករឿងខ្លះៗជូនមិត្តអ្នកអាន។
ខ្ញុំអាន
ខ្ញុំមានទម្លាប់អានតែរហូតទេ ប៉ុន្តែឆ្នាំនេះខ្ញុំអានបានច្រើនជាងមុន ហើយចេះអានសៀវភៅរឿង ឱ្យមានការកម្សាន្តខ្លះ។ ពីមុនៗ ខ្ញុំអានតែសៀវភៅទស្សនវិជ្ជា ចិត្តវិទ្យា វិទ្យាសាស្ត្រ និងសៀវភៅអប់រំផ្សេងៗ។
ខ្ញុំមិនចាំថាបានអានសៀវភៅណាខ្លះទេក្នុងឆ្នាំនេះ ហើយសៀវភៅខ្លះខ្ញុំប្រហែលអានចប់ពីឆ្នាំទៅផង។ យ៉ាងណាខ្ញុំនឹងរៀបរាប់សៀវភៅមួយចំនួននៅខាងក្រោម។
កម្រងរឿង ស៊័រឡក់ ហូលម៍ ជាភាសាខ្មែរ
ខ្ញុំធ្លាប់ឮអំពីកម្រងរឿងនេះយូរមកហើយ ជាភាសាអង់គ្លេស។ ហើយជាងប្រាំឆ្នាំមុន មិនដឹងមានអ្វីបណ្ដាលចិត្តឱ្យខ្ញុំចាប់អារម្មណ៍មើលរឿង ស៊័រឡក់ ហូលម៍ នៅលើ Netflix រហូតដល់ខ្ញុំមានកូនចិត្តចង់អានរឿងដើមរបស់លោក អាធ័រ ខូណាន់ ដូយលិ៍ ជាភាសាខ្មែរ ប៉ុន្តែមិនទាន់មានអ្នកធ្វើ។
រហូតដល់ឆ្នាំទៅមិញ ខ្ញុំបានជួបបងស្រី ហួត សុជាតា (គ្រឹះស្ថានបោះពុម្ពផ្សាយ អវតារ Avatar) គាត់ក៏បង្ហើបអំពីគម្រោងបកប្រែកម្រងរឿងនោះចំនួនបីភាគ។ ខ្ញុំក៏សុំស្ម័គ្រចិត្តជួយអាន!
ក្បួនស៊ើបអង្កេតដែលលោក អាធ័រ បានសរសេរឱ្យតួអង្គ ស៊័រឡក់ រួមទាំងសាច់រឿងដែលកើតមាននៅក្នុងនោះ វាប្រទាក់ក្រឡាគ្នា ដែលសូម្បីតែយើងទាយទុកមុន ក៏សឹងទាយមិនត្រូវផង!
បច្ចេកទេសប្រែសម្រួលរបស់បង សុជាតា កាន់តែធ្វើឱ្យសាច់រឿងនោះទាក់ចិត្តថែមទៀត ត្បិតគាត់ប្រែសម្រួលតាមរបៀបខ្មែរ ពាក្យពេចន៍ ឃ្លោងឃ្លាទៀតសោត ងាយអាន។ ធ្វើឱ្យខ្ញុំនឹកឃើញក្បួនសរសេរនិងប្រែសម្រួលរបស់លោកតា ជុត ខៃ, អ្នកគ្រូបណ្ឌិត ប៉ែន សេដ្ឋារិន, លោក ប៉ាន សុធី ជាដើម ដែលកិច្ចការនីមួយៗរបស់លោក មានលក្ខណៈខ្មែរ អានហើយមិនធុញទ្រាន់។
Sapiens: A Brief History of Humankind
លោក Yuval Noah Harari ជាប្រវត្តិវិទូ ជនជាតិអ៊ីស្រាអែល បានសរសេរសៀវភៅនេះ ដោយបង្ហាញអំពីប្រវត្តិសាស្ត្ររបស់មនុស្ស ដោយផ្ដល់ទស្សនៈទូលំទូលាយឱ្យអ្នកអានអាចស្វែងយល់អំពីដំណើរប្រព្រឹត្តិទៅរបស់មនុស្សជាតិ របបនយោបាយ សេដ្ឋកិច្ច ធាតុអាកាស ជីវសាស្ត្រ សាសនា…
ក្រោយអានសៀវភៅនេះហើយ ចិត្តគំនិតខ្ញុំបើកទូលាយជាងមុន អាចគិតពិចារណាពីជ្រុងផ្សេងៗនៃបញ្ហា មុននឹងវាយតម្លៃជារួមទៅលើបញ្ហាទាំងនោះ។
