អត្ថបទនេះផ្សាយដំបូងកាលពីឆ្នាំ 2019 នៅលើប្លក់របស់លោក ប៊ុន ថារម្យ ជាភាសាអង់គ្លេស។ អានអត្ថបទដើមនៅទីនេះ។
ទេព សុវិចិត្រ គឺជាអ្នកឌីហ្សាញអក្សរវ័យក្មេងមួយរូបនៅប្រទេសកម្ពុជា។ គាត់ធ្លាប់ចូលរួមយ៉ាងសកម្មក្នុងសហគមន៍បច្ចេកវិទ្យាកម្ពុជា នាពេលកន្លងមក។
នៅក្នុងបទសម្ភាសនេះ ខ្ញុំបានសាកសួរគាត់អំពីរឿងរ៉ាវដែលបណ្ដាលឱ្យគាត់ជាប់ចិត្តនឹងអក្សរខ្មែរ។ គាត់ក៏បានប្រាប់ខ្ញុំបន្ថែមអំពីប្រភពនិងបច្ចុប្បន្នភាពរបស់អក្សរខ្មែរដែរ។ អ្វីដែលជំរុញឱ្យគាត់ឌីហ្សាញអក្សរខ្មែរឱ្យបានល្អប្រសើរ គឺដើម្បីបំរើដល់តម្រូវការក្នុងសម័យឌីជីថលនេះ។ គាត់សម្លឹងឃើញខ្លួនឯងជា “មធ្យោបាយមួយជួយនាំឱ្យអក្សរខ្មែរទៅកាន់កម្រិតមួយទៀត ទាំងក្នុងស្រុកនិងអន្តរជាតិ។
ថារម្យ៖ សួស្ដី សុវិចិត្រ សូមណែនាំខ្លួនបន្តិចមក។
សុវិចិត្រ៖ សួស្ដី បងថារម្យ! ខ្ញុំឈ្មោះ ទេព សុវិចិត្រ មានអាយុ ២៤ ឆ្នាំ កើតនៅទីក្រុងភ្នំពេញនេះ។ ខ្ញុំជាអ្នកឌីហ្សាញអក្សរនិងជាអ្នកសរសេរកូដ និងរស់នៅទីក្រុងភ្នំពេញនេះផ្ទាល់តែម្ដង។ ខ្ញុំចាប់ផ្ដើមសរសេរកូដនិងឌីហ្សាញអក្សរ ប្រហែលចាប់ពីឆ្នាំ២០១០មក រៀនដោយខ្លួនឯងភាគច្រើនបំផុត។ ខ្ញុំរៀនចប់ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ប៉ុន្តែចុងក្រោយ ក៏ជ្រើសរើសយកការឌីហ្សាញអក្សរជាអាជីពវិញ។ បច្ចុប្បន្ននេះ (កំឡុងពេលសម្ភាស) ខ្ញុំកំពុងធ្វើការនៅក្រុមហ៊ុន Cadson Demak ដែលជាក្រុមហ៊ុនល្បីមួយខាងឌីហ្សាញអក្សរ នៅប្រទេសថៃ។ បីឆ្នាំចុងក្រោយនេះ ខ្ញុំបានធ្វើដំណើរទៅនេះទៅនោះ និយាយនិងបង្រៀនការឌីហ្សាញអក្សរខ្មែរ ទាំងនៅក្នុងនិងក្រៅស្រុក។
បច្ចុប្បន្ននេះ ខ្ញុំគឺជាសហស្ថាបនិក និងប្រធានផ្នែកឌីហ្សាញអក្សរ នៅ Anagata Design។
ថារម្យ៖ តើប្អូនដឹងថាខ្លួនឯងចូលចិត្តអក្សរហ្នឹង តាំងពីពេលណាមក? ហើយចាប់ផ្ដើមដោយរបៀបណា?
