ខ្ញុំមិននឹកស្មានថាពុម្ពអក្សរ Kantumruy Pro ដែលខ្ញុំបានធ្វើឡើងវិញកាលពីឆ្នាំ 2022 (ក្រោមការឧបត្ថម្ភពី Google Fonts) ត្រូវបានគេយកទៅប្រើប្រាស់យ៉ាងទូលំទូលាយសឹងតែគ្រប់ទីកន្លែង។ មិនថានៅក្នុងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ឬនៅលើបណ្តាញសង្គមនានា ទោះបីអ្នកខ្លះមិនស្គាល់ថាអ្នកណាជាអ្នកបង្កើតក៏ដោយ ប៉ុន្តែ Kantumruy Pro បានក្លាយជាជម្រើសដំបូងៗដែលគ្រប់គ្នានឹកឃើញនៅពេលរៀបចំការឌីហ្សាញអ្វីមួយ។
ទោះជាយ៉ាងណា ក្នុងនាមជាអ្នករចនាពុម្ពអក្សរនេះផ្ទាល់ ខ្ញុំចង់ចែករំលែកចំណុចបច្ចេកទេសមួយចំនួន ដើម្បីឱ្យការប្រើប្រាស់កាន់តែមានប្រសិទ្ធភាព។
ហេតុអ្វីមិនគួរប្រើ Kantumruy Pro គ្រប់កន្លែង?
តាមពិតទៅ Kantumruy Pro ត្រូវបានរចនាឡើងក្នុងលក្ខណៈជា Display Font (ឬអក្សរធំ) ដែលស័ក្តិសមបំផុតសម្រាប់ការប្រើប្រាស់លើផ្ទាំងបដា ចំណងជើងធំៗ ឬឃ្លាខ្លីៗ ដោយផ្ដោតសំខាន់លើលក្ខណៈសាមញ្ញនិងងាយអាន។
ប្រសិនបើអ្នកយកវាទៅប្រើជាអក្សរសម្រាប់អានអត្ថបទវែងៗ ឬប្រើក្នុង UI (User Interface) វានឹងបង្កការលំបាកដល់អ្នកអាន ដោយសារ៖
- កម្ពស់តួអក្សរខ្ពស់ពេក និងមានរាងស្លីមបន្តិច
- មានកួចតូច និងសក់ខ្លីៗ ដែលធ្វើឱ្យពិបាកញែកតួអក្សរពេលវានៅទំហំតូច
- នៅទំហំចន្លោះពី 10px ទៅ 14px អក្សរនេះនឹងចាប់ផ្តើមមើលមិនច្បាស់ និងធ្វើឱ្យភ្នែកឆាប់ហត់។

ដើម្បីដោះស្រាយបញ្ហានេះ ខ្ញុំចង់ណែនាំពុម្ពអក្សរ ៣ ផ្សេងទៀតដែលខ្ញុំបានចូលរួមរចនាសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលមានលក្ខណៈល្អប្រសើរសម្រាប់ “ការអាន” និង “UI”៖
1. Google Sans Khmer

នេះជាគម្រោងដែលខ្ញុំបានធ្វើតាំងពីឆ្នាំ 2020 ហើយទើបតែត្រូវបាន Google ដាក់ឱ្យប្រើប្រាស់ជាសាធារណៈនៅចុងឆ្នាំ 2025 នេះ។ ពុម្ពអក្សរនេះ មានលក្ខណៈទំនើបនិងសាមញ្ញបំផុត ដើម្បីឆ្លើយតបទៅនឹងលក្ខណៈដើមរបស់ពុម្ពអក្សរ Google Sans ដែលជាទម្រង់ធរណីមាត្រ។ Google បានប្រើពុម្ពអក្សរនេះនៅក្នុងផលិតផលនានារបស់ខ្លួនរួចខ្លះមកហើយ។
- អ្នកឌីហ្សាញ៖ ទេព សុវិចិត្រ, ហាក់ ឡងឌី / 2020
- អតិថិជន៖ Google
- ព័ត៌មានបន្ថែម៖ Anagata – Google Sans
- ទាញយក៖ Google Fonts
2. MiSans Khmer

ពុម្ពអក្សរដែលខ្ញុំបានរចនាឱ្យក្រុមហ៊ុន Xiaomi ក្នុងឆ្នាំ 2023។ វាមានលក្ខណៈស្អាត បែបសាមញ្ញ និងត្រូវបានសម្រួលឱ្យមើលទៅមានភាពរលូននៅលើអេក្រង់ស្មាតហ្វូន។ ពុម្ពអក្សរនេះ ត្រូវបានសម្រិតសម្រាំងយ៉ាងណា សម្រាប់អ្នកប្រើប្រាស់គ្រប់វ័យនៅកម្ពុជា។
- អ្នកឌីហ្សាញ៖ ទេព សុវិចិត្រ / 2023
- អតិថិជន៖ Xiaomi
- ព័ត៌មានបន្ថែម៖ Anagata – MiSans Khmer
- ទាញយក៖ MiSans Global
3. Inter Khmer

