ផ្សាយឡើងវិញ៖ តើ​អ្វីទៅ​ជា​អត្តសញ្ញាណ​នៃ​ការ​ឌីហ្សាញ​របស់​ខ្មែរ?

ថ្វីបើ​ខ្ញុំ​ដើរ​បាន​តិច​ប្រទេស តែម​កជប៉ុន​លើក​ដំបូង​នេះ បានឃើញ ស្ដាប់ មើល គិត ពី​បទ​បង្ហាញ​ផ្សេងៗនៅ​ទីនេះ​និង​ពី​សិក្ខាសាលា​ផ្សេងៗ និង​ការសង្កេត ហើយ​ខ្ញុំ​សួរ​ខ្លួនឯង​បន្ថែម​ទៀត​… ដូចដែល​ខ្ញុំ​ធ្វើ​ពី​ពេល​កន្លងមក។

តើ​អ្វីទៅ​ជា​អត្តសញ្ញាណ​នៃ​ការ​ឌីហ្សា​ញរ​បស់​ខ្មែរ ក្នុង​សម័យនេះ?

ការ​ឌីហ្សាញ​ទីនេះ មិន​សំដៅ​តែ​លើ​ការប្រើ​ប្រាស់​កម្មវិធី​កុំព្យូទ័រ​ដើម្បី​ធ្វើតាម​ការ​ចង់បាន​ណាមួយ​នោះ​ទេ ប៉ុន្តែ​ជា​ទ្រឹស្ដី ជា​មូលដ្ឋាន ជា​លក្ខណៈ​សំគាល់ ដែលគេ​ឃើញ គេ​ដឹង​ថា​របស់​នេះ របស់​នោះ ជា​របស់​ខ្មែរ ដោយ​មិន​ចាំបាច់​ទាល់តែ​អាច​អាន​អក្សរ ឬមើល​ជិត។

នៅ​ជប៉ុន សំណង់ ខិត​ប័ណ្ណ ផ្ទាំង​បដា ការរៀបចំ ការ​តាំង​បង្ហាញ​ផលិតផល​ភាគច្រើន មធ្យោបាយ​ធ្វើដំណើរ ពណ៌​ដែលគេ​ប្រើប្រាស់ ការ​ស្លៀកពាក់ ការប្រើ​ប្រាស់​អក្សរ គំនូរ ផ្លាក​សញ្ញា​ផ្សេងៗ… មាន​លក្ខណៈ​សម្គាល់ ដែល​យើង​ឃើញ​ម្ដង​ហើយ យើង​ដក់ជាប់​ក្នុង​អារម្មណ៍​ថា​នោះ​ជា​បែប​ជប៉ុន។

តើ​យើង​ខ្វះ​អ្វី? គឺ​យើង​ខ្វះ ការ​ចាប់ផ្ដើម ភាព​ក្លាហាន ការ​មើល​ស៊ីជម្រៅ​… ដែល​សំខាន់​ជាងគេ​នោះ​គឺ​ការស្រាវជ្រាវ។ យើង​ត្រូវការ​ទាំង​អ្នកធ្វើការ​ស៊ី​ជំរៅ​ក្នុង​វិ​ស័យ​ឌីហ្សាញ និង​អ្នកស្រាវជ្រាវ​ដែល​ជាខ្មែរ​ខ្លួនឯង។

តើ​យើង​ធ្លាប់​មាន​ស្ទូ​ឌី​យ៉ូ​ឌីហ្សាញ​ណាមួយ​ដែល​ល្បីល្បាញ​និង​ដំបូង​គេ​ទេ? ដែល​យើង​ចាត់​ទុ​កជាស្ទូ​ឌី​យ៉ូ ដែល​នាំមក​នូវ​អត្តសញ្ញាណ​សម្រាប់​ការ​ឌីហ្សា​ញក្នុង​វិស័យ​ណាមួយ​សម្រាប់​ខ្មែរ?

យើង​ប្រហែលជា​ប្រហែស​បន្តិច​ហើយ​ត្រង់​រឿង​ឌីហ្សាញ ត្រង់ថា​ការ​ឌីហ្សាញ​គ្រាន់តែ​ជា​ការ​ដាក់ឲ្យ​តែ​បាន​ជា​រូប ជា​រឿង​ងាយស្រួល? ដោយ​យើង​មិនបាន​គិតថា ការ​ឌីហ្សាញ​មិនមែន​ដើម្បីឲ្យ​តែ​បាន​ជា​រូប​ទេ ប៉ុន្តែ​ជា​ការ​ឲ្យ​អ្នកមើល​អាច​ចងចាំ យល់ ឃើញ​ពី​គុណ​តម្លៃ និង​ទទួល​បាន​ភាព​ងាយស្រួល ពេល​គេ​អាន ឃើញ និង​ប្រើប្រាស់។ វា​ត្រូវការ​ការស្រាវជ្រាវ ការសាកល្បង​ពិសោធន៍ ម្ដង​ហើយ​ម្ដងទៀត និង​ប្រើ​ភាព​ច្នៃប្រឌិត ហើយមានហេតុ​ផល។