សុវិចិត្រ៖ ខ្ញុំបានចាប់ផ្ដើមការឌីហ្សាញអក្សរ តាំងពីឆ្នាំ២០១០មកម្ល៉េះ គឺតាំងពីនៅរៀនវិទ្យាល័យ។ កាលនោះ ខ្ញុំភ្ញាក់ផ្អើលមែនទែន ត្រង់ថា ពុម្ពអក្សរយូនីកូដ បានត្រួសត្រាយនិងបង្កលទ្ធភាពដល់អក្សរខ្មែរឱ្យមានវត្តមាននៅក្នុងប្រព័ន្ធកុំព្យូទ័រ ដែលនាំឱ្យយើងលែងប្រើអក្សរចាស់ៗបន្តទៀត។
ខ្ញុំជាមនុស្សដែលចង់ចេះចង់ដឹង ដែលបន្ទាប់មកខ្ញុំចាប់ផ្ដើមស្រាវជ្រាវមើលថា តើគេបង្កើតពុម្ពអក្សរដោយរបៀបណា គេឌីហ្សាញវាតាមណា ហើយខ្ញុំត្រូវដឹងអីបន្ថែមទៀតដើម្បីអាចបង្កើតពុម្ពអក្សរមួយបាន។ ប៉ុន្តែសំណួរដែលខ្ញុំតែងតែសួរខ្លួនឯងគឺ ហេតុអ្វីយើងត្រូវការពុម្ពអក្សរបន្ថែមទៀត? ខ្ញុំបានអាននិងរកមើលអត្ថបទជាច្រើននៅលើអ៊ីនធឺណិត។
នៅពេលអ្នកមិនបានដឹងអំពីសារសំខាន់របស់អក្សរ គេនឹងមិនឃើញភាពខុសប្លែកណាមួយទេ។ ខ្ញុំរកឃើញចម្លើយរបស់ខ្ញុំ នៅពេលខ្ញុំកំពុងដើររកមើលសៀវភៅក្នុងបណ្ណាគារមួយ ដែលសៀវភៅនៅទីនោះ ប្រើពុម្ពអក្សរតែមួយដូចៗគ្នា ហើយមិនមានក្បួនខ្នាតរៀបចំអក្សរត្រឹមត្រូវទេ។ ខ្ញុំក៏សង្កេតឃើញថាវាពិបាកអាន ព្រោះតែគេបង្ហាញខ្លឹមសារសៀវភៅ តាមរយៈអក្សរដែលមិនល្អ។ បន្ទាប់មក ខ្ញុំក៏ដឹងថា អក្សរដែលល្អ មិនគ្រាន់តែនាំសម្ផស្សតែម្យ៉ាងនោះទេ ប៉ុន្តែវាក៏ជួយធ្វើឱ្យការអានមានភាពល្អប្រសើរជាងមុនទៀត។
ចាប់ពីពេលនោះមក ខ្ញុំក៏៏បានដាក់ចិត្តរៀនឌីហ្សាញអក្សរនិងផ្នែកបច្ចេកទេសដទៃទៀត ដើម្បីពង្រីកចំណេះដឹងនិងការយល់ឃើញ និងបន្តបង្កើតពុម្ពអក្សរដែលមានគុណភាព សម្រាប់អ្នកបោះពុម្ព និងអ្នកឌីហ្សាញដទៃទៀត។
ថារម្យ៖ តើមានអ្វីដែលធ្វើឱ្យអក្សរខ្មែរខុសពីអក្សរដទៃ? តើប្អូនឃើញចំណុចសំខាន់អ្វីខ្លះដែរ?
