Khmer type designer: Tep Sovichet

ទេព សុវិចិត្រ គឺជា​អ្នក​ឌីហ្សាញ​អក្សរ​វ័យក្មេង​មួយរូប​នៅ​ប្រទេស​កម្ពុជា។ គាត់​ធ្លាប់ចូលរួម​យ៉ាង​សកម្ម​ក្នុង​សហគមន៍​បច្ចេកវិទ្យា​កម្ពុជា នា​ពេល​កន្លង​មក។

នៅ​ក្នុង​បទសម្ភាស​នេះ ខ្ញុំ​បាន​សាកសួរ​គាត់​អំពី​រឿងរ៉ាវ​ដែល​បណ្ដាល​ឱ្យ​គាត់​ជាប់ចិត្ត​នឹង​អក្សរ​ខ្មែរ។ គាត់​ក៏​បានប្រាប់​ខ្ញុំ​បន្ថែម​អំពី​ប្រភព​និង​បច្ចុប្បន្នភាព​របស់​អក្សរ​ខ្មែរ​ដែរ។ អ្វី​ដែល​ជំរុញ​ឱ្យ​គាត់​ឌីហ្សាញ​អក្សរ​ខ្មែរ​ឱ្យបាន​ល្អ​ប្រសើរ គឺ​ដើម្បី​បំរើ​ដល់​តម្រូវការ​ក្នុង​សម័យ​ឌីជីថល​នេះ។ គាត់​សម្លឹង​ឃើញ​ខ្លួនឯង​ជា “មធ្យោបាយ​មួយ​ជួយ​នាំ​ឱ្យ​អក្សរ​ខ្មែរ​ទៅ​កាន់​កម្រិត​មួយ​ទៀត ទាំង​ក្នុង​ស្រុក​និង​អន្តរជាតិ។

ថារម្យ៖ សួស្ដី សុវិចិត្រ សូម​ណែនាំ​ខ្លួន​បន្តិច​មក។

សុវិចិត្រ៖ សួស្ដី បងថារម្យ! ខ្ញុំ​ឈ្មោះ ទេព សុវិចិត្រ មាន​អាយុ ២៤ ឆ្នាំ កើតនៅ​ទីក្រុង​ភ្នំពេញ​នេះ។ ខ្ញុំ​ជា​អ្នក​ឌីហ្សាញ​អក្សរ​និង​ជា​អ្នក​សរសេរ​កូដ និង​រស់នៅ​ទីក្រុង​ភ្នំពេញ​នេះ​ផ្ទាល់តែ​ម្ដង។ ខ្ញុំ​ចាប់ផ្ដើម​សរសេរ​កូដ​និង​ឌីហ្សាញ​អក្សរ ប្រហែល​ចាប់ពី​ឆ្នាំ​២០១០​មក រៀន​ដោយ​ខ្លួនឯង​ភាគច្រើន​បំផុត។ ខ្ញុំ​រៀនចប់​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ ប៉ុន្តែ​ចុងក្រោយ ក៏​ជ្រើសរើស​យក​ការ​ឌីហ្សាញ​អក្សរ​ជា​អាជីព​វិញ។ បច្ចុប្បន្ន​នេះ (កំឡុង​ពេល​សម្ភាស) ខ្ញុំ​កំពុង​ធ្វើការ​នៅ​ក្រុមហ៊ុន Cadson Demak ដែល​ជា​ក្រុមហ៊ុន​ល្បី​មួយ​ខាង​ឌីហ្សាញ​អក្សរ នៅ​​ប្រទេសថៃ។ បីឆ្នាំ​ចុងក្រោយ​នេះ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​នេះ​ទៅ​នោះ ​និយាយ​និង​បង្រៀន​កា​រ​ឌីហ្សាញ​អក្សរខ្មែរ ទាំង​នៅ​ក្នុង​និង​ក្រៅស្រុក។

បច្ចុប្បន្ន​នេះ ខ្ញុំ​គឺជា​សហស្ថាបនិក និង​ប្រធាន​ផ្នែក​ឌីហ្សាញ​អក្សរ នៅ Anagata Design។

ថារម្យ៖ តើប្អូន​ដឹង​ថា​ខ្លួនឯង​ចូលចិត្ត​អក្សរ​ហ្នឹង តាំងពីពេល​ណាមក? ហើយ​ចាប់ផ្ដើម​ដោយ​របៀបណា?

