កុំប្រើពាក្យ Khmer/Kh នៅ​ពីមុខ​ឈ្មោះ​ពុម្ពអក្សរទៀត

ក្នុងរូប​ក្បាលទំព័រ មានឈ្មោះពុម្ពអក្សរដែលផ្ដើមដោយ Khmer/Kh ចំនួន 518!

សព្វនាម៖ គេ = អ្នក​ប្រើប្រាស់; យើង = អ្នក​បង្កើត​ពុម្ពអក្សរ ?

មួយ​រយៈ​ក្រោយ​មក​នេះ ខ្ញុំ​ឃើញ​មាន​បងប្អូន​បង្កើត​ពុម្ពអក្សរ​​ថ្មីៗ និង​មាន​ឈ្មោះ​ផ្សេងៗ​គួរ​ឱ្យ​ចាប់អារម្មណ៍។ ខ្លះ​ក៏​ដាក់​ឈ្មោះ​របៀប​ខ្មែរ ទោះបី​សរសេរ​ជា​អក្សរ​ឡាតាំង​ពិបាក​អាន ហើយ​ខ្លះ​ក៏​យក​ពាក្យ​អង់គ្លេស​មក​ប្រើ។

ដោយឡែក អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញជាញឹកញាប់ ហើយ​មិនដែល​មាន​ឱកាស​បាន​និយាយនោះ គឺ​ការ​ដាក់​ឈ្មោះ​នោះ ហាក់​ដូចជា​ដាក់​តាម​ទម្លាប់​ពីមុន ដែល​ទម្លាប់​នោះ​គឺ​ការ​ប្រើ​ពាក្យ Khmer ឬ KH នៅ​ពីមុខ។

ការ​ដាក់​ដូច្នេះ មិន​ខុស​អីទេ គ្រាន់​តែ​ខ្ញុំ​យល់​បែបផ្សេង…

ខ្ញុំ​ក៏​ធ្លាប់​ដាក់​របៀប​នេះ​ដែរ ព្រោះ​កាលនោះ​ខ្ញុំ​ដាក់​តាម​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ឃើញ (ដូចជា​ពុម្ពអក្សរ Khmer OS, Kh Battambang, …)។ មាន​គេ​ធ្លាប់​ប្រាប់​ខ្ញុំ​ថា ដាក់​អ៊ីចឹងទៅ ធ្វើ​ឱ្យ​គេ​ងាយស្រួល​រក​មើល​ពុម្ពអក្សរ​ខ្មែរ គ្រាន់តែគេ​រក​ពាក្យ Khmer/Kh គេ​នឹង​ដល់​កន្លែង​រក​ពុម្ពអក្សរ​ខ្មែរ ដោយ​មិន​បាច់​ចាំ​ឈ្មោះច្រើន។

ថាដូច្នេះ​ក៏​ទំនង​ម្យ៉ាង​ដែរ!

ខ្ញុំ​យល់​ដូច្នេះ​វិញ​គឺថា ឈ្មោះ​ពុម្ពអក្សរ វាជា​​អត្តសញ្ញាណ​ដ៏​សំខាន់​សម្រាប់​ពុម្ពអក្សរ ឱ្យ​គេ​ស្គាល់​វា​ដោយ​ឈ្មោះ​របស់​វា ដោយ​មិនមែន​ពាក្យ​ណា​ផ្សេង។

បច្ចុប្បន្ន​នេះ ពុម្ពអក្សរ​មាន​ឈ្មោះ​ផ្ដើម​ដោយ Khmer/Kh ច្រើន​ពេក​ហើយ ប្រសិនបើ​យើង​ធ្វើ​ពុម្ពអក្សរ​ថ្មី​ហើយ​ដាក់​របៀប​នេះ​ទៀត នោះ​ពុម្ពអក្សរ​យើង​នឹង​ (ប្រសិនបើ​គេ​យក​ទៅ​បញ្ចូល​ប្រើ​ជា​កញ្ចប់) វា​នឹង​នឹង​នៅ​ជាមួយគេឯង ហើយ​ជា​ជម្រើស​មួយ​ដែល​គេ​អាច​យក​មក​ប្រើ​ដោយចៃដន្យ។

ប៉ុន្តែ​ប្រសិនបើ​យើង​ដាក់​តែឈ្មោះ​ពុម្ពអក្សរ និង​ផ្ដល់​អត្តសញ្ញាណ​ឱ្យ​វា​យ៉ាង​សមរម្យ នោះ​ពេល​គេ​រក​នឹក​ពុម្ពអក្សរ គេ​នឹង​រកនឹក​ឈ្មោះ​ពុម្ពអក្សរ​របស់​យើង ដែល​អាច​ធ្វើ​ឱ្យ​ពុម្ពអក្សរ​យើង​មាន​អត្តសញ្ញាណ ឬអង់គ្លេស​ថា identity។ ដូចគេ​ចាំឈ្មោះ​ Futura, Roboto… គេ​មិន​បាច់​ចាំ Latin Futura ឬ Latin Roboto នោះទេ។

ដាច់ខាត​កុំប្រើ?

