Author: Sovichet Tep

Khmer type designer: Tep Sovichet
អត្ថបទនេះផ្សាយដំបូងកាលពីឆ្នាំ 2019 នៅលើប្លក់របស់លោក ប៊ុន ថារម្យ ជាភាសាអង់គ្លេស។ អានអត្ថបទដើមនៅទីនេះ។ ទេព សុវិចិត្រ គឺជាអ្នកឌីហ្សាញអក្សរវ័យក្មេងមួយរូបនៅប្រទេសកម្ពុជា។ គាត់ធ្លាប់ចូលរួមយ៉ាងសកម្មក្នុងសហគមន៍បច្ចេកវិទ្យាកម្ពុជា នាពេលកន្លងមក។ នៅក្នុងបទសម្ភាសនេះ ខ្ញុំបានសាកសួរគាត់អំពីរឿងរ៉ាវដែលបណ្ដាលឱ្យគាត់ជាប់ចិត្តនឹងអក្សរខ្មែរ។ គាត់ក៏បានប្រាប់ខ្ញុំបន្ថែមអំពីប្រភពនិងបច្ចុប្បន្នភាពរបស់អក្សរខ្មែរដែរ។ អ្វីដែលជំរុញឱ្យគាត់ឌីហ្សាញអក្សរខ្មែរឱ្យបានល្អប្រសើរ គឺដើម្បីបំរើដល់តម្រូវការក្នុងសម័យឌីជីថលនេះ។ គាត់សម្លឹងឃើញខ្លួនឯងជា “មធ្យោបាយមួយជួយនាំឱ្យអក្សរខ្មែរទៅកាន់កម្រិតមួយទៀត ទាំងក្នុងស្រុកនិងអន្តរជាតិ។

Open Khmer School – ពុម្ពអក្សរសម្រាប់កុមារ
ការបង្កើតពុម្ពអក្សរសម្រាប់អាន គេត្រូវសិក្សាលើកត្តាមួយសំខាន់គឺ តើពុម្ពអក្សរនោះសម្រាប់អ្នកអានវ័យណា ប្រភេទណា? ពីព្រោះសំណួរនេះ នឹងជួយដល់ការរចនាពុម្ពអក្សរឱ្យបានសមស្របនៅក្នុងការប្រើប្រាស់ជាក់ស្ដែង។

ខ្ញុំចង់សរសេរជាងធ្វើវីដេអូ
ទោះបីសម័យឥឡូវ គេនិយមធ្វើវីដេអូឬថតសំឡេងផ្សាយ (ផតខាសត៍) យ៉ាងណា ចំពោះខ្ញុំផ្ទាល់គឺនៅតែចូលចិត្តការសរសេរជាង។ មែនទែនទៅ ខ្ញុំធ្លាប់បានធ្វើមាតិកាប្រភេទនោះខ្លះដែរ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាវាត្រូវការពេលវេលាច្រើន ទាំងថត ទាំងកាត់ ទាំងផ្ចិតផ្ចង់រូបភាពនិងចលនាផ្សេងៗ។ មានន័យថា យើងមិនមែនគ្រាន់តែរៀបចំស្គ្រីបប៉ុណ្ណោះទេ តែត្រូវរៀបចំទាំងរបៀបបង្ហាញប្លង់និងអ្វីៗច្រើនយ៉ាង។ ចំណែកឯការសរសេរវិញ ខ្ញុំអាចសរសេរគំនិតរបស់ខ្ញុំមកខាងក្រៅបានយ៉ាងលឿន និងអាចរៀបចំស្រួលដោយគ្រាន់តែកាត់ពីលើមកក្រោម យកពីក្រោមទៅលើវិញ។ អាចថា មកពីខ្ញុំជាអ្នកចូលចិត្តអាន (ភាគច្រើន) និងមានទម្លាប់សរសេរកាលពីមុនមកដែរ។ យ៉ាងណា មិនថាមាតិកាប្រភេទណានោះទេ វាសុទ្ធតែមានប្រយោជន៍ ព្រោះប្រភេទខ្លះងាយស្រួលចំពោះការបរិយាយអំពីរឿងមួយចំនួន ហើយខ្លះទៀតពិបាកជាង។ ខ្ញុំសប្បាយចិត្ត ដែលមួយរយៈចុងក្រោយនេះ អ្នកផលិតមាតិកានៅកម្ពុជា ចាប់ផ្ដើមចាប់ផ្ដើមផ្ដោតលើរឿងរ៉ាវសំខាន់ៗដែលជាចំណេះដឹងដល់អ្នកទទួលមាតិកាទាំងនោះ ដែលភាគច្រើនជាវីដេអូ។ ប្រហែលនេះជារបៀបរៀននិងបង្រៀនថ្មី ដែលមានប្រសិទ្ធជាង? ឬមនុស្សមិនសូវមានពេលសរសេរនិងអាន? ប៉ុន្តែ… ខ្ញុំនៅតែចូលចិត្តសរសេរជាង ?