សុវិចិត្រ៖ ខ្ញុំ​បាន​ចាប់ផ្ដើម​ការ​ឌីហ្សាញ​អក្សរ តាំងពី​ឆ្នាំ​២០១០​មក​ម្ល៉េះ គឺ​តាំង​ពី​នៅ​រៀន​វិទ្យាល័យ។ កាល​នោះ ខ្ញុំ​ភ្ញាក់​ផ្អើល​មែន​ទែន ត្រង់​ថា ពុម្ពអក្សរយូនីកូដ បាន​ត្រួសត្រាយ​និង​បង្ក​លទ្ធភាព​ដល់​អក្សរ​ខ្មែរ​ឱ្យ​មាន​វត្តមាន​នៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដែល​នាំ​ឱ្យ​យើង​លែង​ប្រើ​អក្សរ​ចាស់ៗ​បន្ត​ទៀត។

ខ្ញុំ​ជា​មនុស្ស​ដែល​ចង់ចេះ​ចង់ដឹង ដែល​បន្ទាប់​មក​ខ្ញុំ​ចាប់ផ្ដើម​ស្រាវជ្រាវ​មើល​ថា តើ​គេ​បង្កើត​ពុម្ពអក្សរ​ដោយ​របៀប​ណា គេ​ឌីហ្សាញ​វា​តាមណា ហើយ​ខ្ញុំ​ត្រូវ​ដឹង​អី​បន្ថែម​ទៀត​ដើម្បី​អាច​បង្កើត​ពុម្ពអក្សរ​មួយ​បាន។ ប៉ុន្តែ​សំណួរ​ដែល​ខ្ញុំ​តែងតែ​សួរ​ខ្លួនឯង​គឺ ហេតុអ្វី​យើង​ត្រូវការ​ពុម្ពអក្សរ​បន្ថែម​ទៀត? ខ្ញុំ​បាន​អាន​និង​រកមើល​អត្ថបទ​ជាច្រើន​នៅ​លើ​អ៊ីនធឺណិត។

នៅ​ពេល​អ្នក​មិន​បាន​ដឹង​អំពី​សារសំខាន់​របស់​អក្សរ គេ​នឹង​មិន​ឃើញ​ភាព​ខុសប្លែក​ណា​មួយ​ទេ។ ខ្ញុំ​រកឃើញ​ចម្លើយ​របស់​ខ្ញុំ នៅ​ពេល​ខ្ញុំ​កំពុង​ដើរ​រក​មើល​សៀវភៅ​ក្នុង​បណ្ណាគារ​មួយ ដែលសៀវភៅ​នៅ​ទីនោះ ប្រើ​ពុម្ពអក្សរ​តែ​មួយ​ដូចៗ​គ្នា ហើយ​មិនមាន​ក្បួនខ្នាត​រៀបចំ​អក្សរ​ត្រឹមត្រូវ​ទេ។ ខ្ញុំ​ក៏​សង្កេត​ឃើញ​ថា​វា​ពិបាក​អាន ព្រោះតែ​គេ​បង្ហាញ​ខ្លឹមសារ​សៀវភៅ តាមរយៈ​អក្សរ​ដែល​មិនល្អ។  បន្ទាប់​មក ខ្ញុំ​ក៏​ដឹង​ថា អក្សរ​ដែល​ល្អ មិនគ្រាន់តែ​នាំ​សម្ផស្ស​តែម្យ៉ាង​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​ធ្វើ​ឱ្យ​ការ​អាន​មាន​ភាព​ល្អ​ប្រសើរ​ជាងមុន​ទៀត។

ចាប់ពី​ពេល​នោះ​មក ខ្ញុំ​ក៏៏​បាន​ដាក់ចិត្ត​រៀន​ឌីហ្សាញ​អក្សរ​និង​ផ្នែក​បច្ចេកទេស​ដទៃ​ទៀត ដើម្បី​ពង្រីកចំណេះដឹង​និង​ការ​យល់ឃើញ និង​បន្ត​បង្កើត​ពុម្ពអក្សរ​ដែលមាន​គុណភាព សម្រាប់​អ្នក​បោះពុម្ព និង​អ្នក​ឌីហ្សាញ​ដទៃទៀត។

ថារម្យ៖ តើមាន​អ្វី​ដែល​ធ្វើ​ឱ្យ​អក្សរ​ខ្មែរ​ខុស​ពី​អក្សរ​ដទៃ? តើ​ប្អូន​ឃើញ​ចំណុច​សំខាន់​អ្វី​ខ្លះ​ដែរ?