សុវិចិត្រ៖ អក្សរនីមួយៗមានលក្ខណៈខុសប្លែកគ្នាទៅតាមលក្ខណៈរៀងៗខ្លួន។
ពីដើមមក អក្សរខ្មែរ ក្លាយមកពីអក្សរ បល្លវៈ នៅប្រទេសឥណ្ឌាខាងត្បូង។ សិលាចារឹកចាស់ជាងគេជាភាសាខ្មែរ គេរកឃើញនៅអង្គរបុរី ខេត្តតាកែវ ដែលមានបញ្ជាក់ថានៅឆ្នាំ 611 ។ ហើយសិលាចារឹកចាស់ជាងគេ ដែលមានហៅឈ្មោះអក្សរខ្មែរ ថាជា «កម្វុជាក្ឞរ» គឺនៅក្នុងសតវត្សទី 9 ក្នុងរាជ្យស្ដេចយសោវម៌្មទី 1 ។
ខ្ញុំមិនបានដឹងអំពីរឿងទាំងអស់នេះទេ ទើបតែពេលខ្ញុំសិក្សាភាសានិងអក្សរខ្មែរបុរាណនៅលើសិលាចារឹកប៉ុណ្ណោះ។ វាជារឿងគួរឱ្យចាប់ចិត្តមែនទែន ត្រង់ដែលយើងនៅប្រើប្រាស់ប្រព័ន្ធសំណេរដដែលនេះអស់រយៈពេលជាង 1200 ឆ្នា។ អក្សរខ្មែរយើងនៅតែមានស្រៈនិងសញ្ញាលើក្រោមនិងជុំវិញ ហើយជើងព្យញ្ជនៈទៀតសោត ក៏នៅភ្ជាប់គ្នានឹងព្យញ្ជនៈដដែល។ មានប្រភពជាច្រើន ដែលអះអាងថាអក្សរខ្មែរវិវត្តចាប់ពី 5 ទៅ 10 ដង [វង្ស សុធារ៉ា:2010, ហ្សក ម៉ាស្ប៉េរ៉ូ:1915]។ អក្សរខ្មែរយើង មែនទែនទៅ វាផ្លាស់ប្ដូរភាគច្រើនទៅលើរូបរាង ប៉ុន្តែរបៀបសរសេរនិងការតភ្ជាប់គ្នា គឺស្ថិតនៅសឹងតែដដែល។
ជាទូទៅ យើងចាត់ថ្នាក់ប្រភេទអក្សរខ្មែរជាបីប្រភេទធំៗគឺ អក្សរឈរ, អក្សរជ្រៀង, និងអក្សរមូល។ បើយើងមើលឱ្យល្អិតល្អន់ជាងនេះបន្តិច យើងនឹងឃើញអំពីដានអក្សរខ្មែរបុរាណមានដានយ៉ាងច្បាស់ក្នុងអក្សរមូលបច្ចុប្បន្ន។
ខ្ញុំគិតថាទាំងនេះហើយ ដែលធ្វើឱ្យអក្សរខ្មែរមានលក្ខណៈមួយដាច់ដោយឡែកពីអក្សរដទៃ។ កើតចេញពីប្រភពមួយច្បាស់លាស់និងសម្បូរបែប ហើយគ្រប់វិវត្តន៍ សុទ្ធតែជាប់គ្នាឥតដាច់។
បច្ចុប្បន្ននេះ អក្សរខ្មែរមិនត្រឹមតែប្រើសម្រាប់ភាសាខ្មែរម្យ៉ាងនោះទេ គេក៏ឃើញមានការប្រើប្រាស់នៅក្នុងភាសាជនជាតិដើមភាគតិចដែរ ដូចជា កួយ, ប៊ូនង, គ្រឹង, ទំពួន, ប្រៅ, ចារ៉ាយ, និងក្នុង ក្រាំងសាស្ត្រា (បាលីនិងសំស្ក្រឹត្យ) [សុខ មករា:2019]។ ការប្រើប្រាស់នេះ ក៏ត្រូវការការសិក្សាបន្ថែមទៀតដែរ ដើម្បីផលិតពុម្ពអក្សរដែលអាចបង្ហាញបានត្រឹមត្រូវសម្រាប់ភាសាជនជាតិដើមភាគតិច ព្រោះមានលក្ខណៈមួយចំនួនដែលត្រូវបង្ហាញខុសពីភាសាខ្មែរ។
