ធ្លាប់មានគេសួរខ្ញុំថាបើចង់រៀនគូរពុម្ពអក្សរ តើគួររៀនពីណាទៅ? រៀនរបៀបណា? និងត្រូវដឹងអ្វីខ្លះជាមុនសិន?
ខ្ញុំអាចឆ្លើយសំណួរនេះរបៀបផ្សេងៗទៅតាមអ្នកសួរម្នាក់ៗ ប៉ុន្តែខ្ញុំគិតថាអ្វីដែលគ្រប់គ្នាគួរតែដឹងជាមុននោះគឺ បើចង់រៀន តើការរៀននោះប្រព្រឹត្តិទៅតាមទម្រង់បែបណា?
នៅក្នុងអត្ថបទនេះ ខ្ញុំមិនលើកឡើងអំពីដំណាក់កាលនៃការរៀនគូរពុម្ពអក្សរទេ ប៉ុន្តែខ្ញុំចង់បង្ហាញអំពីសកម្មភាពទូទៅនិងមូលដ្ឋានមួយចំនួននៃការសិក្សាជំនាញមួយនេះ។
ការគូរ & ការផលិត
ដើម្បីធ្វើឱ្យពុម្ពអក្សរមួយអាចប្រើការបាន វាត្រូវឆ្លងកាត់ដំណាក់កាលពីរធំៗគឺ «ការគូរ» (drawing) និង «ការផលិត» (develop)។ តាមការពន្យល់នៅកន្លែងផ្សេង គេអាចថាឆ្លងកាត់ដំណាក់កាលច្រើនផ្សេងៗ តែខ្ញុំសុំសង្ខេបមកត្រឹមពីរនេះ ដើម្បីឱ្យមិត្តអ្នកអានងាយចាប់សេចក្ដីបាន។
ការគូរ មានជំហានតូចៗផ្សេងទៀត ប៉ុន្តែអ្វីដែលគេត្រូវធ្វើក្នុងដំណាក់កាលនេះ គឺរកមើលរូបរាងអក្សរ, ទិសដៅដែលគេចង់បាន និងបំណែកផ្សេងៗដែលចាំបាច់ក្នុងការផ្គុំចេញជាតួអក្សរផ្សេងៗ។
ការផលិត ជាដំណាក់កាលបន្ទាប់មួយទៀត ដែលរួមបញ្ចូលផ្នែកបច្ចេកទេស, រៀបចំតួអក្សរឱ្យបានត្រឹមត្រូវ មើលថាខ្វះឬត្រូវបន្ថែមតួណាផ្សេងទៀត, រកមើលបញ្ហាប៉ះទង្គិចគ្នារវាងតួអក្សរ, មើលភាពចុះសម្រុងនៃអក្សរទាំងអស់, រកមើលកំហុសតូចៗដែលកើតឡើងដោយអចេតនា។ល។
ជាទូទៅ នៅក្នុងការងារបង្កើតពុម្ពអក្សរ គេធ្វើពីរនេះតំណាលគ្នាក៏បានដែរ ប៉ុន្តែសម្រាប់អ្នករៀន គេត្រូវរៀនដោយផ្ដោតតែទៅលើ ការគូរ តែម្យ៉ាងប៉ុណ្ណោះ។
ការគូរអក្សរ ជាសិល្បៈមួយបែប
ប្រាកដណាស់ ពេលគេប្រើប្រាស់ពុម្ពអក្សរមួយ គេត្រូវយកឯកសារឌិជីថល – .ttf, .otf, .woff, .woff2 – ទៅដំឡើងឬបញ្ចូលប្រើយ៉ាងណា ប៉ុន្តែឯកសារឌិជីថលនោះ វាគ្រាន់តែដើរតួជាមធ្យោបាយនាំយករូបរាងអក្សរដែលយើងបានគូរ យកទៅបង្ហាញនៅក្នុងប្រព័ន្ធឌិជីថលប៉ុណ្ណោះ។
ហេតុដូច្នេះ អ្វីដែលធ្វើឱ្យពុម្ពអក្សរមួយល្អ គឺគេត្រូវគូរតួអក្សរនោះឱ្យបានល្អជាមុនសិន។
ការគូរពុម្ពអក្សរ ពីដើមឡើយ គេចាត់ទុកថាជា សិប្បកម្ម (craft) ពីព្រោះអ្នកគូរត្រូវឆ្លាក់ដោយផ្ទាល់ដៃទៅលើពុម្ពសំណធំតូច ដើម្បីឱ្យអក្សរនោះនៅមើលបានច្បាស់ពេលយកទៅបោះពុម្ពលើក្រដាស។ របៀបនេះ ត្រូវការការអត់ធ្មត់យ៉ាងខ្លាំង ហើយក៏ត្រូវការការយល់ដឹងអំពីមូលដ្ឋាននៃតួអក្សរដែរ ដើម្បីអាចគូរឆ្លាក់អក្សរឱ្យបានសមស្របទៅតាមកាលៈទេសៈ និងបច្ចេកទេសដែលគេមាន។
ដោយចាត់ទុកការគូរអក្សរ ជាប្រភេទសិល្បៈម្យ៉ាង វារមែងត្រូវការក្បួនខ្នាត ការណែនាំឱ្យចេះមើលថាត្រង់ណាត្រូវ ត្រង់ណាខ្វះខាត។ ប្រៀបដូចអ្នករបាំ គេអាចរាំបានល្អ គឺត្រូវមានគ្រូណែនាំជួយបង្ហាញថាលើកដៃ ដាក់ជើង ពត់ពេន យ៉ាងម៉េចសមទៅតាមក្បួនខ្នាតផ្សេងៗ មិនឱ្យឆ្គាំឆ្គងដល់ទម្រង់អត្តសញ្ញាណ។ នៅពេលដែលគេយល់ច្បាស់អំពីឫសគល់និងក្បួនខ្នាតទាំងអស់នេះហើយ ទើបគេអាចបំបែកក្បាច់រាំ ដែលមានហៅជាអាទិ៍ថា សិល្បៈរបាំសហសម័យ។
តែថាទៅ រៀនអ្វីក៏ត្រូវធ្វើតាមក្បួនខ្នាតនិងមូលដ្ឋានគ្រឹះដែរ មិនអ៊ីចឹង? ?