សុវិចិត្រ៖ អក្សរ​នីមួយៗ​មាន​លក្ខណៈ​ខុសប្លែក​គ្នា​ទៅ​តាម​លក្ខណៈ​រៀងៗ​ខ្លួន។

ពីដើម​មក អក្សរខ្មែរ ក្លាយ​មក​ពី​អក្សរ បល្លវៈ នៅ​ប្រទេស​ឥណ្ឌា​ខាងត្បូង។ សិលាចារឹក​ចាស់​ជាងគេ​ជា​ភាសាខ្មែរ គេ​រកឃើញ​នៅ​អង្គរបុរី ខេត្តតាកែវ ដែល​មាន​បញ្ជាក់​ថា​នៅ​ឆ្នាំ 611 ។ ហើយ​សិលាចារឹក​ចាស់ជាង​គេ ដែល​មាន​ហៅ​ឈ្មោះ​អក្សរ​ខ្មែរ ថាជា «កម្វុជាក្ឞរ» គឺ​នៅ​ក្នុង​សតវត្ស​ទី 9 ក្នុង​រាជ្យ​ស្ដេច​យសោវម៌្មទី 1 ។ 

ខ្ញុំ​មិន​បាន​ដឹង​អំពី​រឿងទាំងអស់​នេះ​ទេ ទើបតែ​ពេល​ខ្ញុំ​សិក្សា​ភាសា​និង​អក្សរ​ខ្មែរ​បុរាណ​នៅ​លើ​សិលាចារឹក​ប៉ុណ្ណោះ។ វា​ជារឿង​គួរ​ឱ្យ​ចាប់ចិត្ត​មែនទែន ត្រង់​ដែល​យើង​នៅ​ប្រើប្រាស់​ប្រព័ន្ធ​សំណេរ​ដដែល​នេះ​អស់រយៈពេល​ជាង 1200 ឆ្នា។ អក្សរ​ខ្មែរ​យើង​នៅ​តែ​មាន​ស្រៈ​និង​សញ្ញា​លើក្រោម​និង​ជុំវិញ ហើយ​ជើង​ព្យញ្ជនៈ​ទៀត​សោត ក៏​នៅ​ភ្ជាប់​គ្នា​នឹង​ព្យញ្ជនៈ​ដដែល។ មាន​ប្រភព​ជាច្រើន ដែល​អះអា​ង​ថា​អក្សរ​ខ្មែរ​វិវត្ត​ចាប់ពី 5 ទៅ 10 ដង [វង្ស សុធារ៉ា:2010, ហ្សក ម៉ាស្ប៉េរ៉ូ:1915]។ អក្សរ​ខ្មែរ​យើង មែនទែនទៅ វា​ផ្លាស់ប្ដូរ​ភាគច្រើន​ទៅ​លើ​រូបរាង ប៉ុន្តែ​របៀប​សរសេរ​និង​ការ​តភ្ជាប់​គ្នា គឺ​ស្ថិត​នៅ​សឹងតែ​ដដែល។

ជាទូទៅ យើង​ចាត់ថ្នាក់​ប្រភេទ​អក្សរ​ខ្មែរ​ជា​បី​ប្រភេទ​ធំៗ​គឺ អក្សរឈរ, អក្សរជ្រៀង, និង​អក្សរមូល។ បើ​យើង​មើល​ឱ្យ​ល្អិតល្អន់​ជាង​នេះ​បន្តិច យើង​នឹង​ឃើញ​អំពី​ដាន​អក្សរ​ខ្មែរ​បុរាណ​មាន​ដាន​យ៉ាង​ច្បាស់​ក្នុង​អក្សរ​មូល​បច្ចុប្បន្ន។