ខ្ញុំនៅត្រូវអានសៀវភៅពីរក្បាលទៀតរបស់គាត់គឺ Humo Deus និង 21 Lessons for 21th Century។
Atomic Habits
ខ្ញុំមិនគិតថាខ្លួនខ្ញុំជាមនុស្សដែលមានទម្លាប់ល្អប៉ុន្មានទេ ហើយក៏ពិបាកនឹងរក្សាទម្លាប់ឬសកម្មភាពណាមួយឱ្យបានជាប់លាប់ដែរ។
នៅពេលចង់ធ្វើអ្វីមួយ ខ្ញុំតែងតែគិតថា បើធ្វើវាមិនបានធំទេ ខ្ជិលធ្វើតែម្ដង! ប៉ុន្តែ ក្រោយអានសៀវភៅ Atomic Habits នេះហើយ ទើបខ្ញុំផ្លាស់ប្ដូរការគិតទៅមួយផ្លូវទៀត។
រឿងជាច្រើន គឺកើតពីសកម្មភាពនិងលទ្ធផលតូចៗ ដែលពូនផ្ដុំទៅជារឿងធំមួយបាន។ នៅក្នុងសៀវភៅនេះ James Clear បានយកគំនិតនៅក្នុងសៀវភៅ The Power of Habit (ខ្ញុំមិនទាន់បានអានទេ) ហើយមកសម្រាយតាមមួយបែបទៀត ដើម្បីឱ្យអ្នកអានងាយស្រួលអនុវត្តក្នុងកម្រិតបុគ្គលម្នាក់ៗ។
សៀវភៅនេះបានធ្វើឱ្យខ្ញុំចាប់ផ្ដើមសរសេរបានជាប់លាប់ជាងមុន អានបានច្រើនជាងមុន សូម្បីតែសរសេរបានមួយបន្ទាត់ ឬអានបានមួយទំព័រ ក៏ចាត់ទុកថាជាការរីកចម្រើនដែរ!
Many people think they lack motivation when what they really lack is clarity. It is not always obvious when and where to take action. Some people spend their entire lives waiting for the time to be right to make an improvement.
…
The best is the enemy of the good.
The Psychology of Money, Morgan Housel
The Psychology of Money
ខ្ញុំធ្លាប់អានសៀវភៅជោគជ័យ សៀវភៅគេឱ្យស្រមើស្រមៃរឿងលុយ តែអានអស់ប៉ុន្មានក្បាលទៅ វាដូចជាមិនសមហេតុផលសោះ!
យ៉ាងណា ក្រោយអានសៀវភៅ The Psychology of Money ខ្ញុំចាប់ផ្ដើមយល់ច្បាស់ជាងមុនថា ភាពមានបាន (មានលុយ ឬ អត់លុយ) ការចាយវាយ គឺសំខាន់ត្រង់ការគ្រប់គ្រងផ្លូវចិត្ត និងការយល់ចំពោះវត្តមានរបស់លុយនោះ។
នៅក្នុងនេះ អ្នកនិពន្ធបង្ហាញអំពីចិត្តសាស្ត្រនៅពីក្រោយការចាយវាយ ការវិនិយោគក្នុងទីផ្សារមូលបត្រ ការសន្សំប្រាក់ និងមូលហេតុពីក្រោយការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗលើការចាយវាយ។
Getting Wealthy vs. Staying Wealthy
Good investing is not necessarily about making good decisions. It’s about consistently not screwing up.