នេះជាពុម្ពអក្សរដែលផ្ដួចផ្ដើមដោយក្រុមហ៊ុន Grab សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីទូរសព្ទរបស់ពួកគេ។ វាផ្តោតសំខាន់បំផុតលើភាពច្បាស់ ពោលគឺធ្វើយ៉ាងណាឱ្យអ្នកប្រើប្រាស់មើលឃើញច្បាស់ និងរហ័ស ទោះបីស្ថិតក្នុងទំហំតូចក៏ដោយ។ ពុម្ពអក្សរនេះមានពីរសណ្ឋានគឺ Looped (មានកួច) និង Loopless (គ្មានកួច)។ នៅក្នុងប្លក់មួយនេះ ខ្ញុំប្រើ Loopless ជាចំណងជើង និង Looped ជាអក្សរអាន ដូចដែលអ្នកកំពុងអានស្រាប់។
- អ្នកឌីហ្សាញ៖ ទេព សុវិចិត្រ, ហាក់ ឡងឌី / 2021
- អតិថិជន៖ Grab
- ព័ត៌មានបន្ថែម៖ Why we redesigned a typeface for Thai and Cambodian scripts
- ទាញយក៖ Grab’s GitHub
ខ្ញុំបានកែសម្រួលបញ្ហាបច្ចេកទេសខ្លះនៅក្នុងកំណែមួយទៀត ដែលអាចរកនៅក្នុង GitHub ផ្ទាល់ខ្លួនរបស់ខ្ញុំ (កំណែ v1.001)។ ខ្ញុំរំពឹងថាកំណែថ្មីនេះ នឹងត្រូវបញ្ចូលទៅក្នុង repository របស់ Grab នៅពេលខាងមុខ។
ខ្ញុំជឿថា ពេលមានពុម្ពអក្សរដែលមិនអស់ប្រើ អ្នកប្រើមុខតែសប្បាយចិត្ត… ប៉ុន្តែពុម្ពអក្សរទាំងនោះនឹងត្រូវគេយកទៅប្រើច្រើនទៅៗ ដែលក្រោយមកទៀតនឹងធ្វើឱ្យការឌីហ្សាញដូចគ្នាកាន់តែច្រើនឡើងៗ។ ហេតុដូច្នេះ មិត្តអ្នកអានអាចមើលពុម្ពអក្សរផ្សេងទៀតរបស់ខ្ញុំ ដែលដាក់លក់នៅលើ Anagata Type៖
4. Krasar (ក្រសារ) — សម្រាប់ការអាន
Krasar គឺជាពុម្ពអក្សរដែលខ្ញុំបានធ្វើឡើងកាលពីចុងឆ្នាំ 2018 ផ្ដោតសំខាន់បំផុតលើការអាន ដោយសម្រួលផ្នែកខ្លះឱ្យមានបែបសម័យ ប៉ុន្តែរក្សាទុកលក្ខណៈមួយចំនួនដើម្បីឱ្យការអានបានរលូន។ វាជាជម្រើសដ៏ល្អបំផុតសម្រាប់សៀវភៅ ទស្សនាវដ្តី ឬប្លក់ដែលមានខ្លឹមសារច្រើន។
5. Niradei (និរតី) — សាមញ្ញនិងទំនើប
Niradei ត្រូវបានរចនាឡើងជាបែប Modern Minimalist ពោលគឺកាត់បន្ថយភាពស្មុគស្មាញនៃទម្រង់អក្សរមកនៅត្រឹមភាពសាមញ្ញ ប៉ុន្តែទាក់ទាញ។ ពុម្ពអក្សរនេះ ខ្ញុំព្យាយាមរំលេចនូវលទ្ធភាពថ្មីក្នុងការរចនាអក្សរខ្មែរ ឱ្យសមទៅនឹងទំនោរថ្មីៗក្នុងសម័យថ្មីនេះ ដើម្បីបង្កើនប្រណីតភាពនៅក្នុងការងាររចនាផ្សេងៗ។
សង្ឃឹមថា អត្ថបទនេះនឹងជួយឱ្យអ្នករចនា ក៏ដូចជាអ្នកប្រើប្រាស់ទូទៅ មានជម្រើសកាន់តែច្រើនក្នុងការប្រើប្រាស់ពុម្ពអក្សរឱ្យត្រូវតាមគោលបំណង និងជួយឱ្យការអានអក្សរខ្មែរលើឌីជីថលកាន់តែប្រសើរឡើង។

Leave a Reply