វិលត្រឡប់មកសរសេរជាថ្មីម្ដងទៀត
ប្រហែលជិត៨ឆ្នាំហើយទេដឹង ដែលខ្ញុំខានសរសេរអត្ថបទ? ការសរសេរធ្លាប់ជាចំណូលចិត្ត និងសកម្មភាពប្រចាំថ្ងៃមួយរបស់ខ្ញុំដែរ។ ខ្ញុំចាំបានថាខ្ញុំចាប់ផ្ដើមសរសេរដំបូងកាលពីដើមឆ្នាំ 2010 បើគិតមកដល់មកឥឡូវគឺជិត១៣ឆ្នាំទៅហើយ! ការចាប់ផ្ដើមដំបូងនៅឆ្នាំ 2010 ខ្ញុំសរសេរនៅលើ WordPress (បាន 199 អត្ថបទ) ដែលកាលនោះមានខ្មែរយើងច្រើននៅសរសេរយ៉ាងសកម្ម រហូតដល់មានបង្កើតជាការជួបជុំគ្នា ហើយក៏បានបង្កើតមិត្តភាពជាច្រើនផងដែរ។ បន្ទាប់មក នៅឆ្នាំ 2011 ខ្ញុំចាប់ផ្ដើមបង្កើតវេបសាយ IT4UG (ដោយមានការឧបត្ថម្ភដូមែនពីបងប្រុស ស៊ឺន ចែងចើន និងកន្លែងដាក់វេបសាយ ដោយបងប្រុស Vireax) ផ្ដល់ព័ត៌មានអំពីបច្ចេកវិទ្យា បានប្រហែល 400 អត្ថបទ ដោយមានការចូលរួមសរសេរច្រើនពីបងជីសុផាត និងបងសាម៉ាឌី។ ហើយក៏មានមិត្តភក្ដិប៉ុន្មាននាក់ទៀតដែរ ដែលខ្ញុំមិនចាំឈ្មោះអស់ ព្រោះវេបសាយនេះលែងដំណើរការ និងពិបាករកមើលព័ត៌មានបានពេញលេញដូចមុន។ ខ្ញុំក៏នៅបន្តសរសេរមួយៗដល់ឆ្នាំ 2016 ទើបឈប់សរសេរ ហើយមកផ្ដោតលើកិច្ចការផ្សេងៗវិញ រហូតដល់ភ្លេចរបៀបសរសេរសឹងតែទាំងអស់ទៅហើយ។ ទើបតែពេលថ្មីៗនេះ ខ្ញុំមានកូនចិត្តនឹកដល់ការសរសេរនាពេលកន្លងមក ហើយក៏ដោយសារឥឡូវនេះ ខ្ញុំត្រូវសរសេរផ្សព្វផ្សាយអំពីរឿងអក្សរនិងពុម្ពអក្សរខ្មែរផងនោះ ទើបមានឱកាសរំឭកការសរសេរឡើងវិញ។ ហេតុដូច្នេះហើយ ទើបខ្ញុំចាប់ផ្ដើមវេបសាយផ្ទាល់ខ្លួននេះឡើង ដើម្បីសរសេរអំពីទស្សនៈនិងដំណឹងផ្សេងៗជុំវិញជីវិតនិងអាជីពប្រចាំថ្ងៃ។ សង្ឃឹមថាទីនេះ អាចមានប្រយោជន៍ដល់មិត្តអ្នកអានគ្រប់ស្រទាប់!