The Psychology of Money, Morgan Housel
Start with Why: How Great Leaders Inspire Everyone to Take Action
ខ្ញុំធ្លាប់ស្ដាប់បទបង្ហាញរបស់ Simon Sinek និងកិច្ចពិភាក្សារបស់គាត់តាមវីដេអូផ្សេងៗ តែមិនធ្លាប់អានអានសៀវភៅគាត់ឡើយ។ ទើបតែប៉ុន្មានខែមុនខ្ញុំអានសៀវភៅ Start with Why ដែលបានធ្វើឱ្យខ្ញុំយល់ច្បាស់បន្ថែមទៀត អំពីភាពជាអ្នកដឹកនាំ និងរបៀបដឹកនាំមនុស្ស-ស្ថាប័ន តាមការដែលមានទស្សនៈវិស័យ និងហេតុផល។
ខ្ញុំសុំណែនាំសៀវភៅនេះទៅអ្នករាល់គ្នា ត្បិតអីខ្លឹមសារនៅក្នុងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីរបៀបដឹកនាំមនុស្សឱ្យប្រកាន់ខ្ជាប់នូវការជឿជាក់លើខ្លួនឯង និងជឿជាក់លើស្ថាប័នដែលខ្លួនកំពុងបម្រើការងារឱ្យ។
មិត្តភក្ដិខ្ញុំម្នាក់ជាអ្នកប្រឹក្សាផ្នែកគ្រប់គ្រង ត្រូវក្រុមហ៊ុនខ្នាតប៊ីលានដុល្លារមួយជួលនាងទៅជួយបំពេញគោលដៅនិងមហិច្ឆតារបស់គេ។ នាងពន្យល់ថា បញ្ហាដែលកើតមាន មិនថាបញ្ហាធំតូចប៉ុណ្ណា គឺអ្នកគ្រប់គ្រងក្រុមហ៊ុននោះតែងតែទៅរកដំណោះស្រាយលឿននិងធូរថ្លៃ ជំនួសឱ្យដំណោះស្រាយដែលមានប្រសិទ្ធភាពយូរអង្វែង។ ដូចអ្នកប្ដូររបបអាហារចុះឡើងៗតាមនឹកឃើញដែរ គឺថា «ពួកគេមិនដែលមានពេលនិងលុយដើម្បីធ្វើវាឱ្យត្រឹមត្រូវពីដំបូងទេ ប៉ុន្តែពួកគេតែងតែមានពេលនិងលុយធ្វើវាឡើងវិញដដែលៗ»។
Start with Why, Simon Sinek
សៀវភៅផ្សេងទៀត
នៅមានសៀវភៅដទៃទៀតដែលខ្ញុំបានអាន ដូចជា៖
- កម្រងរឿងក្រៅភព, គ្រឹះស្ថានអវតារ
- រឿងឆ្មាសុរិយា, គ្រឹះស្ថានអវតារ
- ខ្មោចព្រាយអសុរកាយ, ជុត ខៃ
… ហើយខ្ញុំភ្លេចអស់ហើយថាបានអានសៀវភៅអ្វីទៀត? ប៉ុណ្ណឹងច្រើនហើយសម្រាប់ខ្ញុំ ព្រោះឆ្នាំៗទៅ មិនសូវបានអានផងនោះ!
ខ្ញុំសរសេរ
ឆ្នាំ២០២៣ ទុកថាជាឆ្នាំដែលខ្ញុំចាប់ផ្ដើមសរសេរច្រើនជាងមុន។ ប្រសិនបើបានស្គាល់ខ្ញុំកាលពីឆ្នាំ២០១០ ប្រហែលចាំថាខ្ញុំធ្លាប់សរសេរប្លក់នៅសហគមន៍ WordPress និងវ៉ិបសៃត៍ IT4UG.net។ កាលនោះឡូយដែរ សរសេរបានជាង៥០០អត្ថបទឯណោះ!