ទេ! ខ្ញុំ​មិន​ចង់​ថា​ដូច្នេះ​ទេ។ មាន​ករណី​ផ្សេងៗ​ដែល​គេ​ប្រើ​ឈ្មោះ​ភាសា​នៅ​ក្នុង​ពុម្ពអក្សរ។

សម្គាល់​ពុម្ពអក្សរ​សម្រាប់​ភាសាផ្សេងៗគ្នា

តួយ៉ាង​ដូចជា​ត្រកូល​ពុម្ពអក្សរ Noto របស់ Google។ Noto គឺជា​ឈ្មោះ​ត្រកូល​ពុម្ពអក្សរ (Family Name) ជា​អត្តសញ្ញាណ​មួយ ដែល​មាន​អក្សរ​ច្រើន​ប្រភេទ ច្រើន​ភាសា​នៅ​ក្នុង​នោះ។ គេ​បន្ថែម​ប្រភេទអក្សរ sans-serif ចូល​ទៅ​ក្នុង​ត្រកូល​មួយ​នេះ វាក៏ក្លាយជា Noto Sans។ ពេល​គេ​បន្ត​គម្រោង​នេះ​សម្រាប់​ភាសា​ផ្សេងៗ គេ​ដាក់​ឈ្មោះ​ភាសា​នៅ​ក្រោយ​ដូចជា Noto Sans Khmer, Noto Sans Thai, Noto Sans Telugu ជាដើម។

Noto
-- Noto Sans
   -- Noto Sans Khmer
   -- Noto Sans Thai
   -- Noto Sans Telugu
   -- ...
-- Noto Serif
   -- Noto Serif Khmer
   -- Noto Serif Thai
   -- Noto Serif Telugu
   -- ...

ដូច្នេះ​នៅ​ពេល​ត្រកូល​ពុម្ពអក្សរ​ធំ គេ​តែងតែ​ដាក់​ឈ្មោះ​ភាសា​នៅ​ខាងក្រោយ​ឈ្មោះ​ពុម្ពអក្សរ ដើម្បី​បញ្ជាក់​ប្រភេទ​ពុម្ពអក្សរ​និង​ភាសា​ដែល​អាច​សរសេរ​បាន​ជាមួយ​ពុម្ពអក្សរ​នេះ។

ពុម្ពអក្សរ​ប្រព័ន្ធប្រតិបត្តិការ

សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​វិញ គេនិយម​ប្រើ​ឈ្មោះ​ភាសា ព្រោះ​វាងាយស្រួល​សម្គាល់​ថា​ពុម្ពអក្សរ​នេះ​សម្រាប់​ភាសា​ណា និង​ងាយ​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​អភិវឌ្ឍ​កម្មវិធី​ផ្សេងៗ។ ដូចជា​ពុម្ពអក្សរ Khmer UI របស់ Microsoft, Khmer Sangam របស់ Apple ជាដើម។

ប្ដូរ​មក​ប្រើ​ឈ្មោះ​គម្រោង​ឬ​ក្រុមហ៊ុន​ពីមុខ​វិញ

មាន​វិធី​ម្យ៉ាង​ដែល​ល្អ​ប្រសើរ​ជាង​ប្រើ Khmer/Kh ពីមុខឈ្មោះ​ពុម្ពអក្សរ គឺ​ប្រើ​ឈ្មោះ​របស់​អ្នក ឬ​ឈ្មោះកាត់ ឬ​ឈ្មោះ​ក្រុមហ៊ុន​របស់​អ្នក​វិញ។

ក្រុមហ៊ុន FontShop បាន​ចេញ​ផ្សាយ​ពុម្ពអក្សរ​ក្នុង​សម្រាំង FontFont ដោយ​ផ្ដើម​ឈ្មោះ​ជាមួយ​អក្សរកាត់ FF ដូចជា FF Din, FF Meta ជាដើម។

យ៉ាងណា មាន​ក្រុមហ៊ុន​ឌីហ្សាញ​ពុម្ពអក្សរ​តិចតួច​ប៉ុណ្ណោះ​ដែល​ធ្វើ​របៀប​នេះ។ ប្រសិនបើ​អ្នក​ប្រើ​របៀប​នេះ សូម​រក្សា​ឈ្មោះ​ខាងមុខ​នោះ​ឱ្យ​ខ្លី កុំ​ប្រើ​វែងពេក

យ៉ាងណា នេះជា​ទស្សនៈ​មួយ​របស់​ខ្ញុំ​ប៉ុណ្ណោះ ហើយ​ចុងក្រោយ​គឺ​អ្នក​ជា​អ្នក​សម្រេចចិត្ត​ដោយ​ខ្លួនឯង។


Comments

2 responses to “កុំប្រើពាក្យ Khmer/Kh នៅ​ពីមុខ​ឈ្មោះ​ពុម្ពអក្សរទៀត”

  1. ខ្ញុំគិតដូច្នេះដែរ ព្រោះថាការដាក់ឈ្មោះដើមដូចៗគ្នាពេក វានឹងបង្កភាពធុញទ្រាន់ដល់អ្នករចនា ហើយម្យ៉ាងទៀត ប្រសិនបើគាត់បានរកឃើញពុម្ពស្អាតត្រូវចិត្តដោយចៃដន្យ ក៏គាត់ងាយភ្លេចទៅវិញ

  2. គំនិតពិតជាល្អ។

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.