Kantumruy Pro Text – Design Attempt
ក្រោយពីទទួលបានឱកាសនិងការឧបត្ថម្ភជាថវិកាពី Google Fonts ដើម្បីរៀបចំពុម្ពអក្សរ Kantumruy Pro ឡើងវិញ កាលពីឆ្នាំ២០២២ កន្លងទៅនេះ ខ្ញុំបានសង្កេតឃើញថាពុម្ពអក្សរមួយនេះទទួលបានការគាំទ្រច្រើន មានទាំងស្ថាប័នរដ្ឋ ឯកជន សហគ្រាសតូចធំ យកទៅប្រើប្រាស់ដើម្បីរៀបចំអត្តសញ្ញាណ និងការផ្សព្វផ្សាយរបស់ខ្លួន។ ខ្ញុំបានធ្វើ Kantumruy Pro ដោយផ្អែកទាំងស្រុងលើកំណែចាស់របស់វា រក្សាទុករូបរាងភាគច្រើន រួមទាំងសមាមាត្ររបស់វា និងកែសម្រួលតួអក្សរខ្លះឱ្យល្អត្រឹមត្រូវ ជាពិសេសគឺបន្ថែមកម្រាស់របស់វាផ្សេងៗទៀត ឱ្យការប្រើប្រាស់មានភាពសម្បូរបែប។ គឺពុម្ពអក្សរដែលអ្នកកំពុងអាននេះហើយ គឺជា Kantumruy Pro។ ពុម្ពអក្សរនេះ ថ្វីត្បិតតែវាសក្ដិសមសម្រាប់ការបោះពុម្ពធំៗ (Display) ក៏ប៉ុន្តែខ្ញុំបានចាប់ផ្ដើមឃើញមានការយកទៅប្រើសរសេរជាអត្ថបទអាន និងមានបោះពុម្ពជាសៀវភៅទៅទៀត។ ពុម្ពអក្សរ Kantumruy Pro ជើងខាងក្រោមនិងស្រៈខាងលើ មានកម្ពស់ខ្លី (ដើម្បីរក្សាគម្លាតបន្ទាត់កុំឱ្យវែង) ដែលនាំឱ្យមានភាពលំបាកសម្រាប់ការអានជាអត្ថបទ។ ហេតុដូច្នេះ ខ្ញុំក៏គិតមានធ្វើកំណែមួយទៀតគឺ Kantumruy Pro Text ដែលត្រូវកែសម្រួលលក្ខណៈជាច្រើន ដើម្បីឱ្យសមស្របសម្រាប់ការអានសម្រាប់អត្ថបទ។ អ្វីដែលជារឿងចម្បងនៅក្នុងការផ្លាស់ប្ដូរ គឺការពង្រីកគួចនៅក្នុងអក្សរ, បើកចំហផ្នែកខ្លះនៃតួអក្សរឱ្យស្រឡះ ឱ្យបង្ហាញបានច្បាស់ល្អនៅក្នុងទំហំតូច, ពង្រីកទំហំជើង សក់ ស្រៈ និងសញ្ញាផ្សេងៗ។ល។ នេះគ្រាន់តែជាការសាកល្បងដំបូងប៉ុណ្ណោះ ខណៈដែលមានរឿងតូចៗផ្សេងទៀតដែលត្រូវកែសម្រួលបន្ថែម។ កិច្ចការនេះត្រូវការពេលវេលានិងការគាំទ្រពីអ្នកទាំងអស់គ្នា ដូច្នេះហើយ…