ខ្ញុំ​គិត​ថា​ទាំងនេះ​ហើយ ដែល​ធ្វើ​ឱ្យ​អក្សរ​ខ្មែរ​មាន​លក្ខណៈ​មួយ​ដាច់ដោយឡែក​ពី​អក្សរ​ដទៃ។ កើត​ចេញ​ពី​ប្រភព​មួយ​ច្បាស់លាស់​និង​សម្បូរបែប ហើយ​គ្រប់​វិវត្តន៍ សុទ្ធ​តែ​ជាប់​គ្នា​ឥតដាច់។

បច្ចុប្បន្ន​នេះ អក្សរ​ខ្មែរ​មិនត្រឹម​តែ​ប្រើ​សម្រាប់​ភាសាខ្មែរ​ម្យ៉ាង​នោះ​ទេ គេ​ក៏​ឃើញ​មាន​ការ​ប្រើប្រាស់​នៅ​ក្នុង​ភាសា​ជនជាតិដើម​ភាគតិច​ដែរ ដូចជា កួយ, ប៊ូនង, គ្រឹង, ទំពួន, ប្រៅ, ចារ៉ាយ, និង​ក្នុង ក្រាំងសាស្ត្រា (បាលី​និង​សំស្ក្រឹត្យ) [សុខ មករា:2019]។ ការ​ប្រើប្រាស់​នេះ ក៏​ត្រូវការ​ការ​សិក្សា​បន្ថែម​ទៀត​ដែរ ដើម្បី​ផលិត​ពុម្ពអក្សរ​ដែល​អាច​បង្ហាញ​បាន​ត្រឹមត្រូវ​សម្រាប់​ភាសា​ជនជាតិដើម​ភាគតិច ព្រោះ​មាន​លក្ខណៈ​មួយ​ចំនួន​ដែល​ត្រូវ​បង្ហាញ​ខុស​ពី​ភាសាខ្មែរ។

ក្រៅពី​ការ​ប្រើប្រាស់​ក្នុង​ភាសា​ជនជាតិដើម​ភាគតិច និង​ការ​សិក្សា​ស្រាវជ្រាវ​ផ្សេងៗ ពុម្ពអក្សរ​ក៏​ជួយ​យ៉ាង​ខ្លាំង​ទៅ​ដល់​អត្តសញ្ញាណ​ក្រុមហ៊ុន​ផង​ដែរ។

អក្សរ គឺជា​ឧបករណ៍​មួយ​ជា​ចម្បង សម្រាប់​ការ​នាំយក​អត្ថន័យ​របស់​សារ ទៅកាន់​អ្នក​អាន ហើយ​វា​ជា​អ្វី​ដែល​គេ​តែង​មើល​រំលង​នៅ​កម្ពុជា។

មនុស្សភាគ​ច្រើន​មើល​ឃើញ​ពណ៌​និង​រូបភាព ហើយ​ការ​ប្រើប្រាស់​ពុម្ពអក្សរ​ដែល​ត្រឹមត្រូវ​ក៏​ជា​រឿង​សំខាន់​ដែរ​ ព្រោះ​វាធ្វើ​ឱ្យ​ការ​ឌីហ្សាញ​និង​ខ្លឹមសារ មាន​លក្ខណៈ​ស្វាគមន៍​និង​សមស្រប​សម្រាប់​ទស្សនិកជន​និង​អតិថិជន ហើយ​វា​រឹតតែ​សំខាន់ នៅ​ពេល​ពុម្ពអក្សរ​នោះ​សមស្រប​ចំពោះ​អត្តសញ្ញាណ​ក្រុមហ៊ុន។ ខ្ញុំ​និយាយ​ដូច្នេះ មិនមែន​មក​ពី​ខ្ញុំ​ធ្វើការ​ក្នុង​ផ្នែក​នេះទេ ប៉ុន្តែ​សូម​អ្នក​សាក​ស្រមៃ​ថា បើ​មាន​សៀវភៅ​មួយ​ល្អ ខ្លឹមសារល្អ ប៉ុន្តែ​ពុម្ពអក្សរ​ពិបាកអាន ប្រាកដណាស់​គេ​នឹង​មើល​រំលង​សៀវភៅនោះ។

ថារម្យ៖ តើ​មាន​បញ្ហា​ប្រឈម​អ្វី​ខ្លះ​ដែល​ប្អូន​ជួប​ប្រទះ​នៅ​ក្នុង​វិស័យ​នេះ ហើយ​ដោះស្រាយ​វា​ដោយ​របៀបណា?