ក្រៅពីការប្រើប្រាស់ក្នុងភាសាជនជាតិដើមភាគតិច និងការសិក្សាស្រាវជ្រាវផ្សេងៗ ពុម្ពអក្សរក៏ជួយយ៉ាងខ្លាំងទៅដល់អត្តសញ្ញាណក្រុមហ៊ុនផងដែរ។
អក្សរ គឺជាឧបករណ៍មួយជាចម្បង សម្រាប់ការនាំយកអត្ថន័យរបស់សារ ទៅកាន់អ្នកអាន ហើយវាជាអ្វីដែលគេតែងមើលរំលងនៅកម្ពុជា។
មនុស្សភាគច្រើនមើលឃើញពណ៌និងរូបភាព ហើយការប្រើប្រាស់ពុម្ពអក្សរដែលត្រឹមត្រូវក៏ជារឿងសំខាន់ដែរ ព្រោះវាធ្វើឱ្យការឌីហ្សាញនិងខ្លឹមសារ មានលក្ខណៈស្វាគមន៍និងសមស្របសម្រាប់ទស្សនិកជននិងអតិថិជន ហើយវារឹតតែសំខាន់ នៅពេលពុម្ពអក្សរនោះសមស្របចំពោះអត្តសញ្ញាណក្រុមហ៊ុន។ ខ្ញុំនិយាយដូច្នេះ មិនមែនមកពីខ្ញុំធ្វើការក្នុងផ្នែកនេះទេ ប៉ុន្តែសូមអ្នកសាកស្រមៃថា បើមានសៀវភៅមួយល្អ ខ្លឹមសារល្អ ប៉ុន្តែពុម្ពអក្សរពិបាកអាន ប្រាកដណាស់គេនឹងមើលរំលងសៀវភៅនោះ។
ថារម្យ៖ តើមានបញ្ហាប្រឈមអ្វីខ្លះដែលប្អូនជួបប្រទះនៅក្នុងវិស័យនេះ ហើយដោះស្រាយវាដោយរបៀបណា?
សុវិចិត្រ: ខាងក្រោមនេះគឺជាបញ្ហាប្រឈមមួយចំនួនដែលខ្ញុំកំពុងព្យាយាមដោះស្រាយ៖
ធនធានមនុស្ស
ការងាររចនាពុម្ពអក្សរនេះ ត្រូវការឱ្យយើងផ្ចង់ស្មារតីទៅលើគ្រប់ផ្នែករបស់តួអក្សរ រួមទាំងភាពចុះសម្រុងគ្នារបស់តួអក្សរទាំងអស់នៅក្នុងអត្ថបទ និងកាត់បន្ថយការប៉ះគ្នារវាងតួអក្សរទាំងអស់នោះ។ ខ្ញុំមិនទាន់ឮអំពីថ្នាក់បង្រៀនមុទ្ទវិជ្ជាអក្សរខ្មែរណាមួយដែលពិស្ដារនោះទេ ទាំងដែលសិស្សផ្នែករចនាចេញមកត្រូវធ្វើការច្រើនជាមួយភាសានិងអក្សរខ្មែរ។
ខ្ញុំដឹងថាការសិក្សារឿងទាំងអស់នេះនៅសាលាគឺជាការលំបាក ហេតុដូច្នេះទើបខ្ញុំនិយាយនិងធ្វើថ្នាក់បង្រៀនខ្លីៗ មួយឆ្នាំម្ដងឬពីរដងនៅកម្ពុជានិងនៅក្រៅស្រុក។ លើសពីនេះ ខ្ញុំក៏បានណែនាំអ្នកដែលចង់រៀនគូរពុម្ពអក្សរដែរ ឱ្យតែពួកគេតាំងចិត្តរៀន។
Typography takes time to cultivate an eye — hundreds of hours, potentially — but also takes guidance. It is learnable, and the question is not if you can learn typography, but rather how.