ខ្ញុំផ្អាកសរសេរតាំងពីឆ្នាំ២០១៥ រហូតដល់ចុងឆ្នាំ២០២២ ទើបចាប់ផ្ដើមចង់សរសេរឡើងវិញ ដោយសរសេរអំពីខ្លួនឯងផង រឿងការងារជំនាញយើងផង និងទស្សនៈទូទៅក្នុងសង្គម ដោយប្រកាន់គោលជំហរកណ្ដាល និងវិជ្ជាជីវៈ។
នៅពេលខ្ញុំបានសរសេរវិញ ហាក់ដូចជាខ្ញុំយកខ្លួនឯងពីក្នុងអណ្ដូងដ៏ជ្រៅមួយ មកខាងលើវិញម្ដងបន្តិចៗ។
ការសរសេរ មិនត្រឹមតែជួយឱ្យខ្ញុំអាចបញ្ចេញទស្សនៈបានច្រើនជាងមុននោះទេ តែក៏ឱ្យអ្នកអានចូលរួមជាមួយខ្ញុំដើម្បីជជែកនិងស្វែងយល់លើប្រធានបទណាមួយបានកាន់តែល្អនិងស៊ីជំម្រៅ។
សំណេរទាំងឡាយនឹងស្ថិតនៅក្នុងបណ្ដាញអ៊ីនធឺណិតដ៏ធំ ដែលអ្នកអានផ្សេងៗអាចរកឃើញ អាចអានបាន គ្រប់ពេលវេលា និងងាយស្រួលរកមើលចំណុចដែលខ្លួនចង់ដឹង។
បច្ចុប្បន្នខ្ញុំមិនសូវសរសេរច្រើនលើបណ្ដាញសង្គមដូចមុនទៀតទេ។ ប្រសិនបើចង់និយាយអំពីប្រធានបទណាមួយ ខ្ញុំយកមកសរសេរលើប្លក់វិញ ទុកបានយូរ ងាយស្រួលបង្ហាញសេចក្ដីអស់ជាង។ សម្រាប់ខ្ញុំ ការសរសេរជួយឱ្យខ្ញុំនិយាយបានល្អជាងមុន។
ខ្ញុំសរសេរនៅទីនេះ sovichet.com និងនៅ khmertypography.com។
ខ្ញុំនិយាយ
ខ្ញុំខានទៅបង្រៀនឌីហ្សាញពុម្ពអក្សរខ្មែរ និងធ្វើបទបង្ហាញ អស់ពេលជិតបីឆ្នាំហើយ!
ឆ្នាំនេះ ខ្ញុំមានឱកាសទៅចូលរួមកម្មវិធី BITS10 នៅបាងកក ដោយនិយាយលើប្រធានបទពីរផ្សេងគ្នា និងបានជួបជាមួយមិត្តភក្ដិចាស់ថ្មី ចែករំលែកបទគំនិតនិងទស្សនៈជុំវិញជំនាញសព្វថ្ងៃ។
ក្រៅពីនេះ ខ្ញុំព្យាយាមជួបអ្នកនៅក្នុងវិស័យនានា និងរៀបចំវគ្គបង្រៀនម្ដងម្កាលនៅក្នុងស្រុក ដើម្បីចែករំលែកវិជ្ជាគុនដែលខ្ញុំមាន។
ការងារខ្ញុំសព្វថ្ងៃខាងឌីហ្សាញពុម្ពអក្សរ ក្រៅតែអំពីការធ្វើអក្សរមើលទៅមានក្បូរក្បាច់ស្អាតម្យ៉ាង ក៏ត្រូវការពុម្ពអក្សរដែលអាចប្រើត្រូវតម្រូវការ និងដោះស្រាយបញ្ហានានាដែលអតិថិជនត្រូវការ។ ការធ្វើបែបនេះ ទាមទារការសិក្សាស្រាវជ្រាវ ការបង្រៀនទៅអតិថិជន និងការស្វែងរកដំណោះស្រាយដ៏សមស្របដើម្បីសម្រេចកិច្ចការទាំងនោះ។
អ៊ីចឹងហើយ តាមតែអាចធ្វើទៅរួច ខ្ញុំបានជជែកអំពីប្រធានបទនេះបានខ្លះដែរនាពេលកន្លងមក ហើយសង្ឃឹមថាអាចធ្វើបន្ថែមទៀតទៅអនាគត។
ខ្ញុំចប់សេចក្ដីត្រឹមប៉ុណ្ណេះ! នេះគ្រាន់តែជាអត្ថបទផ្ទាល់ខ្លួន ចាត់ទុកថាខ្ញុំសរសេររំឭកខ្លួនឯង និងចែករំលែកដំណើរជីវិតខ្លះៗដល់មិត្តអ្នកអានរាល់គ្នា។
រីករាយឆ្នាំសាកល ២០២៤!
Leave a Reply