សុវិចិត្រ: ខាងក្រោម​នេះ​គឺជា​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ខ្ញុំ​កំពុង​ព្យាយាម​ដោះស្រាយ៖

ធនធានមនុស្ស

ការងារ​រចនា​ពុម្ពអក្សរ​នេះ ត្រូវការ​ឱ្យ​យើង​ផ្ចង់​ស្មារតី​ទៅ​លើ​គ្រប់ផ្នែក​របស់​តួអក្សរ រួមទាំង​ភាព​ចុះសម្រុង​គ្នា​របស់​តួអក្សរ​ទាំងអស់​នៅ​ក្នុង​អត្ថបទ និង​កាត់​បន្ថយ​ការ​ប៉ះគ្នា​រវាង​តួអក្សរ​ទាំងអស់​នោះ។ ខ្ញុំ​មិន​ទាន់​ឮ​អំពី​ថ្នាក់​បង្រៀន​មុទ្ទវិជ្ជា​អក្សរ​ខ្មែរ​ណាមួយ​ដែល​ពិស្ដារ​នោះទេ ទាំង​ដែល​សិស្ស​ផ្នែក​រចនា​ចេញ​មក​ត្រូវ​ធ្វើការ​ច្រើន​ជាមួយ​ភាសា​និង​អក្សរ​ខ្មែរ។

ខ្ញុំ​ដឹង​ថា​ការ​សិក្សា​រឿងទាំង​អស់​នេះ​នៅ​សាលា​គឺជា​ការ​លំបាក ហេតុដូច្នេះ​ទើប​ខ្ញុំ​និយាយ​និង​ធ្វើ​ថ្នាក់​បង្រៀន​ខ្លីៗ មួយ​ឆ្នាំ​ម្ដង​ឬ​ពីរ​ដង​នៅ​កម្ពុជា​និង​នៅ​ក្រៅ​ស្រុក។ លើសពីនេះ ខ្ញុំ​ក៏​បាន​ណែនាំ​អ្នក​ដែល​ចង់​រៀន​គូរ​ពុម្ពអក្សរ​ដែរ ឱ្យ​តែ​ពួកគេ​តាំងចិត្ត​រៀន។

Typography takes time to cultivate an eye — hundreds of hours, potentially — but also takes guidance. It is learnable, and the question is not if you can learn typography, but rather how.

TypeThursday

ការបង្រៀន​មនុស្ស

មែនទែន​ទៅ ខ្ញុំ​ជាមនុស្ស​មិន​សូវ​និយាយស្ដី​ច្រើន ប៉ុន្តែ​ខ្ញុំ​ជំនះ​នឹង​ខ្លួនឯង ដោយ​ទៅ​និយាយ​អំពី​មុទ្ទវិជ្ជា​អក្សរនិង​ការ​រចនា​ពុម្ពអក្សរ​ខ្មែរ។ ខ្ញុំ​មិន​ជឿ​ថា​បុគ្គលិកលក្ខណៈ​មួយ​នេះ អាច​រារាំង​ខ្ញុំ​មិន​ឱ្យ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចូលចិត្ត​នោះទេ។ ការ​បង្រៀន​មនុស្ស គឺ​ខ្ញុំ​ត្រូវ​បង្ហាញ​ពួកគេ​អំពី​គុណតម្លៃ​និង​សារប្រយោជន៍​របស់​ពុម្ពអក្សរ នៅ​ពេល​ប្រើ​ក្នុង​វិស័យ​ការងារ​របស់​ពួកគេ ជា​ពិសេស​គឺ ប្រធាន​ផ្នែក​ទីផ្សារ, ប្រធាន​ផ្នែក​ឌីហ្សាញ, អ្នក​ឌីហ្សាញ​ក្រាហ្វិក, អ្នក​បោះពុម្ព, សាលា​បង្រៀន​​ផ្នែក​ឌីហ្សាញ។ល។