TypeThursday
ការបង្រៀនមនុស្ស
មែនទែនទៅ ខ្ញុំជាមនុស្សមិនសូវនិយាយស្ដីច្រើន ប៉ុន្តែខ្ញុំជំនះនឹងខ្លួនឯង ដោយទៅនិយាយអំពីមុទ្ទវិជ្ជាអក្សរនិងការរចនាពុម្ពអក្សរខ្មែរ។ ខ្ញុំមិនជឿថាបុគ្គលិកលក្ខណៈមួយនេះ អាចរារាំងខ្ញុំមិនឱ្យធ្វើអ្វីដែលខ្ញុំចូលចិត្តនោះទេ។ ការបង្រៀនមនុស្ស គឺខ្ញុំត្រូវបង្ហាញពួកគេអំពីគុណតម្លៃនិងសារប្រយោជន៍របស់ពុម្ពអក្សរ នៅពេលប្រើក្នុងវិស័យការងាររបស់ពួកគេ ជាពិសេសគឺ ប្រធានផ្នែកទីផ្សារ, ប្រធានផ្នែកឌីហ្សាញ, អ្នកឌីហ្សាញក្រាហ្វិក, អ្នកបោះពុម្ព, សាលាបង្រៀនផ្នែកឌីហ្សាញ។ល។
ខ្ញុំបានជជែកជាមួយក្រុមហ៊ុនឌីហ្សាញនិងម្ចាស់ធុរកិច្ចមួយចំនួននៅភ្នំពេញ។ ហើយការដែលខ្ញុំទៅជួបពួកគេ គឺមិនមែនដើម្បីលក់ផលិតផលនិងសេវាកម្មរបស់ខ្ញុំទេ ប៉ុន្តែឱ្យពួកគេដឹងថាខ្ញុំអាចជួយឱ្យអត្តសញ្ញាណក្រុមហ៊ុនរបស់គេល្អប្រសើរជាងនេះ។
នាំយកអក្សរខ្មែរទៅលើឆាកអន្តរជាតិ
ខ្ញុំធ្លាប់ស្រមៃថានឹងយកអក្សរខ្មែរ ទៅបង្ហាញគេឯងនៅលើឆាកអន្តរជាតិ។ អាចជាភ័ព្វសំណាង ប៉ុន្មានឆ្នាំក្រោយមកនេះ ខ្ញុំបានទៅនិយាយអំពីអក្សរខ្មែរនៅប្រទេសថៃនិងជប៉ុន តាមរយៈការបង្រៀនរយៈពេលខ្លីនិងសន្និសីទអន្តរជាតិ។ ខ្ញុំបានបង្កើតទំនាក់ទំនងមួយចំនួន និងផ្លាស់ប្ដូរគំនិតគ្នាទៅវិញទៅមកក្នុងនាមជាអ្នកធ្វើការងារក្នុងវិស័យតែមួយ។
មានរឿងជាច្រើនទៀត ដែលខ្ញុំត្រូវធ្វើ ដូចជាការផលិតឯកសារបង្រៀន និងការស្រាវជ្រាវអំពីអក្សរខ្មែរក្រោមប្រធានបទផ្សេងៗ។ ការងារនេះត្រូវការភាពអត់ធ្មត់ ភាពចង់ចេះចង់ដឹង និងការរៀនហើយរៀនទៀត។
ថារម្យ: ប្រសិនបើប្អូនត្រូវណែនាំក្មេងៗមួយក្រុមដែលចង់ដើរផ្លូវនេះដែរ តើមាន៣ចំណុចណា ដែលប្អូននឹងប្រាប់ទៅពួកគេ??