ឧទាហរណ៍​មួយ​ក្នុង​ជំនាញ​របស់ខ្ញុំ ខ្ញុំ​ឃើញ​នៅ​បាត់ដំបង មាន​អក្សរ​លើ​ផ្លាក​យីហោ ដែល​មិន​មាននៅ​ខេត្ត​ណា​ផ្សេង។ អក្សរ​ប្រភេទ​នោះ រចនា​ដោយ​ជាង​នៅហាង​គំនូរ គ្រុឌ​មាស ជា​កន្លែង​ធ្វើ​ផ្លាក​យីហោ។ នោះ​ជា​អត្តសញ្ញាណ​ប្រចាំ​ខេត្តបាត់ដំបង ពេល​ដែល​ឃើញ​ភ្លាម ខ្ញុំ​អាច​ដឹង​ថា​របស់​នេះ ផ្លាក​នេះ មក​ពី​ខេត្តបាត់ដំបង។ មិនខុស​អី​ពី​ការណ៍​ដែល​ម្ហូប​ខ្លះ​គឺ​ជា​ម្ហូប​តំណាង​ខេត្ត ពេល​ដែល​យើង​ឮឈ្មោះ យើង​ដឹង​ថា​ម្ហូបនោះ​មក​ពី​ខេត្ត​ណា តំបន់ណា។

នៅ​ប្រទេស​ជុំវិញ​យើង គេ​មាន​ក្រុម​និង​មជ្ឈមណ្ឌល ដែល​ផ្ដោត​សំខាន់​លើ​ការ​បំផុស​ស្មារតី​ពង្រឹង​ផ្នែក​ច្នៃប្រឌិត​និង​ឌីហ្សាញ។ ថ្មីៗ​នេះ​នៅ​ប្រទេស​ឡាវ ក្រុមហ៊ុន BlueGrass (ដែល​ជា​ក្រុមហ៊ុន​ធំមួយ​នៅ​រដ្ឋធានីវៀងច័ន្ទន៍ និង​គ្រប់គ្រង​លើ​ប្រព័ន្ធផ្សព្វផ្សាយ​ពាណិជ្ជកម្មភាគ​ច្រើន​នៅ​ក្នុង​ប្រទេសឡាវ) បាន​ចាប់ផ្ដើម​សហគមន៍ ​DesignLao ដោយ​មាន​ផលិត​ជា​វីដេអូ​ពន្យល់​អំពី​អាជីព​ជា​អ្នក​ឌីហ្សាញ​ក្នុង​ផ្នែក​សំលៀកបំពាក់ ក្រាហ្វិក បច្ចេកវិទ្យាព័ត៌មាន ស្បែកជើង ផ្កាតែងលម្អ ពុម្ពអក្សរ។ល។

រីឯនៅ​ប្រទេសថៃ​វិញ​មាន Thailand Creative & Design Center (ศูนย์สร้างสรรค์งานออกแบบ / TCDC) ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ២០០៤ មកម៉្លេះ ហើយ​នៅ​ទីតាំង​នៃ​មជ្ឈមណ្ឌល​នោះ គេស្គាល់​ថា​ជា​សង្កាត់​ច្នៃប្រឌិត (Creative District) ដែល​មាន​វិចិត្រសាល សារមន្ទីរ និង​ទីធ្លា​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត TCDC ក៏​មាន​សាខា​នៅ​ខេត្ត​ផ្សេងៗ​ដូចជា ខេត្តឆៀងម៉ៃ ខេត្តខនកែន និង​មាន​បណ្ដាញ miniTCDC នៅ​តាម​បណ្ដា​សាកលវិទ្យាល័យ​ផ្សេងៗ​ក្នុង​ប្រទេសថៃ។

សូម​អធ្យាស្រ័យ​ផង​ដែល​សំណេរ​មួយ​នេះ ខ្ញុំ​និយាយ​យ៉ាង​ទូលាយ ដោយ​មិន​ផ្ដោត​លើ​បញ្ហា​ឱ្យ​ចំ ហើយ​ក៏​មិន​ផ្ដោត​លើ​ការ​ផ្ដល់​ចម្លើយ​ណាមួយ​នោះ​ដែរ។ ខ្ញុំ​គ្រាន់តែ​ចង់​ឱ្យ​សំណួរ និង​បង្ហាញ​អំពី​ស្ថានភាព​របស់​ប្រទេស​យើង និង​វិវត្តន៍​នៃ​ជាតិសាសន៍​ដទៃ អំពី​ការ​យកចិត្តទុកដាក់​របស់​គេ។

សព្វថ្ងៃ​នេះ​យើង​មាន​អ្នក​ពូកែ​ច្រើន ប៉ុន្តែ​យើង​ខ្វះការ​ជួបជុំ​គ្នា​ជជែក​អំពី​បញ្ហា​និង​ដំណោះស្រាយ ហើយ​ប្រាប់​រឿងរ៉ាវ​របស់​ពួក​យើង​ដែល​ជា​អ្នក​ធ្វើការ​ក្នុង​វិស័យ​ឌីហ្សាញ​និង​ច្នៃប្រឌិត ឱ្យ​មនុស្ស​ទូទៅ​បាន​ដឹង​អំពី​គុណតម្លៃ​របស់​យើង។ ខ្ញុំ​សង្ឃឹម​ថា​សំណេរ​មួយ​នេះ អាច​នឹង​នាំ​ឱ្យ​មាន​ការ​ចាប់ផ្ដើម​ណាមួយ​នៅ​ថ្ងៃអនាគត ហើយ​ខ្ញុំ​ពេញចិត្ត​នឹង​ចូលរួម​ជានិច្ច។​

សរសេរនៅ​តូក្យូ ប្រទេសជប៉ុន ម៉ោង១៧:៤០ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩

កែសម្រួល​នៅ​ទីក្រុង​បាងកក ប្រទេសថៃ ម៉ោង២៤:៥៥ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩


Comments

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.