ខ្ញុំ​បាន​ជជែក​ជាមួយ​ក្រុមហ៊ុន​ឌីហ្សាញ​និង​ម្ចាស់​ធុរកិច្ច​មួយ​ចំនួន​នៅ​ភ្នំពេញ។ ហើយ​ការ​ដែល​ខ្ញុំ​ទៅ​ជួប​ពួកគេ គឺ​មិនមែន​ដើម្បី​លក់ផលិតផល​និង​សេវាកម្ម​របស់​ខ្ញុំទេ ប៉ុន្តែ​ឱ្យ​ពួកគេ​ដឹង​ថា​ខ្ញុំ​អាច​ជួយឱ្យ​អត្តសញ្ញាណ​ក្រុមហ៊ុន​របស់​គេ​ល្អ​ប្រសើរ​ជាង​នេះ។

នាំ​យក​អក្សរ​ខ្មែរ​ទៅ​លើ​ឆាកអន្តរជាតិ

ខ្ញុំ​ធ្លាប់​ស្រមៃ​ថា​នឹង​យក​អក្សរខ្មែរ ទៅបង្ហាញ​គេ​ឯង​នៅ​លើ​ឆាក​អន្តរជាតិ។ អាច​ជា​ភ័ព្វសំណាង ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​នេះ ខ្ញុំ​បាន​ទៅ​និយាយ​អំពី​អក្សរ​ខ្មែរ​នៅ​ប្រទេសថៃ​និង​ជប៉ុន តាមរយៈ​ការ​បង្រៀន​រយៈពេលខ្លី​និង​សន្និសីទ​អន្តរជាតិ។ ខ្ញុំ​បាន​បង្កើត​ទំនាក់ទំនង​មួយ​ចំនួន និង​ផ្លាស់ប្ដូរ​គំនិត​គ្នា​ទៅវិញទៅមក​ក្នុង​នាម​ជា​អ្នក​ធ្វើការងារ​ក្នុង​វិស័យ​តែមួយ។

មាន​រឿងជាច្រើន​ទៀត ដែល​ខ្ញុំ​ត្រូវ​ធ្វើ ដូចជាការ​ផលិត​ឯកសារ​បង្រៀន និង​ការ​ស្រាវជ្រាវ​អំពី​អក្សរ​ខ្មែរ​ក្រោម​ប្រធានបទ​ផ្សេងៗ។ ការងារ​នេះ​ត្រូវការ​ភាព​អត់ធ្មត់ ភាព​ចង់ចេះ​ចង់ដឹង​ និង​ការ​រៀន​ហើយ​រៀន​ទៀត។

ថារម្យ: ប្រសិនបើ​ប្អូន​ត្រូវ​ណែនាំ​ក្មេងៗ​មួយ​ក្រុម​ដែល​ចង់​ដើរ​ផ្លូវ​នេះ​ដែរ តើ​មាន​៣ចំណុច​ណា ដែល​ប្អូន​នឹង​ប្រាប់​ទៅពួកគេ??

សុវិចិត្រ: បច្ចុប្បន្ន ខ្ញុំ​កំពុង​ណែនាំ​អ្នក​ឌីហ្សាញ​ពីរ​នាក់​អំពី​ការ​ឌីហ្សាញ​ពុម្ពអក្សរ។ អ៊ីចឹង ខ្ញុំ​មាន​បទពិសោធន៍​ខ្លះ​ដែល​អាច​ចែករំលែក​បាន។

1. រៀន​មូលដ្ឋានគ្រឹះ​នៃ​ការ​ឌីហ្សាញ​អក្សរ

ការ​ឌីហ្សាញអក្សរ គឺ ជា​ការ​ប្រិតប្រៀន​ទៅ​លើ​ខ្នាត​និង​រូបរាង​របស់​តួអក្សរ។ បើ​អ្នក​ធ្វើ​វា​ត្រូវ នោះ​ពុម្ពអក្សរ​នឹង​មាន​ថាមពល​និង​អារម្មណ៍ ពេល​គេ​យក​វា​ទៅ​ប្រើប្រាស់។ លើសពីនេះ បើ​អ្នក​យល់​អំពី​មូលដ្ឋានគ្រឹះ អ្នក​ងាយ​នឹង​បំបែកក្បួន ដើម្បី​ស្វែងរក​ភាព​ច្នៃប្រឌិត​បន្ថែម។ ខ្ញុំ​តែងប្រាប់​ខ្លួនឯង​និង​អ្នកដទៃ​ថា៖ រាល់​ការ​សម្រេចចិត្ត​នៅ​ក្នុង​ការងារ​ឌីហ្សាញ វាគួរ​តែ​មាន​ហេតុផល​ដែល​អ្នក​អាច​ពន្យល់បាន។

