គុណតម្លៃការងារ

នៅពេលខ្ញុំចាប់ផ្ដើមឈានជើងចូលក្នុងពិភពការងារ និងការរកស៊ីដំបូងៗ ខ្ញុំធ្លាប់គិតថាថា “ការងារទទួលមួយជោគជ័យ” នៅពេលខ្ញុំធ្វើឱ្យរួចទាន់ពេល ទទួលបានកម្រៃល្អ និងមានអ្នកពោលសរសើរគាំទ្រ។ ប៉ុន្តែក្រោយពីបានឆ្លងកាត់ការអនុវត្តផ្ទាល់ ខ្ញុំក៏ដឹងថា ការគិតត្រឹមប៉ុណ្ណឹង គឺនៅខ្វះធាតុផ្សំជាច្រើនទៀតដែលរួមបង្កើតបានជា “ការងារដែលមានតម្លៃ”។

នៅពេលអ្នកបណ្ដោយឱ្យចិត្តរំពឹងលើការគាំទ្រពីមជ្ឈដ្ឋានខាងក្រៅខ្លាំងពេក អ្នកអាចនឹងឈានទៅរកការ “បង្ខំធ្វើដើម្បីតម្រូវចិត្តគេ” រហូត​ដល់​ថ្នាក់​ថា បើ​អត់​មានអ្នក​គាំទ្រ អ្នក​មិន​អាចបន្ត​ធ្វើកិច្ចការ​នោះ​បានទៀតឡើយ។

១. ភាពខុសគ្នារវាង «តម្លៃ» និង «គុណតម្លៃ»

ពាក្យថា «តម្លៃ» (Price) និង «គុណតម្លៃ» (Value) ច្រើនតែត្រូវបានគេប្រើប្រាស់ច្រឡំគ្នា ឬហៅកាត់ៗ។ ការណ៍នេះនាំឱ្យយើងផ្ដោតខ្លាំងតែលើ “ថ្លៃថ្នូរ” ជាប្រាក់កាស ឬតួលេខ។

សម្រាប់ខ្ញុំ ការងារមិនមែនសំដៅតែលើការរកស៊ី ឬការងារក្រុមហ៊ុនឡើយ។ គ្រប់កិច្ចការក្នុងគ្រប់វិស័យ សុទ្ធតែមានគុណតម្លៃរៀងៗខ្លួន អាស្រ័យទៅតាមស្ថានភាពសង្គម។ ការងារខ្លះដែលមានមនុស្សរោមគាំទ្រ ឬលើកតម្កើងផុសផុល មិនប្រាកដថាជានិរន្តរភាពនោះទេ ប្រសិនបើវាមិនមាន “មូលហេតុ” រឹងមាំដែលធ្វើឱ្យមនុស្សចង់រក្សាការគាំទ្រនោះយូរអង្វែង។ ផ្ទុយទៅវិញ ការងារខ្លះដែលហាក់ស្ងប់ស្ងាត់ មិនសូវលឺគេនិយាយ ក៏មិនអាចសន្មតិថាគ្មានតម្លៃនោះដែរ!

២. កុំឱ្យ «សំឡេងខាងក្រៅ» ក្លាយជាកត្តាបង្ខំខ្លួនឯង

កំហុសឆ្គងមួយដែលយើងតែងជួបប្រទះ គឺការយក “ចំណាប់អារម្មណ៍ពីមជ្ឈដ្ឋានខាងក្រៅ” មកធ្វើជាខ្នាតវាស់ស្ទង់ភាពជោគជ័យ។ នៅពេលអ្នកបណ្ដោយឱ្យចិត្តរំពឹងលើការគាំទ្រពីមជ្ឈដ្ឋានខាងក្រៅខ្លាំងពេក អ្នកអាចនឹងឈានទៅរកការ “បង្ខំធ្វើដើម្បីតម្រូវចិត្តគេ” រហូត​ដល់​ថ្នាក់​ថា បើ​អត់​មានអ្នក​គាំទ្រ អ្នក​មិន​អាចបន្ត​ធ្វើកិច្ចការ​នោះ​បានទៀតឡើយ។

ការធ្វើបែបនេះ មិនអាចផ្តល់នូវភាពស្ថិតស្ថេរបានទេ ព្រោះថាអ្វីៗនឹងប្រែជាខកបំណងខ្លាំង នៅពេលមិនទទួលបានលទ្ធផល ដូចការរំពឹងទុក។ ទោះជាអាជីវកម្មត្រូវការការគាំទ្រដើម្បីប្រាក់ចំណូល ប៉ុន្តែយើងមិនអាចផ្លាស់ប្តូរគ្រប់យ៉ាងតម្រូវចិត្តអ្នកដទៃរហូតបាត់បង់អត្តសញ្ញាណខ្លួនឯងនោះទេ។ នេះហើយជាមូលហេតុដែលយើងត្រូវមាន ទស្សនវិស័យ (Vision), បេសកកម្ម (Mission), និង គោលដៅ (Goal) ដែលច្បាស់លាស់។ ធាតុទាំងបីនេះហើយ ជាអ្នកទាក់ទាញមនុស្សដែល “ត្រូវគ្នា” ឱ្យមកគាំទ្រយើងដោយឯកឯង។

