ការបង្កើតពុម្ពអក្សរសម្រាប់អាន គេត្រូវសិក្សាលើកត្តាមួយសំខាន់គឺ តើពុម្ពអក្សរនោះសម្រាប់អ្នកអានវ័យណា ប្រភេទណា? ពីព្រោះសំណួរនេះ នឹងជួយដល់ការរចនាពុម្ពអក្សរឱ្យបានសមស្របនៅក្នុងការប្រើប្រាស់ជាក់ស្ដែង។
នៅចុងឆ្នាំ 2017 (ពេលខ្ញុំនៅធ្វើការជា Software Developer) ខ្ញុំមានឱកាសមួយពីអង្គការវិទ្យាស្ថានបើកទូលាយ (Open Institute) ដើម្បីសិក្សាលើគម្រោងបង្កើតពុម្ពអក្សរឱ្យកុមាររៀនអាននិងរៀនសរសេរ។ គម្រោងមួយនេះ ជាការងាររួមគ្នាជាបងប្រុស Xavier Dupré (ជាអ្នករចនាពុម្ពអក្សរ ជនជាតិបារាំង) និងដឹកនាំគម្រោងដោយអតីតប្រធានរបស់ខ្ញុំគឺលោក Javier Sola។
គម្រោងនេះ យើងចំណាយពេលប្រហែលកន្លះឆ្នាំ ដោយមានការគូរដោយផ្ទាល់ពីបង Xavier ហើយខ្ញុំបានចូលរួមផ្ដល់មតិយោបល់ កែសម្រួលអក្សរ និងផលិតឱ្យពុម្ពអក្សរនេះដើរបាន (Font Engineering)។
បញ្ហាដែលត្រូវដោះស្រាយ
នៅក្នុងការបង្រៀនកុមារឱ្យអាននិងសរសេរឱ្យបានល្អនិងមានប្រសិទ្ធភាព វិធីម្យ៉ាងដែលគេប្រើគឺ កុមារនោះត្រូវអាននិងសរសេរជាមួយពុម្ពអក្សរតែមួយ។ ពីព្រោះកុមាររៀនតាមការចាំលើរូបរាង ហើយប្រសិនបើរបស់មួយនោះ ស្ថិតនៅក្នុងទម្រង់មួយផ្សេងទៀត វាអាចនាំការលំបាកដល់ការរៀនរបស់កុមារ។ ម្ល៉ោះហើយ ការរៀនសរសេរជាមួយពុម្ពអក្សរផ្សេង ហើយមកអានជាមួយពុម្ពអក្សរផ្សេង នាំឱ្យការរៀននិងបង្រៀនមិនសូវមានប្រសិទ្ធភាព។
នេះជាមូលហេតុមួយ ដែលមានគម្រោង Open Khmer School នេះឡើង គឺត្រូវធ្វើយ៉ាងណាឱ្យការរៀនអាននិងសរសេរខ្មែរមានប្រសិទ្ធភាពហើយសប្បាយថែមទៀត។
ឈុតសៀវភៅ «កូនស្វាឆ្លាត»
ពុម្ពអក្សរ Open Khmer School ត្រូវបានប្រើប្រាស់ដំបូងនៅក្នុងគម្រោងសៀវភៅ «កូនស្វាឆ្លាត» ដែលជាផ្នែកមួយនៃគម្រោង កុមាររៀន កុមារចេះ របស់ក្រសួងអប់រំ យុវជន និងកីឡា។ សៀវភៅនេះ ត្រូវបានអង្គការវិទ្យាស្ថានបើកទូលាយ បង្កើតឡើងដើម្បីគាំទ្រដល់ការរៀនសរសេរ ដោយចាប់ផ្ដើមពីកម្រិតមត្តេយ្យសិក្សា ដែលកុមារត្រូវរៀនគូបន្ទាត់ត្រង់ ខ្សែកោង ឬរូបផ្សេងៗទៀត ដើម្បីឱ្យកុមារពង្រឹងសាច់ដុំដៃនិងភ្នែក (បំណិនចលករតូច) មុននឹងឈានដល់ការសរសេរតួអក្សរ។ បន្ទាប់មក ទើបគេចាប់ផ្ដើមគូរតាមផ្នែកខ្លះនៃពុម្ពអក្សរ Open Khmer School រហូតដល់សរសេរជាតួអក្សរពេញ និងអានពាក្យងាយៗ។
សព្វថ្ងៃនេះ សៀវភៅកូនស្វាឆ្លាត បានចេញដល់កម្មវិធីសម្រាប់ថ្នាក់ទី២ បឋមសិក្សាហើយ។ អ្នកអាចស្វែងរកជាវសៀវភៅនេះនៅលើទំព័រហ្វេសប៊ុគរបស់គម្រោង ឬនៅតាមបណ្ណាគារផ្សេង នៅទូទាំងប្រទេស។ លើសពីនេះទៀត ពុម្ពអក្សរ Open Khmer School ក៏មានប្រើប្រាស់នៅក្នុងសៀវភៅរឿងខ្លីៗដែលផលិតឡើងនៅក្នុងគម្រោងកុមាររៀន កុមារចេះផងដែរ។
ការប្រើប្រាស់នៅក្នុងគម្រោងផ្សេងៗ
អង្គការវិទ្យាស្ថានបើកទូលាយ (ជាអង្គការដែលបានអនុវត្តគម្រោង Khmer OS និងចេញផ្សាយពុម្ពអក្សរ Khmer OS ឌីហ្សាញដោយលោក ដាញ់ ហុង ដែលលោកអ្នកកំពុងប្រើប្រាស់សព្វថ្ងៃ) បានចេញផ្សាយពុម្ពអក្សរនេះឱ្យប្រើប្រាស់ដោយឥតគិតថ្លៃ និងជាគម្រោងកូដបើកចំហផងដែរ។
ដោយសារតែពុម្ពអក្សរនេះ មានគុណប្រយោជន៍សម្រាប់អភិវឌ្ឍកម្មវិធីសិក្សាសម្រាប់កុមារផងនោះ ទើបយើងឃើញមានគម្រោងនិងស្ថាប័នផ្សេងៗបានយកទៅប្រើប្រាស់នាពេលកន្លងមកដែរដូចជា អង្គការស៊ីប៉ា, Let’s Read Cambodia, ទស្សនាវដ្ដី ក្រូចឆ្មារ/Kroojchmar, លោកគ្រូអ្នកគ្រូផ្សេងៗ។ល។
Leave a Reply