2. រៀនពី​គំរូ / ស្វែងរក​គំនិត

វា​ជារឿង​ធម្មតា​នៅ​ក្នុង​ឧស្សាហកម្ម​ច្នៃប្រឌិត គឺ​ថា​អ្នក​ត្រូវការ​គំនិត​ថ្មីៗជានិច្ច។ ពេលខ្លះ​វា​ចេញ​មក​ពី​ខ្លួនអ្នក ហើយ​ពេល​ខ្លះ​បាន​វា​មកពី​អ្នក​ដទៃ។ ខ្ញុំ​នឹង​ឱ្យ​ពួកគេ​មើល​ពុម្ពអក្សរដែល​មាន​ស្រាប់ ឬ​ពុម្ពអក្សរ​ចាស់ៗ រួច​ហើយ​សង្កេត​និង​វិភាគ​មើល​អំពី​ទម្រង់​និង​ខ្នាត​របស់​អក្សរ​នោះ រក​មើល​វិធី​ធ្វើ​ឱ្យ​បាន​ល្អ​ជាង​នេះ ឬ​ធ្វើ​ថ្មី​ដោយ​ផ្អែក​លើ​គំរូ​ទាំងនោះ។

3. រៀនហើយ​រៀន​ទៀត កុំឈប់រៀន

នៅ​ពេល​ខ្លះ ខ្ញុំ​មិន​ឃើញ​ថា​ខ្លួនឯង​កំពុង​ធ្វើ​ពុម្ពអក្សរ​ទេ បើទោះបី​ខ្ញុំ​បាន​ធ្វើ​វា​អស់រយៈពេល​ជាង៨ឆ្នាំ​មក​ហើយ​ក្ដី ពីព្រោះ​ខ្ញុំ​មានអារម្មណ៍​ថា​ខ្ញុំ​ដូច​ជា​កូនសិស្ស​កំពុង​រៀន​អំពី​ជំនាញនេះ​ទៅវិញ។ ព្រោះថា មាន​ស្ថានភាព​និង​បញ្ហា​ថ្មីៗ​កើត​មាន​ឡើង​ជានិច្ច ហើយ​វា​តម្រូវ​ឱ្យ​អ្នក​ឌីហ្សាញ​អក្សរ​ចេះ​ស្វែងរក​ដំណោះស្រាយ​តាម​វិធីសាស្ត្រ​ផ្សេងៗ ដើម្បី​អាច​ចេញផ្សាយ​និងរក្សា​គុណភាព​របស់​ពុម្ពអក្សរ​នោះបាន។

Typefaces are never really done, they’re just released

David Berlow

ក្រៅពី​រៀន​អំពី​អក្សរ​ខ្មែរ​សម័យ​ទំនើបនេះ ខ្ញុំ​ក៏​រៀន​អំពី​អក្សរ​ខ្មែរ​បុរាណ​ដែល​មាន​តាំង​ពី​សតវត្ស​ទី៦ ដើម្បី​យល់​ដឹង​អំពី​ការ​វិវត្ត​របស់​តួអក្សរ​នីមួយៗ ហើយ​ថា​តើ​វា​ពាក់ព័ន្ធ​នឹង​អក្សរ​បច្ចុប្បន្ន​ដោយ​របៀប​ណា។ ប្រវត្តិសាស្ត្រ គឺជាមូលដ្ឋានគ្រឹះ​ដ៏​សំខាន់​មួយ​ដែរ។ ខ្ញុំ​លើកទឹកចិត្ត​ពួកគេ​ឱ្យ​រៀន​និង​សួរ​សំណួរ​ឱ្យ​បាន​ច្រើន។

ថារម្យ៖ តើឪពុកម្ដាយ​របស់​ប្អូន យល់យ៉ាងណាដែរ?

សុវិចិត្រ៖ គាត់​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ។ ពួកគាត់​ឱ្យ​កូនៗ​ជ្រើសរើស​ផ្លូវ​ដែលត្រូវ​ដើរ​ដោយ​ខ្លួនឯង ដរាបណា​វា​មិន​បង្ក​បញ្ហា​ដល់​គ្រួសារ​និង​សង្គមជាតិ។ ខ្ញុំ​សំណាង​ណាស់​ដែល​កើត​ជា​កូន​គាត់។ ?