៣. ធម្មជាតិនៃការចាប់អារម្មណ៍ និងការធ្លាក់ចុះ

ជាធម្មជាតិរបស់មនុស្ស អ្វីដែល “ថ្មី” តែងតែទាក់ទាញភ្នែកនិងអារម្មណ៍ចង់ដឹងមួយគ្រា។ នៅពេលយើងចេញផ្សាយអ្វីមួយដំបូង តួលេខនៃអ្នកចាប់អារម្មណ៍អាចនឹងហក់ឡើងខ្ពស់ ប៉ុន្តែវានឹងថយចុះម្ដងបន្តិចៗទៅតាមពេលវេលា។ ការថយចុះនេះអាចបកស្រាយបានពីរយ៉ាង៖

  • ទីមួយ៖ យើងមិនបានបន្ថែមអ្វីដែលថ្មីជាបន្តបន្ទាប់ រហូតទៅជាបាត់បង់អ្នកគាំទ្រ។
  • ទីពីរ៖ វាជាដំណើរការការចម្រាញ់ ដើម្បីស្វែងរក “ក្រុមអ្នកគាំទ្រពិតប្រាកដ” (Core Audience) ដែលផ្តល់តម្លៃដល់កិច្ចការរបស់យើងពិតមែន។

៤. គុណភាពលើសពីបរិមាណ

អ្នកបង្កើតស្នាដៃ មិនគួរដាក់សម្ពាធលើខ្លួនឯងខ្លាំងពេកទៅលើ “ចំនួន” អ្នកចូលមកគាំទ្រ អ្នក Like & Share ឬ ចំនួនអ្នកសរសើរឡើយ។ ត្រូវយល់ថា ការដែលមនុស្សម្នាក់សម្រេចចិត្តគាំទ្រយើង គឺគេត្រូវចំណាយទាំងពេលវេលា ថវិកា និងកម្លាំងកាយចិត្ត។ ហើយអ្នកដែលគាំទ្រយើង គឺដោយសារតែយើងមានអ្វីម្យ៉ាងដែលត្រូវគ្នានឹងគុណតម្លៃរបស់គេដែរ។

ប្រសិនបើយើងនៅបន្តរក្សា “ស្នូលនៃគុណតម្លៃ” និងភាពជឿជាក់នៃកិច្ចការនោះ ឱ្យគេមើលឃើញពីសារប្រយោជន៍ចំពោះគេ និងសង្គម នោះការគាំទ្រនឹងនៅតែបន្តមាន ទោះក្នុងទំហំណាក៏ដោយ។

ហេតុដូច្នេះហើយ ការរក្សានិរន្តរភាពនៃគុណតម្លៃ នឹងជួយឱ្យយើងស្គាល់ថា ការងាររបស់យើងត្រូវជាមួយនឹងមនុស្សប្រភេទណា ហើយវាអាចជះឥទ្ធិពលវិជ្ជមានដល់សង្គមបានកម្រិតណា។ មិនមែនគ្រប់គ្នាជុំវិញខ្លួនត្រូវតែគាំទ្រយើងទេ ប៉ុន្តែការធ្វើកិច្ចការដោយមានមនសិការ និងគុណតម្លៃពិតប្រាកដ នឹងបន្សល់ទុកនូវផ្លែផ្កាដែលស្ថិតស្ថេរយូរអង្វែង។


រូបថត៖ ក្មេងស្រីចែវទូក នៅសហគមន៍ទេសចរណ៍ មេជ្រៃ ខេត្តសៀមរាប ឆ្នាំ 2025


Comments

One response to “គុណតម្លៃការងារ”

  1. អរគុណសម្រាប់អត្ថបទដ៏ល្អនេះ។ ខ្ញុំចាប់អារម្មណ៍ណាស់ចំពោះគំនិតអំពីភាពខុសគ្នារវាងតម្លៃនិងគុណតម្លៃ។ ការធ្វើការងារដោយមានទស្សនវិស័យច្បាស់លាស់ និងរក្សាគុណតម្លៃស្នូលគឺពិតជាសំខាន់ណាស់។ ចំណុចដែលថាយើងមិនគួរបណ្តោយឱ្យសំឡេងខាងក្រៅក្លាយជាកត្តាបង្ខំខ្លួនឯងនោះ ជាមេរៀនដ៏មានតម្លៃមួយ។

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.