សុវិចិត្រ: បច្ចុប្បន្ន ខ្ញុំកំពុងណែនាំអ្នកឌីហ្សាញពីរនាក់អំពីការឌីហ្សាញពុម្ពអក្សរ។ អ៊ីចឹង ខ្ញុំមានបទពិសោធន៍ខ្លះដែលអាចចែករំលែកបាន។
1. រៀនមូលដ្ឋានគ្រឹះនៃការឌីហ្សាញអក្សរ
ការឌីហ្សាញអក្សរ គឺ ជាការប្រិតប្រៀនទៅលើខ្នាតនិងរូបរាងរបស់តួអក្សរ។ បើអ្នកធ្វើវាត្រូវ នោះពុម្ពអក្សរនឹងមានថាមពលនិងអារម្មណ៍ ពេលគេយកវាទៅប្រើប្រាស់។ លើសពីនេះ បើអ្នកយល់អំពីមូលដ្ឋានគ្រឹះ អ្នកងាយនឹងបំបែកក្បួន ដើម្បីស្វែងរកភាពច្នៃប្រឌិតបន្ថែម។ ខ្ញុំតែងប្រាប់ខ្លួនឯងនិងអ្នកដទៃថា៖ រាល់ការសម្រេចចិត្តនៅក្នុងការងារឌីហ្សាញ វាគួរតែមានហេតុផលដែលអ្នកអាចពន្យល់បាន។
2. រៀនពីគំរូ / ស្វែងរកគំនិត
វាជារឿងធម្មតានៅក្នុងឧស្សាហកម្មច្នៃប្រឌិត គឺថាអ្នកត្រូវការគំនិតថ្មីៗជានិច្ច។ ពេលខ្លះវាចេញមកពីខ្លួនអ្នក ហើយពេលខ្លះបានវាមកពីអ្នកដទៃ។ ខ្ញុំនឹងឱ្យពួកគេមើលពុម្ពអក្សរដែលមានស្រាប់ ឬពុម្ពអក្សរចាស់ៗ រួចហើយសង្កេតនិងវិភាគមើលអំពីទម្រង់និងខ្នាតរបស់អក្សរនោះ រកមើលវិធីធ្វើឱ្យបានល្អជាងនេះ ឬធ្វើថ្មីដោយផ្អែកលើគំរូទាំងនោះ។
3. រៀនហើយរៀនទៀត កុំឈប់រៀន
នៅពេលខ្លះ ខ្ញុំមិនឃើញថាខ្លួនឯងកំពុងធ្វើពុម្ពអក្សរទេ បើទោះបីខ្ញុំបានធ្វើវាអស់រយៈពេលជាង៨ឆ្នាំមកហើយក្ដី ពីព្រោះខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាកូនសិស្សកំពុងរៀនអំពីជំនាញនេះទៅវិញ។ ព្រោះថា មានស្ថានភាពនិងបញ្ហាថ្មីៗកើតមានឡើងជានិច្ច ហើយវាតម្រូវឱ្យអ្នកឌីហ្សាញអក្សរចេះស្វែងរកដំណោះស្រាយតាមវិធីសាស្ត្រផ្សេងៗ ដើម្បីអាចចេញផ្សាយនិងរក្សាគុណភាពរបស់ពុម្ពអក្សរនោះបាន។
Typefaces are never really done, they’re just released
David Berlow
ក្រៅពីរៀនអំពីអក្សរខ្មែរសម័យទំនើបនេះ ខ្ញុំក៏រៀនអំពីអក្សរខ្មែរបុរាណដែលមានតាំងពីសតវត្សទី៦ ដើម្បីយល់ដឹងអំពីការវិវត្តរបស់តួអក្សរនីមួយៗ ហើយថាតើវាពាក់ព័ន្ធនឹងអក្សរបច្ចុប្បន្នដោយរបៀបណា។ ប្រវត្តិសាស្ត្រ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយដែរ។ ខ្ញុំលើកទឹកចិត្តពួកគេឱ្យរៀននិងសួរសំណួរឱ្យបានច្រើន។
ថារម្យ៖ តើឪពុកម្ដាយរបស់ប្អូន យល់យ៉ាងណាដែរ?