ថារម្យ៖ បន្ត​ទៅ​មុខ​ទៀត ក្នុង​នាម​ប្អូន​ជា​អ្នក​ឌីហ្សាញ​ពុម្ពអក្សរ​ខ្មែរ តើ​ប្អូន​មើល​ឃើញ​លទ្ធភាព​បែប​ណា​ដើម្បី​ធ្វើ​ឱ្យ​ការងារ​នេះ​កាន់តែ​ល្អ​សម្រាប់​កម្ពុជា និង​ពិភពលោក?

សុវិចិត្រ៖

ខ្ញុំ​មិន​ចង់​ល្បីល្បាញ ឬ​ មិនចង់​ធ្វើការងារ​ទាំងអស់​នេះ​តែម្នាក់ឯង​នោះទេ។ ខ្ញុំ​ចាត់ទុក​ខ្លួនឯង​ជា មធ្យោបាយ​មួយ​ដែល​អាច​នាំ​យក​អក្សរ​ខ្មែរ​ទៅ​មួយ​កម្រិត​ទៀត ក្នុង​ស្រុក​និង​ក្រៅស្រុក។

ប៉ុន្តែ​នៅ​ខណៈ​នេះ ខ្ញុំ​ក៏​ត្រូវ​ជួយ​អ្នក​ឌីហ្សាញ​ផ្សេងៗ​ទៀត​ដែរ ដើម្បី​ឱ្យ​ពួកគេ​អាច​បន្ត​កិច្ចការ​នេះ​បាន រួច​ទើប​ខ្ញុំ​អាច​ធ្វើកិច្ចការ​ដ៏​ធំមួយ​បានគឺ៖ បង្រៀន​និង​បង្កើត​ធនធាន​មេរៀន​អំពី​ពុម្ពអក្សរខ្មែរ។

ខ្ញុំ​មិន​បន្ទោស​អ្នក​ណា​នោះទេ ចំពោះ​ការ​ដើរ​យឺត​របស់​ពុម្ពអក្សរ​ខ្មែរ និងការ​មើល​រំលង​ការងារ​នេះ ពី​មនុស្ស​ជាច្រើន។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ គឺ​ធ្វើយ៉ាង​ណា​ឱ្យ​គេ​ចាប់ផ្ដើម​ផ្ដល់​តម្លៃ​លើ​ការងារ​នេះ និង​រក​វិធីសាស្ត្រ​ស្ថាបនា​និង​ទំនុក​បម្រុង​សម្រាប់​ជំនាន់​ក្រោយ។

ខ្ញុំ​ចង់​ចែករំលែក​អ្វី​ដែល​ខ្ញុំ​បាន​រៀន ទៅ​កាន់​អ្នក​ដែល​ចង់​ដឹង។ ខ្ញុំ​អាច​និយាយ​បាន​ពេញ​មួយ​ថ្ងៃ​អំពី​ការងារ​ឌីហ្សាញ​ពុម្ពអក្សរ​នេះ!

អរគុណ​ច្រើន បងថារម្យ ចំពោះ​បទសម្ភាស​នេះ។ វា​គឺ​ជា​ឱកាស​មួយ​ដ៏​ល្អ​ឱ្យ​ខ្ញុំ​អាច​ចែករំលែក​អំពី​សារប្រយោជន៍​របស់​ពុម្ពអក្សរ និង​គុណ​តម្លៃ​នៃ​ពុម្ពអក្សរ​ខ្មែរ​សម្រាប់​វិស័យ​ឌីហ្សាញ​នៅ​កម្ពុជា។ ខ្ញុំ​ក៏​ចង់​ថ្លែង​អំណរគុណ​ដល់​អ្នក​ដែល​តែងតែ​ជួយ​ជ្រោមជ្រោង​ខ្ញុំ​ មានដូចជា Javier Sola, Open Institute, Xavier Dupré, Bet Mitchel, Danh Hong, Anuthin Wongsunkakor, និង​ញាតិមិត្ត​ជាច្រើនអ្នក​ផ្សេង​ទៀត ដែល​តែង​គាំទ្រ​ខ្ញុំ​ក្នុង​ដំណើរ​មួយ​នេះ។ អរគុណច្រើន!


Comments

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.