រៀនចេះមើល រៀនចេះគូរ
តាមបទពិសោធន៍បង្រៀនរបស់ខ្ញុំកន្លងមក ខ្ញុំមើលតាមកម្រិតជំនាញរបស់អ្នករៀន ថាគាត់ចេះគូរអក្សរខ្លះ ឬចេះគូររូបខ្លះ ឬដឹងត្រឹមណា រួចហើយទើបខ្ញុំបង្រៀនបន្តតាមកម្រិតជំនាញរបស់គាត់។
យ៉ាងណា សម្រាប់ការរៀនជាទូទៅ គេត្រូវផ្ដើមយល់អំពីប្រវត្តិខ្លះៗរបស់អក្សរ ទំនាក់ទំនងនៃបម្រែបម្រួល លក្ខណៈរបស់តួអក្សរនីមួយៗ (ពុម្ពអក្សរខ្មែរ ត្រូវការប្រមាណ 280-360តួ) រួចហើយទើបគេចាប់ផ្ដើមបន្តសិក្សាលើសមាមាត្រ ខ្នាតតួអក្សរ របៀបភ្ជាប់តួមួយទៅតួមួយ និងការរក្សាភាពស៊ីគ្នានៃរូបរាងអក្សរនីមួយៗ (consistency/សង្គតិភាព)។
ជំនាញនេះ ត្រូវការការហ្វឹកហាត់រយៈពេលយូរ តែបើមានការដឹកដៃប្រាប់និងឱ្យមតិយោបល់ ម្នាក់នោះអាចគូរពុម្ពអក្សរបានល្អ ក្រោមរយៈពេលបីឆ្នាំ ឬលឿនជាងនេះ អាស្រ័យលើការយកចិត្តទុកដាក់។
ការសិក្សារយៈពេលវែងដែរ អាចបីខែ ឬជាថ្នាក់ឧត្ដមសិក្សា (មួយទៅពីរឆ្នាំ) សម្រាប់ជំនាញនេះតែម្ដង ប៉ុន្តែនៅស្រុកខ្មែរមិនទាន់មានកម្មវិធីសិក្សារបៀបនេះទេ។ ការសិក្សារបៀបនេះ គេបញ្ចូលបន្ថែមវិធីស្រាវជ្រាវ, ការសិក្សាពិស្ដារលើប្រវត្តិអក្សរនិងការបោះពុម្ព, ក្បួនមុទ្ទវិជ្ជាផ្សេងៗ (typography), ការបង្កើតពុម្ពអក្សរនានាជាតិ (multiple script fonts)។ល។
ចំណែកឯការរៀនរយៈពេលខ្លី (2-5ថ្ងៃ) ជាទូទៅគេសង្កត់ធ្ងន់លើការគូរតែម្ដង ដោយមានប្រាប់ខ្លះៗអំពីមូលដ្ឋានតួអក្សរ និងមានការសួរឆ្លើយទៅវិញទៅមកក្នុងពេលរៀនគូរនោះ។ អ្នករៀន អាចជ្រើសរើសគំរូពីតួអក្សរផ្សេងៗមកគូរតាម ឬអាចរកមើលគំនិតថ្មីៗដោយខ្លួនឯងក៏បាន ដោយមានការណែនាំបន្ថែម។
ការរៀនរយៈពេលខ្លី ថ្វីត្បិតមិនអាចឱ្យអ្នករៀន ទទួលបានចំណេះគ្រប់យ៉ាងក៏ដោយ ក៏ការរៀននេះ ជួយឱ្យគេចេះសង្កេតមើលពុម្ពអក្សរល្អឬមិនល្អ, ជួយឱ្យការប្រើប្រាស់និងគូរអក្សរក្នុងការងាររបស់គេប្រសើរជាងមុន ជាពិសេសគឺអ្នកឌីហ្សាញក្រាហ្វិកដែលត្រូវធ្វើការច្រើនជាមួយអក្សរ។
នរណាក៏អាចមើលស្គាល់អក្សរ នរណាក៏អាចគូរអក្សរបាន ប៉ុន្តែ ចេះមើល និង ចេះគូរ មិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបានទេ ប្រសិនបើបានមិនដឹងអំពីមូលដ្ឋានសំខាន់ៗ។ អ៊ីចឹងហើយ ទើបគេត្រូវរៀន គឺ រៀនឱ្យចេះមើល និង រៀនឱ្យចេះគូរ។
Leave a Reply