សុវិចិត្រ៖ គាត់សប្បាយចិត្តនឹងអ្វីដែលខ្ញុំកំពុងធ្វើ។ ពួកគាត់ឱ្យកូនៗជ្រើសរើសផ្លូវដែលត្រូវដើរដោយខ្លួនឯង ដរាបណាវាមិនបង្កបញ្ហាដល់គ្រួសារនិងសង្គមជាតិ។ ខ្ញុំសំណាងណាស់ដែលកើតជាកូនគាត់។ ?
ថារម្យ៖ បន្តទៅមុខទៀត ក្នុងនាមប្អូនជាអ្នកឌីហ្សាញពុម្ពអក្សរខ្មែរ តើប្អូនមើលឃើញលទ្ធភាពបែបណាដើម្បីធ្វើឱ្យការងារនេះកាន់តែល្អសម្រាប់កម្ពុជា និងពិភពលោក?
សុវិចិត្រ៖
ខ្ញុំមិនចង់ល្បីល្បាញ ឬ មិនចង់ធ្វើការងារទាំងអស់នេះតែម្នាក់ឯងនោះទេ។ ខ្ញុំចាត់ទុកខ្លួនឯងជា មធ្យោបាយមួយដែលអាចនាំយកអក្សរខ្មែរទៅមួយកម្រិតទៀត ក្នុងស្រុកនិងក្រៅស្រុក។
ប៉ុន្តែនៅខណៈនេះ ខ្ញុំក៏ត្រូវជួយអ្នកឌីហ្សាញផ្សេងៗទៀតដែរ ដើម្បីឱ្យពួកគេអាចបន្តកិច្ចការនេះបាន រួចទើបខ្ញុំអាចធ្វើកិច្ចការដ៏ធំមួយបានគឺ៖ បង្រៀននិងបង្កើតធនធានមេរៀនអំពីពុម្ពអក្សរខ្មែរ។
ខ្ញុំមិនបន្ទោសអ្នកណានោះទេ ចំពោះការដើរយឺតរបស់ពុម្ពអក្សរខ្មែរ និងការមើលរំលងការងារនេះ ពីមនុស្សជាច្រើន។ អ្វីដែលយើងត្រូវធ្វើ គឺធ្វើយ៉ាងណាឱ្យគេចាប់ផ្ដើមផ្ដល់តម្លៃលើការងារនេះ និងរកវិធីសាស្ត្រស្ថាបនានិងទំនុកបម្រុងសម្រាប់ជំនាន់ក្រោយ។
ខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំបានរៀន ទៅកាន់អ្នកដែលចង់ដឹង។ ខ្ញុំអាចនិយាយបានពេញមួយថ្ងៃអំពីការងារឌីហ្សាញពុម្ពអក្សរនេះ!
អរគុណច្រើន បងថារម្យ ចំពោះបទសម្ភាសនេះ។ វាគឺជាឱកាសមួយដ៏ល្អឱ្យខ្ញុំអាចចែករំលែកអំពីសារប្រយោជន៍របស់ពុម្ពអក្សរ និងគុណតម្លៃនៃពុម្ពអក្សរខ្មែរសម្រាប់វិស័យឌីហ្សាញនៅកម្ពុជា។ ខ្ញុំក៏ចង់ថ្លែងអំណរគុណដល់អ្នកដែលតែងតែជួយជ្រោមជ្រោងខ្ញុំ មានដូចជា Javier Sola, Open Institute, Xavier Dupré, Bet Mitchel, Danh Hong, Anuthin Wongsunkakor, និងញាតិមិត្តជាច្រើនអ្នកផ្សេងទៀត ដែលតែងគាំទ្រខ្ញុំក្នុងដំណើរមួយនេះ។ អរគុណច្រើន!
Leave a Reply